អត្ថបទ

ខេត្តក្រចេះ – គោលដៅ ទី១៣ នៃសិក្ខាសាលា តាមបណ្ដាខេត្ត ប្រចាំឆ្នាំ២០១៩ របស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង គណៈកម្មការមូលបត្រកម្ពុជា និងរដ្ឋបាលខេត្ត

ភ្នំពេញ៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ បានសហការជាមួយ គណៈកម្មការមូលបត្រកម្ពុជា និងរដ្ឋបាលខេត្តក្រចេះ ក្នុងការរៀបចំ សិក្ខាសាលានៅខេត្តក្រចេះ ដែលជាគោលដៅទី១៣នៃសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩ ក្រោមអធិបតីលោក ប៉ែន លីណាត អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ និងលោក ជា បុល្លិកា អនុប្រធាននាយកដ្ឋានត្រួតពិនិត្យ អន្តរការីមូលបត្រ នៃគណៈកម្មការមូលបត្រកម្ពុជា។ ភ្ជាប់ជាមួយនឹងប្រធានបទ “អ្វីជាការជួញដូរឧបករណ៍និស្សន្ទ៖ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?” សិក្ខាសាលាតាមបណ្ដាខេត្ត មានគោលបំណងចែករំលែកចំណេះដឹង ជំនាញ បទពិសោធន៍ បទប្បញ្ញាត្តិ និងឱកាសវិនិយោគដល់ សាធារណៈជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោក ជា បុល្លិកា បានផ្ដល់មតិស្វាគមន៍ ក្នុងសិក្ខាសាលានៅខេត្តក្រចេះនេះ ហើយបានបង្ហាញពីស្ថានភាពបច្ចុប្បន្ននៃ ទីផ្សារឧបករណ៍និស្សន្ទនៅ ក្នុងប្រទេសកម្ពុជា ក៏ដូចជាគោល ជំហររបស់ គណៈកម្មការ មូលបត្រកម្ពុជាក្នុងការពង្រីកការអភិវឌ្ឍទីផ្សារឧបករណ៍ និស្សន្ទបន្ថែមទៀត។ លោក បុល្លិកា ក៏បានលើកទឹកចិត្តឱ្យវិនិយោគិន បង្កើនចំណេះដឹង និងត្រៀមខ្លួន រួចរាល់សម្រាប់ ការវិនិយោគលើឧបករណ៍ និស្សន្ទ ដើម្បីរួមចំណែកក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសនោះដែរ លោក ប៉ែន លីណាត ក៏បានផ្ដល់ កិត្តិយសប្រកាស បើកកម្មវិធី សិក្ខាសាលាជាផ្លូវការ និងបានលើកឡើងពី សក្ដានុពលនៃ ខេត្តរបស់លោក និងការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍគ្រប់ វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច ដែលស្ដែង ឱ្យឃើញ តាមរយៈការធ្វើកំណែទម្រង់ សេដ្ឋកិច្ច ដែលជួយឱ្យព្រះ រាជាណាចក្រកម្ពុជា បាននឹងកំពុងមានកំណើន សេដ្ឋកិច្ចនៅក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ។ តាមរយៈសិក្ខាសាលានេះ លោក ប៉ែន លីណាត ក៏រំពឹងថា សិក្ខាកាមនឹងទទួលបាន ចំណេះដឹងផ្នែកហិរញ្ញវត្ថុបន្ថែម ជាពិសេសលើទីផ្សារ ឧបករណ៍និស្សន្ទ។

លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានបង្ហាញពីក្ដីរំពឹងខ្ពស់ របស់លោកទៅលើសិក្ខាសាលា តាមបណ្ដាខេត្ត និងជឿជាក់ថា វានឹងផ្ដល់ អត្ថប្រយោជន៍ច្រើន ដល់វិនិយោគិនដែល វិនិយោគលើផលិតផល ឧបករណ៍និស្សន្ទទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។ លោក Lawrence Kook ក៏បានប្ដេជ្ញា អភិវឌ្ឍទីផ្សារ ឧបករណ៍ និស្សន្ទនៅកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរ និងមាន ការទទួលស្គាល់ នៅទូទាំងពិភពលោក។

លោក Lawrence បាននិយាយថា “ត្រឹមសប្ដាហ៍ទី១នៃឆ្នាំ២០២០ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា នឹងបានធ្វើដំណើរ និងផ្ដល់ ចំណេះជំនាញ វិនិយោគ ដល់សាធារណៈជននៅគ្រប់ខេត្តក្រុងទាំងអស់ នៃប្រទេសកម្ពុជា។ នេះ គឺជាប្រវត្តិសាស្រ្តដំបូង និងគួរឱ្យចាប់អារម្មណ៍ មួយនៅកម្ពុជា។ មិនតែប៉ុណ្ណោះ យើងនឹងបន្តផ្សព្វផ្សាយ អំពីប្រទេស កម្ពុជា និងទាក់ទាញវិនិយោគិនបរទេសឱ្យមក វិនិយោគក្នុងដែនដីសុវណ្ណភូមិនេះ ហើយវាគឺជា អ្វីដែលយើង បានធ្វើនៅពិព័រណ៍ London Summit 2019 នៅប្រទេសអង់គ្លេស នាពេលថ្មីៗនេះ”។

គិតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បានសហការជាមួយរដ្ឋបាល ខេត្តក្នុងការរៀបចំ សិក្ខាសាលាតាមបណ្ដាខេត្ត ក្នុងខេត្តចំនួន ១៨រួចមកហើយ រួមមានឃ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះនេះតែម្ដង។

នៅលើឆាកអន្តរជាតិ វិញ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ធ្លាប់បានចូលរួមពិព័រណ៍ និងព្រឹត្តិការណ៍ហិរញ្ញវត្ថុធំៗដូចជា ពិព័រណ៍ iFX Expo ឆ្នាំ២០១៨ នៅប្រទេសសាយប្រឺស ពិព័រណ៍ London Summit ឆ្នាំ២០១៧ ពិព័រណ៍ London Summit ឆ្នាំ២០១៨ ពិព័រណ៍ London Summit ឆ្នាំ២០១៩ នៅចក្រភពអង់គ្លេស និងពិព័រណ៍ iFX Expo Aisa ២០១៩ នៅទីក្រុងហុងកុង។ ក្រុមហ៊ុន ក៏មានដៃគូសហការអន្តរជាតិ ជាច្រើននៅប្រទេសអូស្រ្តាលី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប្រទេសឥណ្ឌូនេស៊ី ប្រទេសមីយ៉ាន់ម៉ា ទីក្រុងហុងកុង និងទីក្រុងឌូបៃជាដើម។

ប្រសិនបើលោកអ្នក ចង់ដឹងព័ត៌មាន បន្ថែម ឬចុះឈ្មោះចូលរួម សិក្ខាសាលាតាមបណ្ដាខេត្តនេះ សូមទំនាក់ទំនងមកក្រុមហ៊ុនយើងខ្ញុំតាមរយៈគេហទំព័រ www.cdx.com.kh ឬទំព័រហ្វេសប៊ុក Cambodian Derivatives Exchange ឬទូរស័ព្ទមកលេខ 023 22 7777

To Top