អត្ថបទ

មេដឹកនាំជាស្ត្រី​ របស់ក្រុមហ៊ុន អាកាសចរណ៍ Vietjet រួមជាចំណែកយ៉ាងធំធេង ក្នុងឧស្សាហកម្ម អាកាសចរណ៍ ប្រចាំតំបន់​អាស៊ីអាគ្នេយ៍

ភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានចូលរួមជាចំណែកយ៉ាងធំ ក្នុងឧស្សាហកម្មអាកាសចរណ៍ ប្រចាំតំបន់អាស៊ីអាគ្នេយ៍។ ភាពជោគជ័យ របស់ក្រុមហ៊ុនអាកាសចរណ៍ ឈានមុខគេមួយនេះ ដែលទទួលបាន អ្នកដំណើរដ៏ខ្ពស់បំផុត ក្នុងប្រទេសវៀតណាមនោះ អាស្រ័យទៅលើកិច្ចខិតខំប្រឹងប្រែង របស់មេដឹកនាំពោរពេញ ដោយទេពកោសល្យ​ របស់ក្រុមហ៊ុន។

មេដឹកនាំ២នាក់ ក្នុងចំណោមមេដឹកនាំ ដ៏ល្បីល្បាញបំផុត គឺលោកស្រីអគ្គនាយក Nguyen Thanh Ha និងលោកស្រី Nguyen Thi Phuong Thao ដែលជាប្រធាន និងជានាយកប្រតិបត្តិ។ បើយោងទៅតាមសាស្ត្រាចារ្យ រងលោកបណ្ឌិត Tran Dinh Thien អតីតនាយកវិទ្យាស្ថាន សេដ្ឋកិច្ចវៀតណាម អ្នកទាំង២ «គឺជាស្ត្រី២នាក់ដ៏ឆ្នើមបំផុត» ដែលដឹកនាំ និងគ្រប់គ្រងអាជីវកម្ម បានយ៉ាងរលូន ក្រោមទស្សនវិស័យដ៏អស្ចារ្យ សកម្មភាពដ៏រស់រវើក និងជ័យជម្នះយ៉ាងធំធេង ទាំងក្នុងទីផ្សារក្នុងស្រុក និងបរទេស។

លោកស្រី Nguyen Thanh Ha គឺស្ថាបនិកម្នាក់ ក្នុងចំណោម សហស្ថាបនិករបស់ Vietjet និងត្រូវបានតែងតាំង ជាអគ្គនាយក កាលពីឆ្នាំ២០០៧។ នៅមុនពេលចូលរួម ជាមួយនឹង Vietjet លោកស្រី Ha មានតួនាទីជាអគ្គនាយករង នៃអាជ្ញាធរ អាកាសចរណ៍ វៀតណាម (CAAV) ។

ក្នុងនាមជាមនុស្សមិនចូលចិត្ត បង្ហាញជីវប្រវត្តិរបស់ខ្លួន លោកស្រី Ha មានការស្រឡាញ់ចូលចិត្តយ៉ាងខ្លាំង លើអាជីពរបស់លោកស្រី។ ជាមួយនឹងការមានបទពិសោធយ៉ាងទូលំទូលាយ ក្នុងឧស្សាហកម្មអាកាសចរណ៍ ក្នុងប្រទេសវៀតណាម លោកស្រី Ha មានការប្តេជ្ញាចិត្ត ក្នុងការធ្វើឲ្យ Vietjet ក្លាយជាក្រុមហ៊ុនអាកាសចរណ៍ បែបច្នៃប្រឌិតថ្មី ប្រចាំតំបន់អាស៊ីអាគ្នេយ៍។ លោកស្រីមានពាក្យស្លោកថា៖ «យើងជឿជាក់លើអនាគតកាន់តែល្អ ប្រសើរនៅលើមេឃ ហើយនៅលើស្លាបយន្តហោះ យើងតែងតែព្យាយាម ធ្វើឲ្យអនាគត នោះខិតកាន់តែកៀក»។

