អត្ថបទ

លោក ជា សុផារ៉ា អញ្ជើញបើកការដ្ឋាន សាងសង់គម្រោង អភិវឌ្ឍលំនៅឋាន “កំណប់ឋានសួគ៌” របស់ក្រុមហ៊ុន សុខា អូតែល នៃគម្រោងទី៣ “ក្រោន អ៊ីស្តេត”

កំពត៖ នាព្រឹកទី៧ ខែមីនា ឆ្នាំ២០២០ នៅភ្នំបូកគោ ខេត្តកំពត លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋាន សាងសង់គម្រោង អភិវឌ្ឍលំនៅឋាន “កំណប់ឋានសួគ៌” របស់ក្រុមហ៊ុន សុខា អូតែល ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ជាវ តាយ អភិបាលខេត្តកំពត។

ចំពោះការអភិវឌ្ឍ​ នៅភ្នំបូកគោ ក្រុមហ៊ុនបានបើកការដ្ឋាន ជាផ្លូវការ នៅខែមករា ឆ្នាំ២០០៨ ដោយបានសាងសង់ ផ្លូវអ៊ុតកៅស៊ូពីជើងភ្នំ ឡើងទៅលើកំពូលភ្នំ មានចម្ងាយ ៣៣ គីឡូម៉ែត្រ ទទឹងផ្លូវ ៨ ម៉ែត្រ ហើយដាក់ឲ្យដំណើរការ នៅឆ្នាំ២០១២ ដែលត្រូវបានរាជរដ្ឋាភិបាល ប្រសិទ្ធិនាមថា “មហារុក្ខវិថីគិរីតេជោ “ ទន្ទឹមនេះ ដើម្បីជំរុញការអភិវឌ្ឍ ឲ្យបានឆាប់រហ័ស និងអនុលោម តាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ដែលបានសម្រេច ដាក់ឲ្យប្រើប្រាស់ប្លង់គោល ប្រើប្រាស់ដីគម្រោង អភិវឌ្ឍក្រុងបូកគោ ក្រុមហ៊ុនបានរៀបចំ គម្រោងអភិវឌ្ឍលំនៅដ្ឋាន នៅលើភ្នំបូកគោ ដោយពុះបំបែកដីជាឡូត៍តូចៗ មានដីឡូត៍ សម្រាប់សាងសង់ផ្ទះល្វែង សម្រាប់សាងសង់ភូមិគ្រឹះ និងសម្រាប់សាងសង់ អគារពាណិជ្ជកម្ម ជាដើម ដែលបច្ចុប្បន្ន បានជួលបន្តដីឡូត៍ទាំងនោះ អស់ចំនួនប្រមាណ ៥២០០ ឡូត៍ ទៅឲ្យអតិថិជន ប្រមាណ ១៦០០នាក់ហើយ។

ដោយទទួលបានច្បាប់ អនុញ្ញាតសាងសង់ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមហ៊ុន សុខា អូតែល បានប្រារព្ធពិធីបើកការដ្ឋាន សាងសង់ជាផ្លូវការ នូវគម្រោងអភិវឌ្ឍលំនៅដ្ឋាន កំណប់ឋានសួគ៌ នៅលើភ្នំបូកគោ ដែលមាន ៤ ទីតាំងដូចខាងក្រោមៈ បុរីមរកតឋានសួគ៌ៈ សាងសង់ -ភូមិគ្រឹះអំពីបេតុង កំពស់ ២ជាន់ ចំនួន ១ ៣៩១ខ្នង មានផ្ទៃដីទំហំ ១៦ម X ២២ម ក្នុង ១ភូមិ គ្រឹះ ក្នុងនោះ ភូមិគ្រឹះប្រភេទ ក ចំនួន ៦៤ ខ្នង, ប្រភេទ ខ ចំនួន ៧៨ ខ្នង, ប្រភេទ គ ចំនួន ៦០៤ ខ្នង, និងប្រភេទ ឃ ចំនួន ៦៤៥ ខ្នង។

ចំណែកបុរីអម្រឹតឋានសួគ៌ៈ សាងសង់ ផ្ទះល្វែងអំពីបេតុង កំពស់ ៣ជាន់ ចំនួន ៤ ២៤០ ល្វែង មានផ្ទៃដីទំហំ ៥ម X២១ម ក្នុង ១ ល្វែង ផ្សារអំពីបេតុង កំពស់ ២ជាន់ ទំហំ ១២៣ម x១០៤ម, គម្រោងមន្ទីរពេទ្យ និងសាលារៀន។ ៣-ក្រោន អ៊ីស្តេតៈ សាងសង់-ភូមិគ្រឹះអំពីបេតុង កំពស់ ៣ជាន់ ចំនួន ៥ ៥៨៥ខ្នង មានផ្ទៃដីទំហំ ១០ម x ១៨ម ក្នុង ១ ភូមិគ្រឹះ ក្នុងនោះ ភូមិគ្រឹះប្រភេទ គ ចំនួន ២ ៧៩២ខ្នង, និងប្រភេទ ឃ ចំនួន ២ ៧៩៣ខ្នង​។ -ផ្ទះល្វែងអំពីបេតុង កំពស់ ៣ជាន់ ចំនួន ១៥ ៩៥២ ល្វែង មានផ្ទៃដីទំហំ ៦ម x ១៤.៥ម ក្នុង ១ល្វែង។

