ខេត្តសៀមរាប៖ ហត្ថាកសិករ លីមីតធីត ដែលគេស្គាល់ថា ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយក្នុងប្រទេសកម្ពុជា បានរៀបចំ មហាសន្និបាតប្រចាំឆ្នាំ លើកទី២៣ ក្រោមប្រធានបទ “ឌីជីថលនីយកម្ម” ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងខេត្តសៀមរាប ដោយមានការអញ្ជើញ ចូលរួមពីតំណាងភាហ៊ុនិក ប្រធានក្រុមប្រឹក្សាភិបាល សមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់គ្រប់គ្រង និងបុគ្គលិកសរុបប្រមាណ ៤០០នាក់។
មហាសន្និបាតប្រចាំឆ្នាំត្រូវបានប្រារព្ធឡើងក្នុងគោលបំណង អបអរសាទរសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០១៩ និងបង្ហាញពីផែនការយុទ្ធសាស្រ្ត គោលដៅ ព្រមទាំងផែនការសម្រាប់ឆ្នាំ ២០២០។ បន្ថែមពីលើនេះទៀត កម្មវិធីប្រចាំឆ្នាំនេះ ក៏មានគោលបំណងក្នុងការថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញ ការងារដើម្បីនាំភាពរីកចម្រើន និងជោគជ័យដល់ហត្ថាកសិករ ព្រមទាំងផ្សាភ្ជាប់ ការតាំងចិត្តក្នុងការសម្រេចផែនការសម្រាប់ឆ្នាំថ្មី និងការបង្កើត ឲ្យមានការជួបជុំរវាងបុគ្គលិក គ្រប់ការិយាល័យសាខា ដើម្បីបង្កើតទំនាក់ទំនងល្អ និងភាពសប្បាយរីករាយ។
លោក ឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ហត្ថាកសិករ លីមីតធីត បានមានប្រសាសន៍ថា៖ “ឆ្នាំ២០១៩ គឺជាឆ្នាំប្រកបដោយ ភាពជោគជ័យបំផុតសម្រាប់ ហត្ថាកសិករទាំងមូល ដោយសមតុល្យប្រាក់បញ្ញើសន្សំ ផលប័ត្រឥណទាន និងប្រាក់ចំណូល សរុបប្រចាំឆ្នាំសម្រេចបានលើសផែនការដែល បានកំណត់”។ លោកបានបន្ថែមថា “សម្រាប់ឆ្នាំ២០២០នេះ ហត្ថាកសិករ នឹងប្រែមុខមាត់ថ្មី ដែលថ្នាក់ គ្រប់គ្រងគ្រប់ជាន់ថ្នាក់ និងបុគ្គលិកទាំងអស់ ចាំបាច់ត្រូវត្រៀមខ្លួនរួចជា ស្រេចក្នុងការចាប់ យកចំណេះជំនាញបន្ថែមទាក់ទង នឹងបច្ចេកវិទ្យាថ្មីៗ ដើម្បីបំពេញនូវតម្រូវការ និងបម្រើដល់អតិថិជន ប្រកបដោយប្រសិទ្ធភាពខ្ពស់”។ នាឱកាសនេះដែរលោកបានបង្ហាញ នូវសមិទ្ធផល ដែលសម្រេចបានគិតត្រឹម ខែធ្នូ ឆ្នាំ២០១៩ ដែលរួមមាន ផលប័ត្រឥណទាន សម្រេចបាន ១,០៥១ពាន់លានដុល្លារអាមេរិក សមតុល្យប្រាក់ បញ្ញើសន្សំសរុបចំនួន ៥៩៩លានដុល្លារអាមេរិក ប្រាក់ចំណេញ សុទ្ធ ២៨.៩០លានដុល្លារអាមេរិក ហើយជាពិសេសនោះ គឺផលប័ត្រឥណទានស្ថិតក្នុង កម្រិតហានិភ័យ មានអត្រាទាប ត្រឹមតែ០.៣៧% ប៉ុណ្ណោះ។
លោក Dan Harsono ប្រធានក្រុមប្រឹក្សា ភិបាល ហត្ថាកសិករ លីមីតធីត បានមានប្រសាសន៍ថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់គណៈគ្រប់គ្រង និងបុគ្គលិកហត្ថាកសិករទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដើម្បីសម្រេចបានសមិទ្ធផលដ៏ល្អ ក្នុងឆ្នាំ ២០១៩”។
លោកបន្តថា “រយៈពេលជាង ៣ឆ្នាំមកហើយ ដែលខ្ញុំបានធ្វើការជាមួយ ហត្ថាកសិករ លីមីតធីត ហើយខ្ញុំនៅតែមានសុទិដ្ឋិនិយមខ្ពស់ ចំពោះហត្ថាកសិករ ដែលសំបូរទៅដោយថ្នាក់គ្រប់គ្រង និងបុគ្គលិកឆ្នើម មានទេពកោសល្យ និងមានសមត្ថភាពខ្ពស់ ដូច្នេះខ្ញុំជឿជាក់ យ៉ាងមុតមាំថាហត្ថាកសិករនឹងទទួលបានសមិទ្ធផល កាន់តែល្អថែមទៀតក្នុងឆ្នាំ២០២០នេះ“។ “គោលដៅចំបងដែលធនាគារក្រុងស្រ៊ី ចូលរួមជាមួយ ហត្ថាកសិករ គឺក្នុងគោលបំណងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា និងធ្វើឲ្យហត្ថាកសិករ លីមីតធីត ក្លាយជាធនាគាពាណិជ្ជ ដែលឈានមុខគេនៅក្នុងប្រទេសកម្ពុជា ក្នុងពេលខាងមុខនេះ” លោកបានបន្ថែម។
