អត្ថបទ

ខេត្តព្រះវិហារ – គោលដៅទី១៨ នៃសិក្ខាសាលា តាមបណ្ដាខេត្ត ឆ្នាំ២០១៩

ព្រះវិហារ៖ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ បានចូលរួមក្នុង សិក្ខាសាលាតាម បណ្ដាខេត្តនៅ ខេត្តព្រះវិហារ ក្រោមប្រធានបទ «អ្វីជាការជួញដូរឧបករណ៍និស្សន្ទ៖ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?»។ ការចូលរួមលើកនេះ គឺជាលើកទី១៨ក្នុងឆ្នាំ២០១៩ និងជាលើកទី ២៣បើគិតចាប់ពី ការកើតឡើងនៃសិក្ខាសាលា តាមបណ្ដាខេត្ត ក្នុងឆ្នាំ២០១៨មក។ គោលបំណងសំខាន់ នៃការចូលរួមនេះ គឺដើម្បីចែករំលែកចំណេះដឹង ជំនាញ បទពិសោធន៍ ក៏ដូចជាគន្លឹះល្អៗ សម្រាប់ការវិនិយោគដល់ សាធារណៈជន នៅគ្រប់ខេត្តក្រុងទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា។

លោក គោស៊ុ ប៊ុនសឿត អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ បានផ្ដល់កិត្តិយសផ្ដល់ មតិស្វាគមន៍ ក្នុងសិក្ខាសាលានៅខេត្តព្រះវិហារនេះ។ លោកបានលើកឡើងពីសក្ដានុពល នៃខេត្តព្រះវិហារ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ចដែលស្ដែងឱ្យឃើញ តាមរយៈការធ្វើកំណែទម្រង់សេដ្ឋកិច្ច ដែលជួយឱ្យព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងមានកំណើន សេដ្ឋកិច្ចនៅក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ។ តាមរយៈសិក្ខាសាលានេះ លោក គោស៊ុ ប៊ុនសឿត ក៏រំពឹងថា សិក្ខាកាមនឹងទទួលបានចំណេះដឹង ផ្នែកហិរញ្ញវត្ថុបន្ថែម ជាពិសេសលើ ទីផ្សារឧបករណ៍និស្សន្ទ។

លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានប្រកាសបើកកម្មវិធី សិក្ខាសាលានៅខេត្តព្រះវិហារជាផ្លូវការ និងបានបង្ហាញពីស្ថានភាពបច្ចុប្បន្ន នៃទីផ្សារឧបករណ៍ និស្សន្ទនៅក្នុង ប្រទេសកម្ពុជា ក៏ដូចជាគោល ជំហររបស់ គណៈកម្មការ មូលបត្រ កម្ពុជាក្នុងការពង្រីក ការអភិវឌ្ឍ ទីផ្សារឧបករណ៍ និស្សន្ទបន្ថែមទៀត។ ឯកឧត្ដម បានលើកទឹកចិត្តឱ្យ វិនិយោគិនបង្កើនចំណេះដឹង និងត្រៀមខ្លួនរួចរាល់សម្រាប់ការវិនិយោគ លើឧបករណ៍ និស្សន្ទ ដើម្បីរួមចំណែកក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោក ស៊ូ សុជាតិ បានមានប្រសាសន៍ថា «ទីផ្សារឧបករណ៍ និស្សន្ទ ផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើត ឱកាស ការងារសម្រាប់និស្សិត ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ការបង្កើតឱកាសរកប្រាក់ ចំណូលពីការវិនិយោគ ការផ្លាស់ប្តូរទម្លាប់ពីការសន្សំមកជា ការវិនិយោគ ការបង្កើតជម្រើស ថ្មីនៃការវិនិយោគ ការបង្វែរការវិនិយោគពីក្រៅស្រុក មកក្នុងស្រុក និងការបង្កើនចំណូលជូន រដ្ឋតាមរយៈការបង់ពន្ធជាដើម»។

ក្នុងនាមជាវាគ្មិនកិត្តិយស លោក Naoto Arase ប្រធានផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានធ្វើបទបង្ហាញដើម្បីឱ្យសិក្ខាកាមងាយ យល់និងទទួលបានចំណេះដឹងអំពីការវិនិយោគ លើផលិតផលឧបករណ៍ និស្សន្ទ ការទប់ស្កាត់និងការកាត់ បន្ថយហានិភ័យពីការវិនិយោគ និងយុទ្ធសាស្រ្តល្អៗ ដើម្បីទាញយកផល គាប់ប្រសើរពីការវិនិយោគ។ ក្រោមការដឹកនាំ របស់គណៈកម្មការមូលបត្រកម្ពុជា លោក Naoto ក៏បានបង្ហាញពីការប្ដេជ្ញា របស់ក្រុមហ៊ុន ក្នុងការបន្តរួមអភិវឌ្ឍ ទីផ្សារឧបករណ៍ និស្សន្ទនៅកម្ពុជាឱ្យល្អប្រសើរ ដូចប្រទេសរីកចម្រើន ផ្សេងទៀតផងដែរ ។

ចាប់តាំងពីឆ្នាំ២០១៨មក ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានចូលរួមសិក្ខាសាលាតាម បណ្ដាខេត្តនៅខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តកំពង់ធំ រួចមកហើយ ហើយក្រុមហ៊ុននឹងបន្តដំណើរ និងចែករំលែក ចំណេះជំនាញវិនិយោគដល់ សាធារណៈជននៅគ្រប់ខេត្តក្រុង ទាំងអស់នៃ ព្រះរាជាណាចក្រកម្ពុជា។

ប្រសិនបើលោកអ្នកចង់ដឹង ព័ត៌មានបន្ថែម ឬចុះឈ្មោះចូលរួមសិក្ខាសាលា តាមបណ្ដាខេត្តនេះ សូមទំនាក់ទំនង មកក្រុមហ៊ុនយើងខ្ញុំតាមរយៈគេហទំព័រ www.goldenfxlink.com ឬទំព័រហ្វេសប៊ុក Golden FX Link Capital Co., Ltd. ឬទូរស័ព្ទមកលេខ 023 22 6666៕

To Top