អ្នករួមដំណើរ ជាមួយនឹងលោកស្រី Ha ក្នុងដំណើររបស់ Vietjet ដើម្បីបង្កើតជើងមេឃថ្មីៗ គឺលោកស្រី Nguyen Thi Phuong Thao សហស្ថាបនិក ជាប្រធាន និងនាយកប្រតិបត្តិ របស់ក្រុមហ៊ុន Vietjet។

ក្រោយពីរកបានប្រាក់ខ្ទន់លានដុល្លារ ជាលើកដំបូងរបស់ខ្លួន ក្នុងពេលមានវ័យត្រឹមតែ២៤ឆ្នាំ លោកស្រី Nguyen Thi Phuong Thao គឺជាមហាសេដ្ឋីជាស្ត្រីដំបូងគេ ដែលបានបង្កើតក្រុមហ៊ុន អាកាសចរណ៍មួយ។ លោកស្រីត្រូវបានបញ្ចូល ក្នុងបញ្ជីឈ្មោះស្រ្តីដ៏មានអំណាចបំផុត ទាំង១០០ក្នុងពិភពលោក របស់ទស្សនាវដ្តីដ៏ល្បី Forbes ចំនួន៤លើកជាប់ៗគ្នា ហើយលោកស្រី គឺជាអ្នកតំណាងតែម្នាក់គត់ មកពីវៀតណាម លើតារាងបញ្ជីនោះ។

លោកស្រី Thao ទទួលបានការកោតសរសើរ ពីអ្នកដទៃ ដោយសារតែសមត្ថភាពធ្វើការ ដែលមិនចេះរុញរា របស់លោកស្រី។ ក្នុងកិច្ចសម្ភាសមួយ កាលពីពេលថ្មីៗនេះជាមួយ នឹងបណ្តាញសារព័ត៌មាន ដើម្បីឆ្លើយតបទៅនឹងសំណួរ ដែលត្រូវបានចោទសួរថា «តើការមានទឹកប្រាក់ដ៏ច្រើន មានអត្ថប្រយោជន៍ល្អអ្វីខ្លះ?» លោកស្រី Thao បានចែករំលែកជាគំនិតថា៖ «ការមានទឹកប្រាក់ដ៏ច្រើន នឹងនាំឲ្យសម្រេច បាននូវក្តីសុបិនធំៗ និងជួយមនុស្ស ឲ្យបានកាន់តែច្រើន!»។

លោកស្រី Thao ជឿជាក់ថា ស្ត្រី មានតម្លៃនៃការលះបង់ អត់ធ្មត់ និងភាពរឹងមាំ ដើម្បីជម្នះរាល់ឧបស័គ្គផ្សេងៗ និងសម្រេចបាននូវគោលដៅក្នុងជីវិត។

អ្នកដែលធ្វើការងារយ៉ាងប្រកៀក ជាមួយនឹងអគ្គនាយក និងនាយកប្រតិបត្តិ របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ជាអនុប្រធានដ៏មានទេពកោសល្យ និងពោរពេញដោយសមត្ថភាព ២នាក់ទៀត គឺលោកស្រី Nguyen Thi Thuy Binh និងលោកស្រី Ho Ngoc Yen Phuong។

លោកស្រីអនុប្រធាន Thuy Binh គឺជាអ្នកទទួលបន្ទុក ដឹកនាំផ្នែកអភិវឌ្ឍពាណិជ្ជកម្ម ការពង្រីកទីផ្សារ និងការអភិវឌ្ឍតម្លៃយីហោរបស់ Vietjet ក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។ លោកស្រី Thuy Binh ក៏ជាអគ្គនាយកក្រុមហ៊ុន Vietjet ប្រចាំប្រទេសថៃផងដែរ ដែលជាក្រុមហ៊ុន អាកាសចរណ៍ សហការី ដែលត្រូវបានបង្កើតឡើង ដោយ Vietjet នៅប្រទេសថៃ។