លោកSeiichiro Akita ប្រធានអគ្គនាយក ធនាគារក្រុងស្រ៊ីនៃព្រះរាជាណាចក្រថៃឡង់ដ៏ ដែលជាក្រុមហ៊ុនអាណាព្យាបាលរបស់ ហត្ថាកសិករ លីមីតធីត បានបង្ហាញពីអារម្មណ៍សប្បាយរីករាយដែលបានចូលរួមក្នុងកម្មវិធីនេះ ព្រមទាំងធ្វើការកោតសរសើរដល់ក្រុមប្រឹក្សាភិបាល និងថ្នាក់គ្រប់គ្រងរបស់ហត្ថាកសិករ ដែលបានដឹកនាំហត្ថកសិករ ឲ្យទទួលបានសមិទ្ធផលដ៏ត្រចះត្រចង់។ លោកបានមានប្រសាសន៍ថា “ខ្ញុំសូមអរគុណដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ជាពិសេសលោកឧកញ៉ា ហួត អៀងតុង ដែលបានដឹកនាំហត្ថាកសិករ លីមីតធីត ឲ្យទទួលបានការរីកចម្រើនដូចសព្វថ្ងៃនេះ។ សមិទ្ធផលដ៏ល្អអស្ចារ្យនេះ គឺពិតណាស់កើតឡើងពីការចូលរួម ការខិតខំប្រឹងប្រែង និងការបេ្តជ្ញាចិត្តរបស់អ្នកទាំងអស់គ្នា”។
លោកបានបន្តថា “MUFG ដែលជាធនាគារធំជាងគេ នៅប្រទេសជប៉ុន និងធនាគារក្រុងស្រ៊ីនៃព្រះរាជាណាចក្រថៃឡង់មានចក្ខុវិស័យវែងឆ្ងាយ និងការតាំងចិត្តខ្អស់ ក្នុងការចូលរួមអភិវឌ្ឍ ប្រទេស CLMV ដែលរួមមានប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសភូមា និងប្រទេសវៀតណាម ជាពិសេសគឺប្រទេសកម្ពុជា និង ប្រទេសផ្សេងៗទៀតនៅតំបន់អាស៊ីអាគ្នេយ៍ ហើយខ្ញុំជឿជាក់ថា ហត្ថាកសិករ នឹងក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុមួយ ដែលរឹងមាំជាងគេនៅក្នុងប្រទេសកម្ពុជា ជាមួយគ្នានឹងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ធនាគារក្រុងស្រ៊ី និងMUFG”។
លោកបានបន្ថែមថា “កម្មវិធីថ្ងៃនេះផ្តោតសំខាន់ទៅលើ ឌីជីថលនីយកម្មដែលជាផ្នែកមួយដ៏សំខាន់ សម្រាប់គ្រប់វិស័យនាពេលបច្ចុប្បន្ន ហើយយើងគ្រប់គ្នាចាំបាច់ត្រូវអភិវឌ្ឍផែ្នកឌីជីថលដើម្បីថែរក្សា និងបន្តនូវគុណភាពសេវាកម្មឲ្យកាន់តែល្អប្រសើរ ជូនដល់ដល់អតិថិជន”។ “ខ្ញុំពិតជាជឿជាក់ថាហត្ថាកសិករអាចជម្នះ និងបន្តដំណើរទៅមុខប្រកប ដោយភាពជោគជ័យកាន់តែខ្លាំងថែមទៀត” លោកបានបន្ថែម។
ហត្ថាកសិករ លីមីតធីត មានបទពិសោធន៍ ជាង២៦ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ ហត្ថាកសិករ លីមីតធីត មានការិយាល័យសាខាចំនួន ១៧៧ ដើម្បីបម្រើសេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាបើកប្រាក់បៀរវត្ស និងសេវាធនាគារ ចល័តជូនអតិថិជន ព្រមទាំងមានទូអេធីអឹមចំនួន ១៣៧ នៅទូទាំង ២៥ ខេត្ត/ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។ ហត្ថាកសិករ លីមីតធីត គឺជាបុត្រសម្ព័ន្ធធនាគារក្រុងស្រ៊ី (Krungsri) ដែលជាធនាគារ ពាណិជ្ជធំបំផុតលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់ MUFG ដែលជាសម្ព័ន្ធធនាគារ ធំជាងគេនៅប្រទេសជប៉ុន និងជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតមួយនៅក្នុងពិភពលោក៕