ភ្នំពេញ៖ ដំណើរកំសាន្ត Ford Adventure ដ៏អស្ចារ្យលើកទី ១៣ ឆ្នាំ២០១៩ ជាមួយម្ចាស់រថយន្ត FORD ដែលជាអតិថិជន របស់ក្រុមហ៊ុន អ អិមអេ ខេមបូឌា ប្រមាណ៦០០នាក់ ក្នុងរយៈពេល ៤ថ្ងៃ ៣យប់ គឺចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៩ បានបញ្ចប់ទៅដោយជោគជ័យ ក្រោមបរិយាកាស សប្បាយរីករាយ ក្រៃលែង និងបានបន្សល់ទុកនូវ អនុស្សាវរីយ៍ប្លែកៗ ដិតដាមជាប់អារម្មណ៍ ជាមួយនឹងដំណើរ កម្សាន្ត ADVENTURE ឆ្លងដែន ឆ្ពោះទៅកាន់ ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងទីក្រុងប៉ាកសេ ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ រួមជាមួយនឹងបទ ពិសោធន៍បោះជំរុំ ដ៏អស្ចារ្យ នៅលើវាលស្មៅ យ៉ាងស្រស់ត្រកាល ក្បែរជ្រលងដងអូរ និងភ្លក្សរសជាតិអាហារបែបឡាវក្នុងខេត្តចម្ប៉ាសាក់។
សូមរំលឹកថា ដំណើរកំសាន្ត FORD Adventure ឆ្នាំ២០១៩នេះ រៀបចំដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMACambodia) នៅក្នុងប្រទេសកម្ពុជា និងឧបត្ថម្ភកម្មវិធី ដោយក្រុមហ៊ុន PTT ខេមបូឌា ដែលជាប្រេងឥន្ធនៈឈានមុខគេនៅកម្ពុជា ,ក្រុមហ៊ុនភេសជ្ជៈកម្ពុជា Coca Cola, ធនាគារ KB Daehan Specialized Bank Plc. ហើយក៏មានការចូលរួមសហការ ជាមួយ AIA (Cambodia) Life Insurance ក្រុមហ៊ុន EFG (Express Food Group) ដែលរួមមាន Pizza Company, Swensen’s និង Dairy Queen, Philip General Insurance Cambodia, និងក្រុមហ៊ុន Cooper Tire។
ក្នុងដំណើរកំសាន្ត FORD Adventure ឆ្នាំ២០១៩នេះ ក៏មានការសហការចូលរួម ពីសំណាក់ ក្រមហ៊ុនឯកទេសបិត Sticker ថា្លការពារថ្នាំរថយន្ត Sticker City និងហាង នំប៉័ងបាយ័ន។
ក្នុងថ្ងៃដំបូងនៃដំណើរកំសាន្ត Ford Adventureគ្រួសារ Ford បានរៀបចំកម្មវិធី សប្បុរសធម៌ ចែកអំណោយ ជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ដល់ ពលរដ្ឋក្រីក្រ ប្រមាណ២០០គ្រួសារ នៅខេត្តស្ទឹងត្រែង ក្រោយអធិបតីភាព លោក ម៉ុម សារឿន អភិបាល ខេត្ត ។
ក្នុងពិធីចែក អំណោយកាលពីរសៀលថ្ងៃទី៦ ខែធ្នូ កន្លងទៅ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុន Ford ដែលបានចូលរួម ចែករំលែក និងសម្រាលការលំបាក របស់ប្រជាពលរដ្ឋ តាមរយ:អំណោយមនុស្សធម៌ នៅពេលនេះ ។ លោកអភិបាលខេត្តបន្ថែមថា នេះជាវប្បធម៌ចែករំលែក រវាងខ្មែរនិងខ្មែរ ដែលជាសកម្មភាព ដ៏ប្រពៃមួយ ក្នុងសង្គមជាតិខ្មែរយើង។