និយាយទាក់ទងនឹង ភាពជោគជ័យរបស់ Vietjet លោកស្រីអនុប្រធាន Thuy Binh បានបញ្ជាក់ថា៖ «ភាពផ្សេងគ្នា និងការទទួលជោគជ័យរបស់ Vietjet គឺទៅលើវិធីសាស្ត្រ ដែលយើងសម្លឹងមើលក្នុងទីផ្សារ។ Vietjet មើលឃើញទីផ្សារ ដូចជាទឹកមួយកែវអ៊ីចឹង។ យើងមិនសម្លឹងមើល ទៅលើចំណុច ដែលមានស្រាប់ឡើយ ប៉ុន្តែ យើងសម្លឹងមើលទៅលើវិធីសាស្ត្រ ជាច្រើនផ្សេងទៀត ក្នុងការចាក់ទឹកចូលក្នុងកែវ។ ជាមួយនឹងអត្រា ប្រជាជន១០០លាននាក់ ប្រជាជនវៀតណាមតែ ១% ប៉ុណ្ណោះ ប្រើប្រាស់ការដឹកជញ្ជូន ផ្លូវអាកាស ហេតុនេះ វាមានកន្លែងទំនេរ សម្រាប់ Vietjet រហូតដល់ ៩៩%»។

ដោយឡែក លោកស្រីអនុប្រធាន Ho Ngoc Yen Phuong មានតួនាទី​ក្នុងផ្នែកហិរញ្ញវត្ថុ។ លោកស្រី Yen Phuong មានបទពិសោធច្រើនជាង ២០ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុ ជាពិសេសលើការបង្កើតច្បាប់ និងគ្រប់គ្រងមូលធន បង្កើតប្រព័ន្ធគ្រប់គ្រង គម្រោងហិរញ្ញវត្ថុ គ្រប់គ្រងគណនី និងសាវនកម្មផ្ទៃក្នុង។

លោក Yen Phuong បានមានប្រសាសន៍ថា គ្រប់គ្នានៅ Vietjet គឺជាមនុស្សពោរពេញ ដោយថាមពល និងរឹងមាំ។ លោកស្រី Yen Phuong បានឲ្យដឹងថា៖ «Vietjet នឹងបន្តដណ្តើម យកជើងមេឃថ្មីៗ ចែកចាយក្តីសុបិន និងការជឿជាក់នានា ទៅថ្ងៃអនាគត»។

ភាពជោគជ័យរបស់ស្ត្រី ទាំង៤នាក់ បានជំរុញ និងលើកទឹកចិត្ត ដល់រាល់សមាជិកទាំងអស់ ក្នុងក្រុមហ៊ុន។ ពួកគេជួយឲ្យលើកទឹកចិត្ត ឲ្យស្រ្តីជាច្រើន ព្យាយាមដណ្តើមយក តួនាទីសំខាន់ៗ ក្នុងក្រុមហ៊ុន ឬភាពជោគជ័យ​ក្នុងមុខតំណែងនានា ​ដែលធ្លាប់ត្រូវបាន​ គ្រប់គ្រង​ដោយបុរស ដូចជា អ្នកបើកបរយន្តហោះជាដើម។

ទាក់ទងនឹងភាពជោគជ័យ របស់ពួកគេ លោកស្រី Phuong Thao បានថ្លែងថា៖ «យើងលើកទឹកចិត្ត ឲ្យបុគ្គលិករបស់យើង នាំយកនូវសកម្មភាពដ៏ស្មោះត្រង់ និងការប្រតិបត្តិជាក់ស្តែង ទៅកាន់សហគមរបស់យើង និងក្លាយជាចំណែកមួយ នៃជីវិតសាជីវកម្មរបស់យើង»៕

To Top