អត្ថបទ

ពានរង្វាន់ ICT ល្អបំផុត ប្រចាំឆ្នាំ ចាប់ផ្ដើមទទួល ចុះឈ្មោះ ហើយ

ភ្នំពេញ: កម្មវិធីពានរង្វាន់ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន កម្ពុជា ២០២០ (Cambodia ICT Awards 2020) ចាប់ផ្តើមទទួលបេក្ខភាព ដើម្បីទទួលពានរង្វាន់ល្អបំផុតប្រចាំឆ្នាំ ចាប់ពីថ្ងៃនេះ តទៅ រហូតដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ ការប្រកាសជ័យលាភី នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ក្នុងកម្មវិធី Digital Cambodia 2020។

ដើម្បីទទួលស្គាល់ស្នាដៃច្នៃប្រឌិត ឌីជីថល ដ៏ល្អបំផុតនៅកម្ពុជា Cambodia ICT Awards ហៅកាត់ថា CICTA (see-ta) គឺជា កម្មវិធីពានរង្វាន់បច្ចេកវិទ្យា គមនាគមន៍ និងព៌ត័មាន ថ្នាក់ជាតិធំជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដោយមានការគាំទ្រពី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានគោលបំណងធំចំនួន ៤ គឺ៖

១-ការទទួលស្គាល់

ដើម្បីផ្តល់នូវការទទួលស្គាល់ថ្នាក់ជាតិ ចំពោះសមិទិ្ធផល ស្នាដៃ ច្នៃប្រឌិត និងជោគជ័យនានា លើនវានុវត្តន៍ ឌីជីថល ក្នុងវិស័យ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

២-ការជម្រុញ

ដើម្បីជម្រុញឱ្យមានការប្រើប្រាស់ ដោយមានការច្នៃប្រឌិត និងនវានុវត្តន៍ខ្ពស់ លើវិស័យឌីជីថល ឬបច្ចេកវិទ្យា គមនាគន៍ និងព័ត៌មាន នៅគ្រប់ក្រសួង ក្រុមហ៊ុនឯកជនក្នុងស្រុក ក្រុមហ៊ុនផ្តួចផ្តើមធុរៈកិច្ច (Startup) សហគ្រាសសង្គមអង្គការក្រៅរដ្ឋាភិបាល ឬ ស្ថាប័នរដ្ឋពាក់ព័ន្ធផ្សេងៗ 

៣-ការលើកតម្កើង

លើកតម្កើងនូវ ការយល់ដឹងខាងផ្នែកឌីជីថល ឬបច្ចេកវិទ្យា គមនាគន៍ និងព័ត៌មាន ក្នុងស្រទាប់សាធារណជន និងជួយកាត់បន្ថយគម្លាតឌីជីថល នៅក្នុងសហគមន៍ជំនួញ និងរវាងប្រជាជន ដែលរស់នៅតាម បណ្តាខេត្ត និងក្នុងទីក្រុង ដែលជាកត្តារួមចំណែក ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

៤-ការផ្តល់ឱកាស

ផ្តល់ឱកាសឱ្យមនុស្សម្នា អាចបង្ហាញនូវស្នាដៃ សមិទិ្ធផល ជោគជ័យនានាអំពីនវានុវត្តន៍ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានជាមួយ និងឱកាសវិនិយោគ និងដើម្បីក្លាយជាតំណាង របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ថ្នាក់តំបន់ និងសាកលលោក ។

នៅក្នុងឆ្នាំ២០២០ នេះ កម្មវិធី CICTA 2020 នឹងផ្ដល់ពានរង្វាន់ ផលិតផល ឬសេវាកម្ម ល្អបំផុតប្រចាំឆ្នាំ ចំនួន ៦ ប្រភេទ ដូចជា៖សេវារដ្ឋបាលអេឡិចត្រូនិក ល្អបំផុតប្រចាំឆ្នាំ (Best E-Government service of the year)

1.សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ស្ថាប័នរដ្ឋ ដែលបានប្រើប្រាស់ ICT ដើម្បីបម្រើសេវាសាធារណៈ និងដោះស្រាយបញ្ហាដល់ប្រជាពលរដ្ឋ និងសាធារណជន។

2.ស្ថាប័ននវានុវត្តន៍ឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Innovation organization of the year)

សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ក្រុមហ៊ុន/ស្ថាប័ន ដែលបានច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យា ICT ឬឌីជីថល ដើម្បីធ្វើឱ្យអាជីវកម្ម សហគ្រាសរបស់ខ្លួន ល្អប្រសើរជាងមុន លឿនជាងមុន និងប្រសិទ្ធិភាពជាងមុន ដោយនាំយកផលិតផល និងសេវាកម្មថ្មីៗ ទៅកាន់ការប្រកួតប្រជែងនៅក្នុងទីផ្សារ។

3.បច្ចេកវិទ្យានវានុវត្តន៍សង្គម ល្អបំផុតប្រចាំឆ្នាំ (Best Social Innovation of the year)

សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ក្រុមហ៊ុន/ស្ថាប័ន ដែលបានច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យា ICT ឬឌីជីថល ដើម្បីបម្រើផលប្រយោជន៍ដល់សង្គម និងរួមចំណែកអភិវឌ្ឍន៍ដល់សេដ្ឋកិច្ចរបស់សហគ្រាសសង្គម ។

4.មាតិការឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Content Of The Year)

សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃឌីជីថលរបស់ ក្រុមហ៊ុនឯកជន ឬអង្គការក្រៅរដ្ឋាភិបាល ដែលបានប្រើប្រាស់ ICT ដើម្បីបង្កើតជាមាតិកាឌីជីថលផ្សេងៗ ដូចជា វីដេអូ ហ្គេម មេរៀន ឯកសារជាសម្លេង ។ល។ ដែលអាចរួមចំណែក ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ សាធារណជន និងសង្គម។

5.ការស្រាវជ្រាវ និងអភិវឌ្ឍន៍វិទ្យាសាស្ត្រ ល្អបំផុតប្រចាំឆ្នាំ (Best ICT R&D of the year) 

សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរប់សក្រុមហ៊ុន/ស្ថាប័ន ដែលមានស្នាដៃក្នុងការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងវិស័យ ICT ដូចជាការរកឃើញ រូបមន្តថ្មី វិធីសាស្ត្រថ្មី វិធានថ្មី ការបង្កើតថ្មី ។ល។ 

6.ក្រុមហ៊ុនផ្តួចផ្តើមធុរៈកិច្ចបច្ចេកវិទ្យា ល្អបំផុតប្រចាំឆ្នាំ (Best Tech Startup of the year)

ផលិតផល សេវាកម្ម ឬស្នាដៃរបស់ក្រុមហ៊ុនទើបនឹងបង្កើតថ្មី ដែលមានអាយុមិនលើសពី ៣ឆ្នាំ ដោយរាប់ចាប់ពីថ្ងៃ ចុះបញ្ជីពាណិជ្ជកម្មជាផ្លូវការ។ Tech Startup ត្រូវតែ ជាក្រុមហ៊ុន ដែលបានបង្កើតសមិទ្ធិផលថ្មី ជាមួយគំនិតនវានុវត្តន៍ថ្មី ដោយប្រើបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន។

គួររំលឹកថា តាំងពីឆ្នាំ២០១៥ មក រហូតមកដល់ពេលនេះមានក្រុមហ៊ុនឯកជន/ស្ថាប័នរដ្ឋ/អង្គការ ដាក់ពាក្យចូលរួមសរុប ១២០ ហើយក្រុមហ៊ុនឯកជន/ស្ថាប័នរដ្ឋ/អង្គការ ចំនួន ៣១ ទទួលបានពានរង្វាន់៕

ដើម្បីចុះឈ្មោះចូលរួម
ក្រុមហ៊ុនឯកជន/ ស្ថាប័នរដ្ឋ/អង្គការ ដែលមានបំណង ចង់ដាក់ពាក្យសូមចូល សូមទៅកាន់ គេហទំព័រ ឬ QR code ដូចខាងក្រោម៖
គេហទំព័រ៖ http://cambodiaictawards.com
QR code៖
ព័ត៌មានលម្អិត
សូមទាក់ទងតាមរយៈ ទូរស័ព្ទ ឬផ្ញើរអ៊ីម៉ែល ដូចខាងក្រោម៖
ទំនាក់ទំនង : លោក ជា វិចិត្រ
តួនាទី : ប្រធានមជ្ឈមណ្ឌល បណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ
ទូរស័ព្ទលេខ : 069 657 007
អ៊ីម៉ែល : vichet.chea@niptict.edu.kh
FB Page : Cambodia ICT Awards

ឈ្មោះ : លោក ឡាយ លាងស្រស់
តួនាទី : អ្នកសម្របសម្រួលកម្មវិធី
ទូរស័ព្ទលេខ : 089 909 978
អ៊ីម៉ែល : laysros@niptict.edu.kh

To Top