អត្ថបទ

គណៈកម្មការមូលបត្រកម្ពុជា បានផ្តល់ការអនុញ្ញាត ជាគោលការណ៍ លើការ បោះផ្សាយលក់មូលបត្រ កម្មសិទ្ធិ ជាសាធារណៈ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជធំជាងគេ នៅប្រទេសកម្ពុជា បានទទួល ការអនុញ្ញាត ជាគោលការណ៍ពី គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) លើការបោះផ្សាយ លក់មូលបត្រ កម្មសិទ្ធិលើកដំបូង ជាសាធារណៈ របស់ធនាគារ នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងក្លាយជាធនាគារពាណិជ្ជទី១ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងចុះ បញ្ជីបោះផ្សាយលក់ មូលបត្រកម្មសិទ្ធិ លើកដំបូងជាសាធារណៈ នៅក្នុងក្រុមហ៊ុន ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.)។ ធនាគារគ្រោង នឹងបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិថ្មី ចំនួន ៨.៧៥១.៣៩១ ភាគហ៊ុន និងភាគហ៊ុន ដែលមានស្រាប់ រហូតដល់ ១៣.១២៧.០៨៦ ភាគហ៊ុន ដល់សាធារណជន ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ បានមានប្រសាសន៍ថា “ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់ឱកាស ដល់វិនិយោគិន និងសាធារណជន ដើម្បីវិនិយោគលើ ភាគហ៊ុន របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី” ។ ធនាគារនឹងរៀបចំ កម្មវិធីបង្ហាញ ព័ត៌មានលម្អិត (Roadshow) ចំនួន ០២ (ពីរ) លើក នៅថ្ងៃទី០៣ និងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលនឹងមាន បទបង្ហាញ ដល់វិនិយោគិន អំពីទិដ្ឋភាពទូទៅនៃអាជីវកម្ម ហិរញ្ញវត្ថុ របស់ធនាគារ ពេលវេលារំពឹងទុក នៃការបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិ ជាសាធារណៈ និងការរៀបចំខ្លួនរបស់ វិនិយោគិន ដើម្បីទិញភាគហ៊ុន របស់ធនាគារ។”

ធនាគារនឹង ចាប់ផ្តើមដំណើរការ ប៊ុកបៀលឌីងជាផ្លូវការ និងអញ្ជើញវិនិយោគិន និងសាធារណជន ចូលរួមកំណត់ថ្លៃភាគហ៊ុន របស់ធនាគារ នៅក្នុងរវាងចន្លោះថ្លៃ ចាប់ពី១៥.០០០ រៀល ដល់ ១៧.៤០០រៀល ក្នុងមួយភាគហ៊ុន។ ថ្លៃភាគហ៊ុនចុងក្រោយ នឹងត្រូវកំណត់ទៅតាម ការកំណត់ថ្លៃ ដែលវិនិយោគិន បានដាក់នៅក្នុង ដំណើរការប៊ុកបៀលឌីង ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។ បន្ទាប់ពីដំណាក់កាល ប៊ុកបៀលឌីង ត្រូវបានបញ្ចប់ វិនិយោគិន និងសាធារណជនទាំងអស់ នឹងត្រូវអញ្ជើញ មកចូលរួម ក្នុងដំណាក់កាល បរិវិសកម្ម ដើម្បីទិញភាគហ៊ុនរបស់ធនាគារ លើថ្លៃភាគហ៊ុន ចុងក្រោយ ចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០។

បណ្ឌិត អ៊ិន ចាន់នី បានធ្វើការបញ្ជាក់បន្ថែមថា “ដើម្បីចូលរួមក្នុងដំណាក់កាល ប៊ុកបៀលឌីង និងដំណាក់កាល បរិវិសកម្ម វិនិយោគិន ត្រូវមានលេខអត្តសញ្ញាណ វិនិយោគិន (Investor ID) និងគណនីជួញដូរ (Trading Account) ជាមួយក្រុមហ៊ុនមូលបត្រណាមួយ ដែលទទួលបាន អាជ្ញា បណ្ណ ពីគណៈកម្មាការមូលបត្រ (គ.ម.ក.)។”
លោកបន្ថែមទៀតថា “ធនាគាររំពឹងថា នឹងចុះបញ្ជីនៅក្នុងផ្សារមូលបត្រ កម្ពុជា (ផ.ម.ក.) នាចុងខែមេសា ឆ្នាំ២០២០ នេះ។ ក្នុងនាមជាធនាគារ ពាណិជ្ជទីមួយ ដែលនឹងត្រូវចុះបញ្ជី ក្នុង ផ.ម.ក. ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងក្លាយជាធនាគារគំរូមួយ សម្រាប់ធនាគារផ្សេងៗទៀត នៅក្នុងវិស័យ ធនាគារ និងហិរញ្ញវត្ថុ ក្នុងការប្រើប្រាស់ទីផ្សារ មូលធនកម្ពុជា ដើម្បីប្រមូលទុន ។”

