ភ្នំពេញ៖ ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រង អាយុជីវីតឈានមុខគេ នៅកម្ពុជា បានប្រកាសនៅថ្ងៃនេះថា ខ្លួននឹងផ្តល់អត្ថប្រយោជន៍បន្ថែម ដល់អតិថិជនរបស់ខ្លួន ក្នុងករណីអកុសល បង្កឡើងដោយវីរុសកូរ៉ូណា ប្រភេទថ្មី ឬ កូវីដ ១៩ ដែលជាប្រភេទជំងឺ ដែលផ្ទុះឡើងដំបូង ក្នុងប្រទេសចិននៅក្នុងខែមករា ហើយឥឡូវនេះ បានកំពុងរីករាលដាល ពាសពេញពិភពលោក។
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា នឹងផ្តល់ជូនអត្ថប្រយោជន៍ចំនួន ២០០០ ដុល្លារ បន្ថែមលើកញ្ចប់បណ្ណសន្យារ៉ាប់រង ដែលអតិថិជនមានស្រាប់ ក្នុងករណីគ្រោះអកុសល ដែលអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ដោយសារជំងឺកូវីដ ១៩ នៅត្រឹម ឬមុនថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២០។ អត្ថប្រយោជន៍បន្ថែមនេះ នឹងផ្តល់ជូនអតិថិជន របស់ក្រុមហ៊ុនព្រូដិនសលទាំងអស់ ទាំងអតិថិជនចាស់ និងថ្មី ដែលបណ្ណសន្យារ៉ាប់រងរបស់ពួកគាត់ នៅមានសុពលភាព។ ការផ្តល់ជូននេះ គឺមិនតម្រូវឱ្យអតិថិជនបង់ថ្លៃ បុព្វលាភរ៉ាប់រងបន្ថែមឡើយ។
ការផ្ដល់នូវអត្ថប្រយោជន៍បន្ថែមនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ដល់ការការពារសុខុមាលភាព ជូនពលរដ្ឋទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនព្រូដិនសល បាននាំមុខគេក្នុងការឆ្លើយតប ទៅនឹងបញ្ហាសុខភាពសាធារណៈ ដែលបណ្តាលមកពីជំងឺ កូវីដ ១៩ នេះ នៅក្នុងទីផ្សារអាស៊ីរបស់ខ្លួន តាមរយៈការផ្តល់ អត្ថប្រយោជន៍បន្ថែមជាច្រើន ដល់អតិថិជនរបស់ខ្លួន ដូចជានៅក្នុងប្រទេសចិន ទីក្រុងហុងកុង ប្រទេសឥណ្ឌូណេស៊ី ប្រទេស ម៉ាឡេស៊ី ប្រទេសហ្វីលីពីន ប្រទេសសឹង្ហបូរី ព្រះរាជាណាចក្រថៃ កោះតៃវ៉ាន់ និងប្រទេសវៀតណាម។
លោក ហ៊ង វុទ្ធី នាយកផ្នែកអតិថិជន និងទីផ្សាររបស់ ក្រុមហ៊ុនព្រូដិនសលកម្ពុជា មានប្រសាសន៍ថា៖ “គោលជំហរចម្បងរបស់ ព្រូដិនសល គឺតែងតែការពារ និងធ្វើឱ្យសុខុមាលភាព របស់គ្រួសារ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ប្រសើរឡើង។ យើងបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្តល់នូវ អត្ថប្រយោជន៍បន្ថែមទាំងនេះ ដល់អតិថិជនដែលមានស្រាប់ ក៏ដូចជាអតិថិជនថ្មីទាំងអស់ នៅក្នុងប្រទេសកម្ពុជា។»
លោក វុទ្ធី បានបន្ថែមទៀតថា ៖ «យើងនឹងបន្តលើកទឹកចិត្ត ដល់ពលរដ្ឋទាំងអស់ នៅទូទាំងប្រទេស ឱ្យអនុវត្តតាមគោលការណ៍បង្ការ របស់អង្គការសុខភាពពិភពលោក ដើម្បីប្រឆាំងនឹងជំងឺ កូវីដ ១៩ មានដូចជា ការលាងដៃញឹកញាប់ ការស្នាក់នៅក្នុងផ្ទះ ប្រសិនបើមិនសូវស្រួលខ្លួន និងបរិភោគអាហារ ឬសាច់ណាដែលចម្អិនត្រឹមត្រូវ។ យើងក៏បានផ្តល់ព័ត៌មាន និងបច្ចុប្បន្នភាពថ្មីៗឱ្យបានទៀងទាត់ នៅលើបណ្តាញសង្គម និងគេហទំព័ររបស់យើង សំដៅយ៉ាងណា ការពារពលរដ្ឋកម្ពុជាទាំងអស់ ប្រឆាំងនឹងវីរុសនេះ។»
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២០ ប្រទេសកម្ពុជា បានរកឃើញ វីរុស កូរ៉ូណា ប្រភេទថ្មី ឬ កូវីដ ១៩ ចំនួន ៥ ករណីហើយ៕