អត្ថបទ

កសិករ អាចលក់ផលិតផលកសិកម្ម បានយ៉ាងងាយ ជាមួយនឹង app ទន្លេសាប

ភ្នំពេញ៖ កម្មវិធីទូរស័ព្ទដៃ app ទន្លេសាបនឹងជួយឲ្យកសិករ អាចស្វែងរក អតិថិជននិងអ្នកផ្គត់ផ្គង់ ដើម្បីលក់ផលិតផលកសិកម្មរបស់ខ្លួន ជាច្រើនប្រភេទ លើទីផ្សារ អនឡាញ ដ៏ធំទូលាយ។ ផ្សារអនឡាញ សម្រាប់កសិផលខ្មែរ គឺសំដៅដល់ការលក់ដូរ តាមប្រព័ន្ធអនឡាញ កម្មវិធីទូរសព្ទ ត្រូវបានប្រកាស ដាក់ដំណើរការជាផ្លូវការ សម្រាប់ជួយរកទីផ្សារ ផលិតផលកសិកម្ម របស់កសិករកម្ពុជា និងផ្ដល់ព័ត៌មាន បច្ចេកទេសនានា ពាក់ព័ន្ធនឹងវិស័យកសិកម្ម សម្រាប់ជាចំណេះដឹង ក្នុងការប្រកបរបរកសិកម្ម ។

ថ្លែងនៅក្នុងសិក្ខាសាលាស្តីអំពី “កម្មវិធីទូរស័ព្ទដៃ ទីផ្សារអនឡាញ សម្រាប់អ្នកផ្គត់ផ្គង ផលិតផលកសិកម្ម និងវឌ្ឍនភាពនៃកម្មវិធី ទូរស័ព្ទដៃទន្លេសាប” ប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នៅផ្សារទំនើបអ៊ីអន១ លោក គា បូរាណ ប្រធាននាយក ប្រតិបត្ តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានឱ្យដឹងថា “ដោយសារកម្មវិធីទូរស័ព្ទដៃ ទន្លេសាប មានការគាំទ្រខ្លាំង ពីអ្នកប្រើប្រាស់ និងមានការគាំទ្រ ពីរាជរដ្ឋាភិបាលកម្ពុជា អង្គការជាតិ និងអន្តរជាតិ ជាច្រើននោះ អេ អឹម ខេ បានសម្រេចបង្កើត កម្មវិធីទូរស័ព្ទដៃទន្លេសាប អ្នកលក់ ថ្មីមួយទៀត ដើម្បីជួយគាំទ្រ ដល់ការលក់របស់អ្នកផ្គត់ផ្គង់ ផលិតផលកសិកម្ម និងអ្នកទិញផងដែរ។

លោកបានបន្តថា កសិករ និងអ្នកផ្គត់ផ្គង់ផលិតផល កសិកម្ម អាចចុះឈ្មោះ ដោយផ្ទាល់នៅលើកម្មវិធីទូរស័ព្ទដៃ ទន្លសាបអ្នកលក់ ដើម្បីលក់ផលិតរបស់ខ្លួន អាចទទួល និងគ្រប់គ្រងការបញ្ជាទិញ ផលិតផលរបស់ខ្លួន ដោយផ្ទាល់តាមកម្មវិធីនេះ ដាក់លក់គ្រប់មុខ ផលិតផលតាមអនឡាញ បានយ៉ាងងាយស្រួល ធ្វើការផ្សព្វផ្សាយ និងលក់ផលិតផល ទៅកាន់ទីផ្សារធំទូលាយជាងមុន ព្រមទាំងបង្កើន បរិមាណលក់ និងអតិថិជនកាន់តែ ប្រសើរឡើង។ វឌ្ឍនភាព នៃកម្មវិធីទូរស័ព្ទដៃទន្លេសាបនេះ នឹងរួមបញ្ចូលមុខងារបន្ថែម មួយចំនួនរួមមាន អ្នកប្រើប្រាស់ នឹងទទួលបានព័ត៌មាន ពីបំរែបំរួលអាកាសធាតុ បញ្ជាទិញគ្រប់មុខផលិតផលកសិកម្មបានតាមតម្រូវការ ព្រមជាមួយការដឹកជញ្ជូន ដល់ទីកន្លែងផងដែរ។ កម្មវិធីទូរស័ព្ទដៃទន្លេសាប ទាំងពីរនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ ដោយឥតគិតថ្លៃលើ App Store ប្រព័ន្ធ (iOS) និង Play Store ប្រព័ន្ធ Android។

កម្មវិធីទូរស័ព្ទដៃទន្លេសាប ត្រូវបានផ្តួចផ្តើម និងបង្កើតឡើង ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគាំទ្រសហការមូលនិធិដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គម្រោងមូលនិធិ ការបង្កើតថ្ មីសម្រាប់កាត់បន្ថយ ភាពក្រីក្រ (IAP) ដែលសហការអនុវត្តមានគោលដៅ សំខាន់បំផុត គឺដើម្បីជួយកាត់បន្ថយ ភាពក្រីក្រ និងជម្រុញកំណើនសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់ ការអភិវឌ្ឍវិស័យកសិកម្ មដែលស្របទៅនឹងទិសដៅ របស់រាជរដ្ឋាភិបាល និងសម័យបច្ចេកវិទ្យាទូរស័ព្ទ ដើម្បីជួយផ្តល់ជាចំណេះដឹង ផ្នែកកសិកម្មដល់កសិករ កម្ពុជាផងដែរ៕

To Top