អត្ថបទ

សែលកាត អបអរសាទរ ការឈ្នះពានរង្វាន់ លើកទី១៥ របស់ខ្លួន សម្រាប់ឆ្នាំ២០១៩

ភ្នំពេញ៖ សែលកាត មានមោទនភាព ក្នុងការទទួលរង្វាន់ពីទស្សនាវដ្តី Global Brands ក្នុងនាមជាក្រុមហ៊ុន ទូរគមនាគមន៍ជាទីទុកចិត្តបំផុត នៅកម្ពុជា សម្រាប់ឆ្នាំទីពីជាប់គ្នា។

ទស្សនាវដ្តីខាងលើ បានចេញផ្សាយ អ្នកឈ្នះពានរង្វាន់នៅសប្តាហ៍នេះ ដោយផ្តល់រង្វាន់កិត្តិយស ចំនួនពីរ ដល់សែលកាត គឺពានរង្វាន់“ប្រតិបត្តិករទូរគមនាគមន៍ ជាទីទុកចិត្តបំផុត” និងពានរង្វាន់ “ភាពល្អឥតខ្ចោះ ក្នុងឧស្សាហកម្មទូរគមនាគមន៍” ដោយទទួលស្គាល់ សមត្ថភាពដឹកនាំរបស់ លោក ចនចន ណាវ៉ាល់ (Jonjon Naval) ប្រធានផ្នែកបច្ចេកវិទ្យា របស់សែលកាត។

ពានរង្វាន់ទាំងពីរនេះ នឹងត្រូវប្រគល់ជូន ជាផ្លូវការនៅក្នុងពិធីប្រគល់រង្វាន់ នៅទីក្រុងឌូបៃ នាខែមេសាឆ្នាំក្រោយ។ ការទទួលបានពានរង្វាន់ទាំងពីរនេះ មានន័យថា សែលកាតបានទទួលពានរង្វាន់ សរុបរហូតដល់ចំនួន២៦ ដែលនេះជាការទទួលស្គាល់ គុណភាពបណ្តាញ និងលទ្ធផលប្រតិបត្តិការអាជីវកម្ម របស់សែលកាត ចាប់តាំងពីការ ដាក់ប្រើបណ្ដាញសេវាអ៊ីនធើណិត ល្បឿនលឿន 4G LTE របស់ខ្លួនកាលពីខែមករាឆ្នាំ ២០១៧មក។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានលើកឡើងថា ឆ្នាំ២០១៩ គឺជាឆ្នាំដ៏ល្អប្រសើរ សម្រាប់សែលកាត។

លោក អៀន វ៉ាតសុន បានបន្ដថា៖ “នៅឆ្នាំនេះ សែលកាតបានឈ្នះពានរង្វាន់ចំនួន ១៥ ដែលផ្ដល់ដោយ ស្ថាប័នឈានមុខគេ មានដូចជាស្ថាប័ន Ookla ស្ថាប័នOpen ស្ថាប័នSignal ស្ថាប័នSilicon Review ទស្សនាវដ្តី International Business ទស្សនាវដ្តីInternational Finance ស្ថាប័នTelecom Asia ស្ថាប័ន CMO Asia និងជាចុងក្រោយនេះ ទស្សនាវដ្តី Global Brands។

ជាងនេះទៅទៀត សែលកាត បានចូលរួមយ៉ាងសកម្ម ក្នុងព្រឹត្តិការណ៍តំបន់ និងពិភពលោក ដើម្បីលើកកម្ពស់ កិត្តិនាមរបស់សែលកាត ក៏ដូចជាការបង្ហាញថា ប្រទេសកម្ពុជាជាប្រទេសអាស៊ាន ច្នៃប្រឌិតមួយ ដែលឈានមុខគេ។

ការទទួលស្គាល់តាមរយៈ ពានរង្វាន់ជាច្រើន បញ្ជាក់ថាយើងកំពុងដើរលើផ្លូវត្រូវ ឆ្ពោះទៅរកការសម្រេច ឲ្យបាននូវចក្ខុវិស័យ របស់យើងដែលចង់ឲ្យ ប្រទេសកម្ពុជាក្លាយជាប្រទេសឌីជីថល ពេញលេញ។”

ជាចុងក្រោយ លោក អៀន វ៉ាតសុន បានថ្លែងអំណរគុណដល់ក្រុមការងារ សែលកាតទាំងមូល ចំពោះ ការយកចិត្តទុកដាក់ ការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការខិតខំ ប្រឹងប្រែង បម្រើប្រជាជនកម្ពុជា៕

To Top