ទន្ទឹមនេះ ក្រុមហ៊ុនក៏ត្រូវសាងសង់ ទៅដល់ទីតាំងអភិវឌ្ឍនីមួយៗ នូវហេដ្ឋារចនាសម្ព័ន្ធ ជាអាទិ៍មាន៖ ផ្លូវអ៊ុតកៅស៊ូ ប្រវែងសរុបប្រមាណ ២០៤ គីឡូម៉ែត្រ ក្នុងនោះផ្លូវទទឺង ១០ម៉ែត្រ មានប្រវែង ១៤៩គីឡូម៉ែត្រ ផ្លូវទទឹង ១២ម៉ែត្រ មានប្រវែង ២៧គីឡូម៉ែត្រ និងផ្លូវទទឹង ១៦ម៉ែត្រ មានប្រវែង ២៨គីឡូម៉ែត្រ ដែលមានតម្លៃសាងសង់ ប្រមាណជា ៥០០ ០០០ ដុល្លារអាមេរិក ក្នុង ១គីឡូម៉ត្រ។

ក្រុមហ៊ុន បានសាងសង់បណ្តាញផ្គត់ផ្គង់អគ្គិសនី ផ្គត់ផ្គង់ទឹកស្អាត លូបង្ហូរទឹក សួនច្បារ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ដែលមានស្តង់ដារខ្ពស់ ដូចនៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ ។ល។ ដោយក្រុមហ៊ុន ត្រូវចំណាយថវិកា យ៉ាងធំធេង។

ចំពោះសំណង់ទាំងអស់នេះ នឹងត្រូវសាងសង់ដោយ ក្រុមហ៊ុន សុខា រៀល អ៊ីស្តេត ឯ.ក ដែលមាន វិញ្ញាបនបត្រ​ បញ្ជាក់ការអនុញ្ញាត ឲ្យប្រកបអាជីវកម្មសាងសង់ ចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្រុមហ៊ុននេះ មានធនធានគ្រប់គ្រាន់ មានស្ថាបត្យករ, វិស្វករ, និងអ្នកបច្ចេកទេស ដែលប្រកបដោយសមត្ថភាព និងបទពិសោធន៍ខ្ពស់ ព្រមទាំង៖ គ្រឿងចក្រ ធុនធ្ងន់ចំនួន ៩៩ គ្រឿង រោងចក្រលាយបេតុង ចំនួន ១ រោងចក្រ លាយកៅស៊ូក្រាលថ្នល់ ចំនួន ១ រោងចក្រផលិតអិដ្ឋ ចំនួន ២
រោងម៉ាស៊ីនផលិតលូចំនួន ១ និងរោងសិប្បកម្ម ផលិតគ្រឿងសង្ហារិម ចំនួន ១ ដែលមានសមត្ថភាព ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់នានា។

ឆ្លៀតក្នុងឱកាសនេះ ដើម្បីជំរុញការអភិវឌ្ឍភ្នំបូកគោ ឲ្យបានលឿន និងដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងទីក្រុងវៃឆ្លាតមួយ នៅទីនេះ ឲ្យបានឆាប់រហ័ស ក្នុងអនាគតដ៏ខ្លី ក៏ដូចជាការផ្តល់ទំនុកចិត្ត និងភាពកក់ក្តៅ ដល់អ្នកវិនិយោគ និងអតិថិជន ក្រុមហ៊ុន បានសំណូមពរ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជួយជំរុញការបង្កើត រចនាសម្ព័ន្ធរដ្ឋបាលក្រុង នៅលើភ្នំបូកគោនេះ ឲ្យបានឆាប់ និងផ្តល់កម្មសិទ្ធិអចិន្រ្តៃយ៏ និងសូមឲ្យជួយជំរុញ ឲ្យអតិថិជន និងអ្នកវិនិយោគ មកវិនិយោគ នៅភ្នំបូកគោ ឲ្យបានកាន់តែច្រើនថែមទៀត។​ ជាមួយគ្នានេះ អតិថិជនទាំងអស់ ដែលបានជួលដី នៅលើភ្នំបូកគោ ត្រូវចាប់ផ្តើមការសាងសង់ ឲ្យបានឆាប់រហ័ស។

ជាងនេះទៅទៀត តំណាងអ្នកឧកញ៉ាបណ្ឌិត សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប ក៏បានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុតចំពោះ រាជរដ្ឋាភិបាលកម្ពុជា គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តកំពត ដែលបានគាំទ្រ និងបង្កលក្ខណៈងាយស្រួល ដល់ក្រុមហ៊ុន ក្នុងការអនុវត្តគម្រោងវិនិយោគ និងអភិវឌ្ឍនៅភ្នំបូកគោនេះ និងសូមឲ្យការគាំទ្រនេះ បន្តនៅជារៀងរហូត។ ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន ក៏បានសូមអរគុណសន្តិភាព ដែលបានផ្តល់ភាពសុខដុមរមនា ផ្តល់ឱកាស​ ឲ្យទាំងអស់គ្នា ប្រកបមុខរបរ បានដោយសុខសាន្ត និងមានអ្វីៗ ដូចសព្វថ្ងៃនេះ៕

ដោយ៖លី ភីលីព

To Top