ដោយឡែកនៅថ្ងៃទី២ នៃដំណើរកំសាន្ត Ford Adventureគ្រួសារ Ford បានធ្វើដំណើរឆ្លងដែន តាមរយៈក្បួនរថយន្ត Ford ជាង១០០គ្រឿង ចូលទៅកាន់ទឹកដី ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ និងបានចូលសម្រាក លំហែកម្សាន្ត និងទទួលទានអាហារថ្ងៃត្រង់ នៅរមណីយដ្ឋាន ទឹកធ្លាក់ khone phapheng ក្រោមបរិយាកាស សប្បាយរីករាយ អមដោយសម្រស់ទឹកធ្លាក់ ទេសភាពព្រៃព្រឹក្សា ជ្រលងដងអូរដ៏ស្រស់ត្រកាល និងខ្យល់អាកាសបរិសុទ្ធ ។
ចំពោះថ្ងៃទី៣នៃដំណើរកំសាន្ត Ford Adventureគ្រួសារ Ford បានដើរទិញទំនិញ ជាច្រើនសំបូរបែប ក្នុងតម្លៃសមរម្យ ក្នុងផ្សារទំនើប នៅខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ថែមទៀតផង។
អ្វីដែលជាការកត់សម្គាល់នោះ គ្រួសារFord បានបង្ហាញភាពសប្បាយរីករាយ ប្លែកអារម្មណ៍ជាមួយ សកម្មភាពបោះជំរុំ ដ៏អស្ចារ្យ ការជួបជុំទទួលទានអាហារ សាមគ្គីនិងសកម្មភាព ច្រៀងរាំលេងកម្សាន្ត នាពេលរាត្រីក្រោម អាកាសធាតុត្រជាក់បែបធម្មជាតិ (ចាប់ពី១២ដល់១៦អង្សាសេ)ចំនួន៣រាត្រីជាប់ៗគ្នាផងដែរ ដែលជាឱកាសបានស្គាល់ និងរាប់អានមនុស្សថ្មីៗ ជាច្រើន ព្រមទាំងបាន ធ្វើការណែនាំ ចែករំលែកអំពី បទពិសោធន៍ក្នុង អាជីវកម្មនិងទទួលបាន បទពិសោធន៍ បើកបរប្រកបដោយ ភាពរីករាយ ជាមួយរថយន្ត Fordទៅវិញទៅមក។
ចំពោះសកម្មភាព នៃការបើកបរវិញ អតិថិជន Fordបានលើកសរសើរ មិនដាច់ពីមាត់ នៃកម្លាំងម៉ាស៊ីនខ្លាំងក្លា ជាមួយនឹងឧបករណ៍ សុវត្ថិភាព យ៉ាងទំនើបមិនធ្លាប់មាន។ ជាមួយអារម្មណ៍ ដិតដាមមិនអាច បំភ្លេចបាន អតិថិជន Ford បានសំណូមពរឲ្យ ក្រុមហ៊ុន អ អិម អេ ខេមបូឌា រៀបចំដំណើរកម្សាន្តFORD Adventure បែបនេះជាបន្តបន្ទាប់ នៅឆ្នាំក្រោយៗទៀតស្របពេលដែលពួកគាត់ អះអាងថា នឹងចូលរួមជានិច្ច ជាមួយដំណើរកម្សាន្ត FORD Adventure នេះ។
គួររំលឹកថា ដំណើរកម្សាន្ត FORD Adventure បានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងនោះកាលពីឆ្នាំ២០០៧ ទៅខេត្តមណ្ឌលគិរី , ឆ្នាំ២០០៨ ទៅកាន់ខេត្តរតនគិរី , ឆ្នាំ២០០៩ ទៅកាន់ខេត្តប៉ៃលិន ,ឆ្នាំ២០១០ និងឆ្នាំ២០១១ ទៅកាន់ទឹកដីខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ,ឆ្នាំ២០១២ ទៅកាន់ខេត្តមណ្ឌលគិរី ឆ្នាំ២០១៣ ក៏បានទៅទឹកដីប្រទេសឡាវ ម្តងទៀត ,ឆ្នាំ២០១៤ ទៅកាន់ខេត្តត្រាត ប្រទេសថៃ ,ឆ្នាំ២០១៥ ទៅកាន់ខេត្តច័ន្ទបុរី ប្រទេសថៃ ,ឆ្នាំ២០១៦ ទៅកាន់ខេត្តបុរីរ៉ាំ ,ឆ្នាំ២០១៧ ទៅកាន់ទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ,ឆ្នាំ២០១៨ ទៅកាន់ខេត្តច័ន្ទបុរី ប្រទេសថៃ និងក្នុងឆ្នាំ២០១៩នេះក្នុងខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ដោយមានចំនួនអ្នកចូលរួម កើនឡើងជាបន្តបន្ទាប់ ៕