ភ្នំពេញ ៖ ក្រុមហ៊ុនគ្រួសារកក់ក្តៅ នាពេលថ្មីៗនេះ បានរៀបចំសិក្ខាសាលាមួយក្នុងគោលបំណង បណ្តុះបណ្តាល និងចែករំលែកបទពិសោធ៍ដល់ស្ត្រីពីវិធីសាស្ត្រក្លាយជាអ្នកដឹកនាំ និងយុទ្ធសាស្ត្រនៃការលក់ ដោយមានស្ត្រីប្រមាណ ៣០០ នាក់ បានចូលរួម។
លោកស្រី ភ លីហ្សា ជា Super Dealer របស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ មានប្រសាសន៍ថា “គោលបំណងសិក្ខាសាលាដើម្បីបង្កើនភាពស្និតស្នាល និងរឹតចំណងមិត្តភាព ក្រុមបង្កើនការលក់ ក៏ដូចជាចង់ជួយឲ្យខ្មែរ ស្គាល់ពីផ្លូវទៅរកភាពមានបាន ក៏ដូចជាចង់ពួកគាត់ក្លាយខ្លួន ជាស្រ្តីដែលមានភាព ជាអ្នកដឹកនាំ ទោះបីជាពួកគាត់ មិនមានចំណេះដឹង ជ្រៅជ្រះ ឬរូបរាងមិនស្អាត និងមិនមានបទពិសោធន៍ក៏ដោយ ហើយជាពិសេស ក៏ចង់បង្ហាញថាក្រុមហ៊ុន គ្រួសារកក់ក្តៅ គឺពិតជាទីកន្លែងដែលស្ត្រីខ្មែរ អាចរកលុយទៅទីនេះ បានដោយមិនចេះរីងស្ងួត”។
លោកស្រីបន្ដថា សិក្ខាសាលានេះ បានចែករំលែកបទពិសោធន៍ជោគជ័យជាច្រើន ដែលទទួលបានជាមួយក្រុមហ៊ុន និងបង្ហាញផ្លូវដែលលោកស្រី និងជនឆ្នើមទាំង៣រូប បានរលាស់ខ្លួនចេញពីជីវភាពលំបាកមកក្លាយខ្លួនជាមេដឹកនាំអស្ចារ្យ នៅក្នុងក្រុមហ៊ុនគ្រួសារកក់ក្តៅ ហើយ៍ក៏បានចែករំលែកឲ្យបងប្អូនដែលបានចូលរួមមានភាពតស៊ូ និងហ៊ានជំនះរាល់បញ្ហាដើម្បីទៅរកគោលដៅធំជាមួយក្រុមហ៊ុនគ្រួសារកក់ក្តៅ។
លោកស្រីបន្ថែមថា ក្តីរំពឹងក្រោយសិក្ខាសាលាចង់ឲ្យតំណាងចែកចាយដែលបានមកចូលរួម ផ្ទាល់បានរលាស់ខ្លួនក្លាយទៅជាបុគ្គលជោគជ័យ ពោរពេញដោយសមត្ថភាព ទាំងការលក់ និងដឹកនាំដែលអាចរកចំណូលមហាសាលជាមួយក្រុមហ៊ុនដោយឥតដែនកំណត់ ។
ចំណែក លោកឧកញ៉ា អ៊ុច សម្បត្តិ ប្រធានក្រុមហ៊ុនគ្រឿងសម្អាងគ្រួសារកក់ក្ដៅ ក៏បានចូលរួមចែករំលែកបទពិសោធន៍ជោគជ័យដល់ស្ត្រីទាំងអស់ផងដែរ។
សូមរំលឹកថា ក្រុមហ៊ុនគ្រឿងសម្អាងគ្រួសារកក់ក្ដៅ គឺជាក្រុមហ៊ុនផលិតចែកចាយ និងលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញដ៏ធំមួយប្រចាំកម្ពុជា។ ក្រុមហ៊ុននេះ មានបណ្ដាចែកចាយរាប់ម៉ឺននាក់ទូទាំង២៤ខេត្ត និង១ រាជធានី។
ផលិតផលរបស់ក្រុមហ៊ុន គ្រឿងសម្អាងគ្រួសារកក់ក្ដៅ ផ្តោតសំខាន់លើ ការថែរក្សាសម្រស់មួយ តួខ្លួនរបស់ស្រី្ត ៕