អត្ថបទ

ខេត្តកោះកុង ស្វាគមន៍ភ្ញៀវទេសចរជាតិ មកកម្សាន្តតាមរមណីយដ្ឋាន ធម្មជាតិល្បីៗ ក្នុងឱកាសឆ្លងឆ្នាំសកល និងទទួលយកភាពរីករាយ ក្នុងកម្មវិធីប្រគំតន្រ្តីឆ្លងឆ្នាំ

កោះកុង៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានប្រកាសទទួលស្វាគមន៍​ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានគម្រោ​ង ទៅទស្សនកិច្ច តំបន់ទេសចរណ៍នានា ក្នុងអំឡុងពេលឆ្លងឆ្នាំខាងមុខ អោយមកទស្សនាកម្សាន្ត តំបន់ទេសចរណ៍ធម្មជាតិល្បីៗ ជាច្រើនកន្លែង ក្នុងខេត្តកោះកុង ដែលរួមមាន រមណីយដ្ឋានព្រៃកោងកាង បាងកាយ៉ាក ឃុំពាមក្រសោប ទឹកជ្រោះតាតៃ ទឹកជ្រោះតាប៉ន តារាសាគរ ស្រុកគីរីសាគរ និងតំបន់ច្រកទ្វារអន្តរជាតិ កម្ពុជា-ថៃ ចាំយាមជាដើម ។

លោកស្រី បានរឭកផងដែរថា ចំនួនបន្ទប់ស្នាក់នៅ សម្រាប់ភ្ញៀវទេសចរ ក្នុងខេត្តកោះកុងទាំងមូល មានរហូតដល់ 1513 បន្ទប់ឯណោះ ដូច្នេះការស្នាក់នៅ មិនមានអ្វីជាកង្វល់សោះឡើយ ចំណែកតម្លៃវិញ លោកស្រីអភិបាល ក៏បានស្នើដល់ម្ចាស់សណ្ឋាគារ និង រមណីយដ្ឋាននីមួយៗ អោយរក្សានៅដដែរ មិនមានការឡើងថ្លៃ ហួសកម្រិតពេកនោះឡើយ។

ដោយឡែកសុវត្ថិភាព នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តកោះកុង លោកជំទាវជាមួយស្នងការ នគរបាលខេត្ត បានរៀបចំអោយមាន ការយាមកាមប្រចាំការ នៅតាមតំបន់នីមួយៗ យ៉ាងម៉ត់ចត់ជាទីបំផុត។

ក្រៅពីមានរមណីយដ្ឋាន ធម្មជាតិស្អាតៗទាំងនេះ ក្រុមការងារសាលាខេត្តក៏បាន សហការជាមួយ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ដើម្បីរៀបចំកម្មវិធី ប្រគំតន្ត្រីឆ្លងឆ្នាំ ដោយមានការចូលរួមសម្តែង ដោយតារាចម្រៀងល្បីៗ ដូចជាលោក ហ្សូណូ កញ្ញា យូរី និង ឌីជេល្បីមកពី ប្រទេសថៃ គឺកញ្ញា JINNICHA រយៈពេល ២ថ្ងៃ ៣០-៣១ ធ្នូ ឆ្នាំ ២០១៩ ចាប់ពីម៉ោង ៦ល្ងាចតទៅ នៅមាត់សមុទ្រ ទល់មុខសាលាខេត្តកោះកុង សម្រាប់ជាការកម្សាន្ត សប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋ ក្នុងទីរួមខេត្ត និងជាការអបអរសាទ ឆ្នាំចាស់ ឆ្លងចូលឆ្នាំថ្មី សម្រាប់ពលរដ្ឋខេត្តកោះកុង ទំាងមូល និង សមិទ្ធិផល ដែលក្រុមការងារខេត្ត សម្រេចបានពេញមួយឆ្នាំកន្លងទៅ។

ជាចុងក្រោយ លោកស្រីអភិបាល ក៏សូមគោរពជូនពរ ដល់បងប្អូន ប្រជាពលរដ្ឋកម្ពុជាទាំងមូល សូមទទួលបានសិរីសួស្តី ក្នុងឆ្នាំថ្មីឆ្នាំសកល ទទួលបានសេចក្តីសុខគ្រប់ៗគ្រួសារ និងចូលរួមទទួលអំណរ ឆ្នាំថ្មី២០២០ ទាំងអស់គ្នា៕

To Top