អត្ថបទ

ក្រុមហ៊ុន Innity ទទួលបានពានរង្វាន់ អាជីវកម្មឆ្នើម ប្រចាំតំបន់អាស៊ាន ឆ្នាំ២០១៩

ក្រុមហ៊ុន Innity Corporation Berhad បានឈ្នះពានរង្វាន់ ASEAN Business Award (ABA) 2019 ក្រោមប្រធានបទ Priority Integration Sectors: ICT (Mid-Tier)។ កម្មវិធីប្រគល់រង្វាន់នេះត្រូវបានធ្វើ ឡើងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមជ្ឈមណ្ឌលពិពណ៌ IMPACT ក្នុងក្រុងបាងកក ប្រទេសថៃ។

ពិធីប្រគល់ពានរង្វាន់នេះផងដែរ ត្រូវធ្វើឡើងក្រោមអធិបតីភាព របស់ឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ លោក Anutin Charnvirakul។ ហើយក្នុងនោះក៏មានការចូលរួម​ របស់លោក Kalin Sarasin ដែលជាប្រធាន គណៈកម្មាធិការអចិន្ត្រៃយ៍រួមគ្នា ស្តីពីពាណិជ្ជកម្មឧស្សាហកម្ម និងធនាគារ (JSCCIB), លោក Supant Mongkolsuthree ប្រធានសហព័ន្ធឧស្សាហកម្មថៃ និង លោក Predee Daochai ដែលជាប្រធានសមាគមធនាគារិកថៃ។

ក្នុងឪកាសនោះលោក Fabian Looa ដែលជាសហស្ថាបនិក និងជានាយកគ្រប់គ្រង ក្រុមហ៊ុន Innity Group ក៏បានទទួលពានរង្វាន់សហគ្រាសឆ្នើម ក្នុងតំបន់អាស៊ានផងដែរ។ ក្នុងនោះ រូបលោកក៏បានមានប្រសាសន៍ផងដែរថា “ យើងមានកិត្តិយសណាស់ ដែលបានទទួលពានរង្វាន់ ដ៏មានកិត្យានុភាពបែបនេះ ពីក្រុមប្រឹក្សាអាជីវកម្មអាស៊ាន។ ពានរង្វាន់មួយនេះ គឺជាការទទួលស្គាល់ អំពីការរីកចម្រើន របស់ក្រុមហ៊ុនយើង នៅប៉ុន្មានឆ្នាំមកនេះ។ ហើយវាពិតជាប្រាកដថា យើងមិនអាចធ្វើទៅបាននោះទេ ប្រសិនបើគ្មានការគាំទ្រ និងទំនុកចិត្តពីសំណាក់អតិថិជន និយោជិក និងដៃគូអាជីវកម្ម។

លោក Fabian Looa បានបន្តទៀតថា “ ការទទួលស្គាល់នេះ គឺជាការជំរុញទឹកចិត្តយើង ឲ្យ ខិតខំព្យាយាមកែលម្អខ្លួនឯង និងបន្តផ្តល់នូវបច្ចេកវិទ្យាផ្សាយពាណិជ្ជកម្មល្អបំផុត និងការច្នៃប្រឌិតថ្មី ដល់អ្នកផ្សាយពាណិជ្ជកម្ម សារព័ត៌មាន និងដៃគូរបស់យើង” ។

ជ័យលាភីនេះ ត្រូវបានវាយតម្លៃ និងធ្វើការជ្រើសរើស ដោយចៅក្រមឆ្នើមៗ មកពីបណ្តាលប្រទេសក្នុងតំបន់អាស៊ាន ដែលបានផ្តល់ការទទួលស្គាល់ ដល់ក្រុមហ៊ុនអាស៊ាន ដែលឆ្នើម និងជោគជ័យបំផុត ក្នុងការរួមចំណែក ជួយដល់កំណើនសេដ្ឋកិច្ច និងវិបុលភាពរបស់អាស៊ាន។

ដោយត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ ២០០៧ ដោយអាស៊ាន BAC ជាពានរង្វាន់មួយ ដែលបានផ្តល់អោយ និងទទួលស្គាល់អាជីវកម្មឆ្នើម ក្នុងតំបន់អាស៊ាន ដោយបានបង្ហាញអោយឃើញ នៅវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការបង្កើត និងពង្រឹងតួនាទីរបស់ពួកគេ នៅក្នុងវិស័យឧស្សាហកម្ម។ ចាប់តាំងពីការបង្កើតអោយមាននូវពានរង្វាន់ ABA គឺមានក្រុមហ៊ុនចំនួនជាង ១០០ ត្រូវបានទទួលស្គាល់ នៅទូទាំងតំបន់ ដូចជា ក្រុមហ៊ុន AirAsia, CIMB, Singtel និងច្រើនទៀត ដែលត្រូវបានជាប់ឈ្មោះ នៅក្នុងផ្នែករីកចំរើន, ការងារ, ការច្នៃប្រឌិត និងទំនួលខុសត្រូវសង្គមសាជីវកម្ម (CSR)។

ក្រៅពីការទទួលស្គាល់ ជាសហគ្រាសឆ្នើម ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជោគជ័យ នៃសេដ្ឋកិច្ចអាស៊ាន។ លើសពីនេះពានរង្វាន់អាជីវកម្មអាស៊ាន (ABA) ក៏ជាវេទិកាសំខាន់មួយ ដែលជួយផ្សព្វផ្សាយព័ត៌មាន ទាក់ទងនឹងសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ដែលមានរយៈពេលជាង ១០ ឆ្នាំមកហើយ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Innity ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ នៅប្រទេសម៉ាឡេស៊ី។ ហើយក្រុមហ៊ុន Innity បានរីកចម្រើនរហូតក្លាយជា ក្រុមហ៊ុនផ្តល់សេវាកម្ម ផ្សព្វផ្សាយពាណិជ្ជកម្ម និងអ្នកផ្តល់សេវាកម្ម បច្ចេកវិទ្យាឈានមុខ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច (APAC) ។ ក្រុមហ៊ុន Innity ក៏បានធ្វើការពង្រីកនៅអាជីវកម្ម របស់ខ្លួនតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ពួកគេដូចជា Passionation.co ដែលជាទីផ្សារមួយ មានឥទ្ធិពលមួយ នឹងត្រូវចាប់ផ្តើមនៅចុងឆ្នាំនេះ៕

To Top