លោក Han Kyung Tae អគ្គនាយក ក្រុមហ៊ុន យាន់តា ស៊ីឃ្យូរឹធី (ខេមបូឌា) ភីអិលស៊ី បានមាន ប្រសាសន៍ថា “ចំនុចដែលធ្វើឱ្យការបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី មានលក្ខណៈពិសេស និងខុសប្លែក ពីការបោះផ្សាយលក់ មូលបត្រកម្មសិទ្ធិ ជាសាធារណៈមុនៗ គឺធនាគារ មិនមានលៃបម្រុងទុកភាគហ៊ុន សម្រាប់វិនិយោគិន និងស្ថាប័នដែលមាន សក្តានុពលនោះទេ។ រាល់ភាគហ៊ុន ដែលនឹងបោះផ្សាយ លក់ទាំងអស់ នឹងត្រូវលក់ជូនវិនិយោគិន និងសាធារណជន។
ការបោះផ្សាយលក់ មូលបត្រកម្មសិទ្ធិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងត្រូវបានចាត់ទុកថាជា “ការបោះផ្សាយលក់ មូលបត្រកម្មសិទ្ធិជូនប្រជាជន” ដែលលើកទឹកចិត្ត ដល់វិនិយោគិន រូបវ័ន្តបុគ្គល និងសាធារណជនទូទៅ ឱ្យចូលរួមក្នុងការបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិ នេះ ទៅតាមសមត្ថភាពហិរញ្ញវត្ថុរបស់ខ្លួន។ យើងបាន ធ្វើការជាមួយធនាគារ ដើម្បីបង្កើតវិធីសាស្ត្របែងចែកភាគហ៊ុន ដែលផ្តល់អាទិភាព ដល់វិនិយោគិន រូបវ័ន្តបុគ្គល ដែលទិញភាគហ៊ុនចំនួន ១.០០០ ភាគហ៊ុន ឬតិចជាងនេះ។
ការបោះផ្សាយ លក់មូលបត្រ កម្មសិទ្ធិ ជាសាធារណៈរបស់ធនាគារ គឺជាឱកាសមាស សម្រាប់វិនិយោគិន រូបវ័ន្តបុគ្គល ដើម្បីក្លាយជា ម្ចាស់ភាគហ៊ុន របស់ធនាគារ ដែលគួរឱ្យទុកចិត្ត និងមានហិរញ្ញវត្ថុរឹងមាំបំផុត នៅក្នុងប្រទេសកម្ពុជា។”

បណ្ឌិត អ៊ិន ចាន់នី បានមានប្រសាសន៍ទៀតថា ទឹកប្រាក់ដែលបាន មកពីការបោះផ្សាយ លក់ មូលបត្រកម្មសិទ្ធិ ជាសាធារណៈនេះ នឹងត្រូវយកទៅប្រើប្រាស់ ដើម្បីអភិវឌ្ឍសេវាកម្ម ធនាគារឌីជីថល និងសម្រាប់គោលបំណង អាជីវកម្មទូទៅរបស់ធនាគារ ៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ ធនាគារ អេស៊ីលីដា ភីអិលស៊ី

+លោកស្រី ប៊ុត ប៊ុនសីហា
មុខងារ : អនុប្រធាននាយកប្រតិបត្ដិ និងជាគណៈប្រធាននាយិកា ប្រតិបត្ដិនីតិកម្ម និងលេខាធិការក្រុមហ៊ុន ( មន្រ្តីទទួលបន្ទុកផ្តល់ព័ត៌មាន)
ទូរស័ព្ទ : ០១៥ ៦០០ ៥៣២ អ៊ីម៉ែល : buth.bunsayha@acledabank.com.kh

+លោកស្រី ម៉ារ អមរា មុខងារ : អនុប្រធាននាយកប្រតិបត្ដិ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ (មន្រ្តីទំនាក់ទំងសាធារណៈ)
ទូរស័ព្ទ : ០១៥ ៩០០ ១២៦ អ៊ីម៉ែល : amara@acledabank.com.kh

To Top