អត្ថបទ

តូចតែខ្លឹម! ក្រុមហ៊ុន Airbus ផលិតយន្តហោះថ្មី A220 តូចតែហោះបានឆ្ងាយ បង្ហាញខ្លួនជាលើកដំបូង នៅកម្ពុជាហើយ

ភ្នំពេញ៖ យន្តហោះដឹកអ្នកដំណើរ Airbus A220 ដ៏ថ្មីសន្លាង បន្ថែមសមត្ថភាពកាន់តែខ្លាំង អាចហោះហើរបាន កាន់តែឆ្ងាយ បើទោះបីជាប្រភេទយន្តហោះ ខ្នាតតូចក៏ដោយក្តី ដោយបានបង្ហាញខ្លួនជាលើកដំបូង នៅប្រទេសកម្ពុជាហើយ តាមរយៈកម្មវិធីដំណើរកម្សាន្ត ផ្សព្វផ្សាយបង្ហាញ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។

យន្តហោះដែលកំពុងដាក់តាំងបង្ហាញ នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ គឺជាយន្តហោះ airBaltic A220-300 មានបំពាក់កន្លែងអង្គុយចំនួន 145កៅអី ដែលបានរចនា ប្រកបដោយផាសុកភាព នៅក្នុងកាប៊ីន អ្នកដំណើរកម្រិតថ្នាក់ទោល (single class) ។

ដូចនៅក្នុងយន្តហោះធុន A220 ទាំងអស់ដែរ ប្លង់កៅអីអង្គុយខាងក្នុង បានរចនាដោយមាន បីកៅអី សម្រាប់ចំហៀងម្ខាង នៃច្រកដើរ និងពីរកៅអីសម្រាប់ចំហៀងម្ខាងទៀត។ កាប៊ីននេះគឺមានទំហំធំជាងគេ នៅក្នុងក្រុមរបស់វា ដែលមានកៅអីថ្នាក់ Economy យ៉ាងធំដ៏ទូលាយ និងកន្លែងដាក់ឥវ៉ាន់ នៅខាងលើធំទូលាយ។ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ដែលមានផ្ដល់ជូនថ្នាក់ Business កន្លែងខណ្ឌចែក នៅក្នុងយន្តហោះ ផ្ដល់ជូននូវប្លង់កៅអីបួនបាំង ប្រកបដោយផាសុកភាពខ្ពស់ ដោយ នៅម្ខាងៗ នៃច្រកដើរមានពីរកៅអី។

យន្តហោះធុន A220 គឺជាយន្តហោះដែលរចនាថ្មីតែមួយគត់ នៅក្នុងទីផ្សារយន្តហោះ 100-150 កៅអី និងបានបំពាក់ នូវបច្ចេកវិទ្យាទំនើបបំផុត ឌីណាមីកអាកាសបែបសិល្បៈ និងម៉ាស៊ីនទំនើប ជំនាន់ចុងក្រោយគេបង្អស់។ ជាមួយគ្នានេះ មាស៊ីន និងបច្ចេកវិទ្យាទាំងនេះ ជួយសន្សំសំចៃប្រេងឥន្ធនៈ បានយ៉ាងតិច 20 ភាគរយ បើធៀបទៅនឹងយន្តហោះ ជំនាន់មុនៗ ដែលមានទំហំស្រដៀងគ្នា។ ជាមួយនឹងសមត្ថភាពហោះហើរ មិនឈប់ នៅលើគន្លងផ្លូវ រហូតដល់ចម្ងាយ 3,400 រង្វាស់ម៉ាយ (6,300 គ.ម) យន្តហោះធុន A220 ផ្ដល់នូវសមត្ថភាពហោះហើរ ចម្ងាយឆ្ងាយជាងគេ ដែលអាចធ្វើការហោះហើរ ភ្ជាប់ពីប្រទេសកម្ពុជា ទៅកាន់អាស៊ីខាងជើង និងមជ្ឈិមបូព៌ា។

