អត្ថបទ

ក្រសួងបរិស្ថាន​​ ប្រគល់បណ្ណសរសើរ មេត្រីភាពបរិស្ថាន ដល់ធនាគារ ជីប ម៉ុង

ភ្នំពេញ៖ ធនាគារ ជីប ម៉ុង នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះ បានទទួលបណ្ណសរសើរ ប្រតិបត្តិមេត្រីភាពបរិស្ថាន ពីប្រសួងបរិស្ថាន ក្រោមអធិបតីភាព របស់លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ជួប ប៉ារីស៍ អគ្គលេខាធិការរង​ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព ។

ធនាគារ ជីប ម៉ុង គឺជាធនាគារពាណិជ្ជទីមួយ ដែលបានប្រតិបត្តិមេត្រីភាព​ បរិស្ថានល្អប្រសើរ តាមរយៈការកាត់បន្ថយ ការប្រើប្រាស់ក្រដាស ការបង្កើតប្រព័ន្ធឌីជីថល សម្រួលប្រតិបត្តិការ សេវាកម្មធនាគារ ជូនអតិថិជន ការរៀបចំការិយាល័យ ប្រកបដោយផាសុកភាព និងមានអនាម័យខ្ពស់ សម្រាប់បុគ្គលិក ព្រមទំាងការចូលរួម អនុវត្តគោលការណ៍ ហិរញ្ញវត្ថុ ប្រកបដោយចីរភាព ។

លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ ជីប ម៉ុង បានមានប្រសាសន៍ថា ការទទួលបាន បណ្ណសរសើរមេត្រីភាពបរិស្ថាននេះ ពិតជាធ្វើឲ្យលោក និងសហការី ធនាគារ ជីប ម៉ុង ទាំងអស់ មានសេចក្តីរំភើប និងសប្បាយរីករាយ ដែលធនាគារនេះ ទទួលបានការកោតសរសើរ ពីក្រសួងបរិស្ថាន ហើយសមិទ្ធផលមួយនេះ បានពីកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងសហការីទាំងអស់គ្នា។

លោកឧកញ៉ា បានបន្តទៀតថា ធនាគារ ជីប ម៉ុង បានប្រើប្រាស់ បច្ចេកវិទ្យាចុងក្រោយបែបឌីជីថល តាមឧស្សាហកម្ម ៤.០ ដែលធ្វើការតាមប្រព័ន្ធ អេឡិចត្រូនិច សន្សំសម្ចៃការប្រើប្រាស់ក្រដាស ដែលចូលរួមការពារបរិស្ថាន កាត់បន្ថយ ការកាប់ព្រៃឈើ និងកាត់បន្ថយ ការរំភាយឧស្ម័ន កាបូនឌីអុកស៊ីត (CO2)៕

To Top