អត្ថបទ

WURKZ ក្លាយជា ម្ចាស់ឧបត្ថម្ភធំ ការប្រកួត ប៉េតង់ពិភពលោក យុវជន និងស្រ្តី លើកទី១៧

ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សហការជាមួយក្រសួងអប់រំ យុវជន និង កីឡា និង សហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជា បានក្លាយជាម្ចាស់ឧបត្ថម្ភធំ សម្រាប់ការប្រកួត ប៉េតង់ពិភពលោក យុវជន និង ស្រ្តីលើកទី១៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ដល់ ថ្ងៃ ទី២៣ ខែវិច្ឆិកានេះ នៅ ស្ថាតអូឡាំពិក ត្រង់ទីលានកីឡាប៊ូល និង ប៉េតង់។

តំណាងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ លោកស្រី គង់ កុសល បានឱ្យដឹងថា៖ « ស្របពេលដែលកម្ពុជាទទួលបានសិទ្ធិក្លាយជាម្ចាស់ផ្ទះការប្រកួត លំដាប់ថ្នាក់ពិភពលោកនេះ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ពិតជាមិនអាចខកខាន ក្នុងការផ្តល់នូវជំនួយឧបត្ថម្ភ ដើម្បីលើកស្ទួយ មុខមាត់ជាតិយើងឡើយ»។

គួរជម្រាបថា ការប្រកួតប៉េតង់ពិភពលោក យុវជន និង ស្រ្តីលើកទី១៧ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនេះ នឹងបើកទ្វារ ស្វាគមន៍កីឡាករកីឡាការិនី ពី៤៩ប្រទេសផ្សេងៗគ្នា។ ក្រុមយុវជននឹងប្រកួតលើវិញ្ញាសា ពីរគឺ វាយយកពិន្ទុ និង វាយ៣ទល់៣ ។ ចំណែកស្រ្តីក៏នឹងប្រកួតលើពីរវិញ្ញាដូចគ្នាគឺ វាយយកពិន្ទុ និង វាយ៣ទល់៣។

ឆ្លៀតក្នុងឱកាសនេះ លោកស្រី គង់ កុសល ក៏បានស្នើ ឱ្យអ្នកស្នេហាវិស័យកីឡា សូមចូលរួមទស្សនា និងផ្តល់កម្លាំងចិត្តដល់អត្តពលិកខ្មែរ ដើម្បីបង្ហាញពីស្មារតី ខ្មែរស្រលាញ់ខ្មែរ នៅទីតាំង និងកាលបរិច្ឆេទខាងលើ ឱ្យបានច្រើនកុះករ។ សំបុត្រចូលរួមទស្សនា តម្លៃត្រឹមតែ៥ពាន់រៀលប៉ុណ្ណោះ។ ការប្រកួតចាប់ផ្តើមពីម៉ោង ៨:០០ នាទីព្រឹកតទៅ៕

To Top