បច្ចុប្បន្ន យន្តហោះ A220-300 កំពុងប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយក្រុមហ៊ុនអាកាសចរណ៍ Korean Air សម្រាប់បម្រើសេវាកម្ម ហោះហើរទាំងក្នុង និងក្រៅស្រុកផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍ Air Vanuatu ក៏បានបញ្ជាទិញ យន្តហោះធុន A220s ចំនួនបួនគ្រឿងផងដែរ រួមមាន យន្តហោះ A220-100s ចំនួនពីរគ្រឿង និងយន្តហោះ A220-300 ចំនួនពីរគ្រឿង។ យន្តហោះធុន A220 គឺមានពីរម៉ូឌែល គឺយន្តហោះ A220-100 អាចដឹកអ្នកដំណើរចន្លោះចាប់ពី 100 ទៅ 130 នាក់ និងយន្តហោះ A220-300 ដែលធំជាងអាចដឹកអ្នកដំណើរបានចន្លោះចាប់ពី 130 ទៅ 160 នាក់នៅក្នុងប្លង់រចនាពិសេស ម្រាប់ក្រុមហ៊ុនអាកាសចរណ៍។ គិតត្រឹមនៅចុងខែកញ្ញា ឆ្នាំ2019 អតិថិជនមកពីទូទាំងពិភពលោក បានធ្វើការបញ្ជាទិញយន្តហោះធុន A220 ចំនួន 525 គ្រឿង ដែលក្នុងនោះមានយន្តហោះ ចំនួន 90 គ្រឿង បានកំពុងដាក់ឱ្យប្រតិបត្តិការ ជាមួយនឹងប្រតិបត្តិករ ចំនួនប្រាំមួយហើយ។

តំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាទីផ្សារស្នូល សម្រាប់ក្រុមហ៊ុន Airbus និងទីផ្សារដឹកជញ្ជូនតាមយន្តហោះ ដែលមានកំណើន យ៉ាងឆាប់រហ័សរបស់ខ្លួន ដែលមានអត្រាកំណើនប្រចាំឆ្នាំ 5.5% ក្នុងវិស័យដឹកជញ្ជូនអ្នកដំណើរ (ប្រៀបធៀបជាមួយ នឹងកំណើនមធ្យមសកល ដែលមានកំណើន 4.3%)។ បច្ចុប្បន្ន តំបន់នេះមានចំនួនមួយភាគបី នៃចំនួនកក់បញ្ជាទិញសរុប នៃរោងចក្រផលិតនៅអឺរ៉ុប និងស្មើនឹងមួយភាគបី នៃចំណូលរបស់ក្រុមហ៊ុនផងដែរ។

នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Airbus មានវត្តមាន នៅក្នុងទីផ្សារអាកាសចរណ៍ ដែលមានក្រុមហ៊ុនអាកាសចរណ៍មួយចំនួន កំពុងប្រតិបត្តិការយន្តហោះត្រកូល A320 របស់ក្រុមហ៊ុន Airbus ចំនួន 27 គ្រឿង ដែលក្នុងនោះមាន៖ ក្រុមហ៊ុន Bassaka Air (2) ក្រុមហ៊ុន Cambodia Airways (4) ក្រុមហ៊ុន Cambodia Angkor Air (4) ក្រុមហ៊ុន JC International Airlines (5) ក្រុមហ៊ុន Lanmei Airlines (7) និងក្រុមហ៊ុន Sky Angkor Airlines (5)។ ក្រុមហ៊ុន Airbus បានព្យាករណ៍ថា នឹងមានការរីកចម្រើនខ្ពស់ នៅក្នុងទីផ្សារដឹកជញ្ជូន តាមផ្លូវអាកាស នៅក្នុងប្រទេសកម្ពុជា ខណៈដែលការដឹកជញ្ជូនអ្នកដំណើរ ក៏ត្រូវបានរំពឹងថា មានអត្រាកំណើនច្រើន ជាងប្រាំពីរភាគរយ ក្នុងមួយឆ្នាំ សម្រាប់រយៈពេល 20 ឆ្នាំខាងមុខ៕

To Top