អត្ថបទ

ធនាគារជាតិនៃកម្ពុជា ក្រសួងកិច្ចការនារី និងក្រុមហ៊ុនវីសាចាប់ ផ្តើម ដំណើរការគម្រោង លើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តី

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា ក្រសួងកិច្ចការនារី និងក្រុមហ៊ុន វីសា ដែលជា ក្រុមហ៊ុនឈានមុខគេ លើពិភពលោកក្នុងការទូទាត់តាមប្រព័ន្ធឌីជីថល ចាប់ផ្តើមដំណើរការ គម្រោងរយៈពេលមួយឆ្នាំ ដែលមានគោលបំណង លើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុ សម្រាប់ ស្ត្រីនៅកម្ពុជា ដោយផ្តោតលើ ការប្រើប្រាស់ទម្រង់ឌីជីថល។

គម្រោងនេះមានឈ្មោះថា “ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តីនិងសហគ្រិនស្រ្តី” នឹងរួមចំណែកក្នុងការជំរុញការចូលរួមពីយុវតី និងសហគ្រិនស្រ្តី ជាពិសេសប្រជាជននៅតាមជនបទរួម បញ្ចូលទាំងសិស្ស និងនិស្សិតស្រី ដែលកំពុងប្រកបអាជីវកម្មខ្នាតតូច ឬមានបំណងចង់បង្កើតអាជីវកម្ម។ ជាមួយគ្នាផងដែរ គម្រោងនេះមានគោលបំណង បង្កើនសមត្ថភាពបច្ចេកទេសដល់ មន្រ្តីក្រសួងកិច្ចការនារី និង ថ្នាក់ ក្រោមជាតិ ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ស្ត្រីនៅកម្ពុជា ឲ្យបានកាន់តែប្រសើរជាងមុន។ 

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានមានប្រសាសន៍ថា ប្រទេសកម្ពុជា យើងត្រូវការពង្រឹង និងពង្រីកប្រព័ន្ធអេកូឡូស៊ីសហគ្រិន ដូចជា លទ្ធភាពក្នុងការទទួល ហិរញ្ញវត្ថុ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ បរិយាកាសគាំទ្រ និងស្ថាប័នគាំទ្រដែលទាំងអស់នេះ គឺជាកាលានុវត្តភាព សម្រាប់សក្តានុពលនៃកំណើន ការអភិវឌ្ឍផលិតភាព ភាពច្នៃប្រឌិត និងនវានុវត្តន៍ នៅក្នុងបរិបទប្រកួតប្រជែងរបស់ សាកលដែលមានការ ផ្លាស់ប្តូរយ៉ាងលឿន។ សំខាន់ជាងនេះទៅទៀត សហគ្រិន និងអ្នកធ្វើអាជីវកម្មស្ត្រីកម្ពុជានៅមានច្រើននៅ ក្នុងប្រភេទអាជីវកម្មខ្នាតមីក្រូ និងខ្នាតតូច និងក្រៅផ្លូវការហើយ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏នៅមានកម្រិត។ កត្តាទាំងអស់នេះបាននាំឱ្យពួកគាត់អាច មើលឃើញបានទូលំទូលាយ ពីហានិភ័យ និងភាពងាយរងគ្រោះ នៅក្នុងដំណើរការនៃការអភិវឌ្ឍអាជីវកម្ម ធៀបទៅនឹងបុរស ដែលជាអ្នកគ្រប់គ្រងអាជីវកម្ម។ ការរៀបចំប្រកាសឱ្យ ដំណើរការគម្រោង នាព្រឹត្តិការណ៍ នៅ ថ្ងៃនេះបានដើរតួនាទី យ៉ាងសំខាន់ក្នុងការពង្រឹង ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ស្ត្រី ក៏ដូចជា បង្កើនសមត្ថភាព របស់ពួកគេ ក្នុងការដើរចេញពីភាពងាយរងគ្រោះ ក្នុងដំណើរការអាជីវកម្ម ខ្នាតមីក្រូ និងក្រៅផ្លូវការ។

លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា “ធនាគារជាតិនៃកម្ពុជាទទួលស្គាល់ថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺជា មូលដ្ឋានគ្រឹះក្នុងការ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ នៅកម្ពុជា និងរួមចំណែកសម្រេច បាននូវគោលដៅកំណត់ក្នុង យុទ្ធសាស្រ្ត ជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥។ ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជា សហការ ជាមួយភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ នានា បានធ្វើយុទ្ធនាការលើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុ ដោយផ្តោតលើអតិថិជនដែលមានលទ្ធភាព ស្រូបយកចំណេះដឹងដើម្បីធានានូវការ យល់ដឹង ការរក្សា និងការប្រើប្រាស់ព័ត៌មាន ដែលបានផ្សព្វផ្សាយ សម្រាប់ទទួលបានសេវា ហិរញ្ញវត្ថុផ្លូវការ។ 

លោកស្រី ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី មានប្រសាសន៍ថា “ការបង្កើន ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីមិនមែន ផ្តល់ផលប្រយោជន៍ចំពោះ ស្រ្តីតែប៉ុណ្ណោះទេ ថែមទាំង មានឥទ្ធិពលជា វិជ្ជមាននិងទូលំទូលាយដល់ក្រុម គ្រួសារ សហគមន៍ និងម៉ាក្រូសេដ្ឋកិច្ច។ ខណៈដែលសេដ្ឋកិច្ចកម្ពុជាមាន ការរីកចម្រើននិងអភិវឌ្ឍន៍ខ្លាំង យើងត្រូវផ្តោត ការយកចិត្តទុកដាក់លើ ការលើកស្ទួយក្រុមងាយរងគ្រោះ ហើយកម្មវិធីនេះគឺ ជាយន្តការ គាំទ្រ ដល់គោលដៅខាង លើ។

លោកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រង ក្រុមហ៊ុនវីសា ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “ក្រុមហ៊ុន វីសាបានរៀបចំកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ នៅទូទាំងពិភពលោក ហើយសង្កេតឃើញថាកម្មវិធីនេះមានផល ប្រយោជន៍ជា ច្រើនទៅលើប្រជាជន និងសហគមន៍។ នេះជា ឆ្នាំទីបីហើយដែលក្រុមហ៊ុនវីសា បានគាំទ្រដល់គំនិតផ្តួចផ្តើម រៀបចំកម្មវិធីអប់រំ ផ្នែកហិរញ្ញវត្ថុនៅកម្ពុជា ហើយយើងរំពឹងថា កិច្ចការនេះនឹងបន្តលើកកម្ពស់ ភាពអង់អាចផ្នែកហិរញ្ញវត្ថុ របស់ ប្រជាជន ក៏ដូចជា ការអភិវឌ្ឍ សេដ្ឋកិច្ចក្នុងប្រទេស។ ជាងពីរទស្សវត្សរ៍មកហើយ ដែលក្រុមហ៊ុនវីសា បាន និងកំពុងបន្តរៀបចំកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទូទាំងពិភពលោក ដោយរៀបចំកម្មវិធីឆ្លើយតប ទៅតាមតម្រូវការទីផ្សារ និងទៅដល់ប្រជាជន គ្រប់កម្រិតចាប់ពី កុមារ ដល់និស្សិត និងប្រជាជនពេញវ័យ៕

To Top