ភ្នំពេញ៖ មន្ទីរពេទ្យជោរៃ ភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩នេះ បានរៀបចំសិក្ខាសាលា ស្ដីពីអត្ថបទវិទ្យាសាស្ត្រឆ្នាំ២០១៩ ជាលើកដំបូង ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ទង ថាញ់ត្រា អគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងសិក្ខាសាលានេះ លោកវេជ្ជបណ្ឌិត ទង ថាញ់ត្រា បានមានប្រសាសន៍ថា ជាធម្មតានៅក្នុងមន្ទីរពេទ្យមួយ គឺមានតួនាទីពិនិត្យ និងព្យាបាលជំងឺ ប៉ុន្តែក្រៅពីនេះគឺចែករំលែកបទពិសោធន៍ ដល់អ្នកឯកទេសផ្សេងៗ ជាពិសេសវេជ្ជបណ្ឌិត ឲ្យបានដឹង និងបានផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការព្យាបាលជំងឺ តាមរយៈសិក្ខាសាលផ្សេងៗ ។
លោកវេជ្ជបណ្ឌិតបន្តថា កម្មវិធីសិក្ខាសាលានេះ គឺជាកម្មវិធីមួយដែលមន្ទីរពេទ្យជោរៃ ភ្នំពេញបានត្រៀមអស់រយៈពេលជិត ១ឆ្នាំ ដើម្បីរៀបចំ ហើយក្នុងកម្មវិធីនេះ ក៏បានរៀបចំអត្ថបទវិទ្យាសាស្ត្រជាច្រើន ប៉ុន្តែក្នុងនោះគឺជ្រើសរើសតែចំនួន ៨អត្ថបទប៉ុណ្ណោះ យកមកធ្វើបទបង្ហាញក្នុងសិក្ខាសាលានេះ ។ ការជ្រើសរើសនេះ គឺមានក្រុមប្រឹក្សា ត្រួតពិនិត្យ និងសម្រេចយក ដើម្បីបង្ហាញដល់អ្នកចូលរួម ក្នុងសិក្ខាសាលានាថ្ងៃនេះ ។
ជាចុងក្រោយអគ្គនាយកមន្ទីរពេទ្យជោរៃ ភ្នំពេញ ក៏បានប្ដេជ្ញាជំរុញ ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនេះ ឲ្យមានការរីកចម្រើន បន្ថែមទៀត ដើម្បីបង្ហាញពីស្នាដៃ របស់មន្ទីរពេទ្យជោរៃភ្នំពេញ ក្នុងការបន្ថែម និងកែសម្រួលលើការពិនិត្យ ព្យាបាលជំងឺ ។
សូមរំលឹកថា មន្ទីរពេទ្យជោរៃភ្នំពេញ ជាមន្ទីរពេទ្យលំដាប់ថ្នាក់អន្តរជាតិ ដែលទទួលព្យាបាលជំងឺទូទៅ ប្រកបដោយគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបៗ និងមានវេជ្ជបណ្ឌិតល្បីៗ មកពីប្រទេសវៀតណាមផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ មន្ទីរពេទ្យជោរៃភ្នំពេញ ក៏តែងតែចូលរួមក្នុងសកម្មភាព ជួយសង្គមជាច្រើនផងដែរ ។ មន្ទីរពេទ្យជោរៃភ្នំពេញ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