ភ្នំពេញ៖ ក្រុមហ៊ុន សែលកាត កាលពីថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ ២០២០ បានបង្ហាញឆន្ទៈដ៏រឹងមាំ របស់ខ្លួនជាថ្មីម្ដងទៀត ក្នុងការអបអរ និងគាំទ្រទេពកោសល្យ ស្នាដៃ របស់កូនខ្មែរក្នុងស្រុក ដោយបានសម្រេចធ្វើជាម្ចាស់ឧបត្ថម្ភកម្មវិធីធំនៃមហោស្រព ភាពយន្តអន្តរជាតិ កម្ពុជាឆ្នាំ២០២០ នេះ។
ក្រុមហ៊ុន សែលកាត ពិតជាមានមោទនភាពយ៉ាងខ្លាំង ក្នុងការគាំទ្រ ការប្រារព្ធខួបទី១០ របស់ មហោស្រព ភាពយន្តអន្តរជាតិកម្ពុជា ជាមួយនឹងការចាក់បញ្ចាំងភាពយន្តជាង ១៥០រឿង នៅទីតាំងចំនួន ៦កន្លែង ក្នុង រាជធានីភ្នំពេញ។
មហោស្រពនេះ ត្រូវបានសហការរៀបចំឡើងដោយ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថត ភាពយន្តបរទេសនៅកម្ពុជា និងមជ្ឈមណ្ឌលបុប្ផាណា នឹងមានការចាក់បញ្ចាំងភាពយន្ត ពីថ្ងៃសៅរ៍ ទី១៤ រហូតដល់ថ្ងៃអាទិត្យ ទី២២ ខែមីនានេះ។
ទីតាំងចាក់បញ្ចាំងភាពយន្តទាំង ៦កន្លែង រួមមានដូចជា សាលសន្និសីទចតុម្មុខ, សាលមហោស្រព Rosewood, មជ្ឈមណ្ឌលបុប្ផាណា, រោងភាពយន្ត Major Cineplex, លេជេន (Legend Cinemas) និងការបញ្ចាំងក្រៅមហោស្រពនៅ “The Village by Cellcard” ។
“The Village by Cellcard” គឺជាទីតាំងចម្បងនៃសកម្មភាពផ្សេងៗ នៅក្នុងព្រឹត្តិការណ៍នេះ ដែលនឹងមាន សកម្មភាពជាច្រើនដូចជា៖ ការបញ្ចាំងភាពយន្តក្រៅមហោស្រព, កម្មវិធីផ្សេងៗរបស់ក្រុមហ៊ុនឧបត្ថម្ភ និង ដៃគូរួមវិស័យផ្សេងៗ បូករួមទាំង បទបង្ហាញរបស់សមិទ្ធិករភាពយន្ត សិក្ខាសាលា និងការសម្ដែងនានា។ ក្រុមហ៊ុន សែលកាត នឹងមានបង្ហាញនៅក្នុងស្តង់ដាក់អោយសាកល្បង VR (Virtual Reality) មួយទៀតសម្រាប់ការតាំង បង្ហាញខ្លឹមសាររឿង និង បទពិសោធន៍ឌីជីថលថ្មីៗ។
មហោស្រពភាពយន្តឆ្នាំនេះ បានបង្កើតពានរង្វាន់ថ្មីមួយប្រភេទ ដែលមានឈ្មោះថា «ពានរង្វាន់ជម្រើសមហាជន» People’s Choice Awards ដែលអាចឱ្យសាធារណជនទូទៅជ្រើសរើសរឿងដែលខ្លួនចូលចិត្ត ១ពីភាពយន្តចំនួន១០ ដែលមហោស្រព បានសម្រាំងទុក។
សាធារណជន អាចទស្សនាភាពយន្តហើយ ធ្វើការបោះឆ្នោតលើភាពយន្ត ដែលពួកគេចូលចិត្តនៅលើ គេហទំព័រ របស់សែលកាត រហូតដល់ថ្ងៃទី ២១ ខែមីនា។ ភាពយន្តដែលទទួលបានការគាំទ្រច្រើននឹងត្រូវបានប្រកាស ទទួលពានរង្វាន់នៅ ថ្ងៃទី២២ ខែមីនា នៅឯសាលសន្និសីទចតុមុខ។
លោក Cedric Eloy ជាប្រធានមហោស្រពភាពយន្ត អន្តរជាតិកម្ពុជា មានប្រសាសន៍ថា៖ “ពានរង្វាន់ជម្រើស មហាជននេះ People’s Choice Awards គឺជាពានរង្វាន់ល្អមួយក្នុងការជួយជំរុញឱ្យសាធារណជន បង្កើនការចូលរួម របស់ខ្លួនក្នុងព្រឹត្តិការណ៍នេះ ហើយក៏ជាការលើកស្ទួយ និងអភិវឌ្ឍឧស្សាហកម្មភាពយន្តនៅកម្ពុជា យើងផងដែរ។”
លោក Ian Watson នាយកប្រតិបត្តរបស់សែលកាត បានលើកឡើងថា៖ “ពួកយើងបានមើលឃើញពី សក្តានុពលរបស់យុវជនកម្ពុជា ដូចនេះហើយ ក្នុងនាមប្រតិបត្តិករដែលមានម្ចាស់ជាខ្មែរ ក្រុមហ៊ុន សែលកាត សូមគាំទ្រ យ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមទាំងឡាយដែលផ្តោតទៅលើការស្វែងរក ការបណ្ដុះបណ្តាល និងការទទួលស្គាល់នូវទេពកោសល្យក្នុងស្រុក។ លោក Ian Watson បានបន្តទៀតថា “មហោស្រពភាពយន្ត អន្តរជាតិបានបង្ហាញខ្លឹមសាររឿងដ៏អស្ចារ្យជាច្រើន ព្រមទាំងទាក់ទាញដល់គ្រប់ផ្នែក ទាំងអស់យ៉ាងទូលំទូលាយ។”
លោក Ian Watson បានបន្ថែមថា “ខ្លឹមសាររឿងនឹងក្លាយទៅជាចំណុច ចម្បងនៃយុទ្ធសាស្ត្រកម្សាន្ត សម្រាប់ ក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទ ក្រុមហ៊ុនផ្សព្វផ្សាយ និងក្រុមហ៊ុនដែលផ្តល់វេទិកាឌីជីថល នៅពេលដែលពួកយើងឈានទៅរក សម័យកាលឌីជីថលរួចហើយ។”
“ក្នុងនាមប្រតិបត្តិករតែមួយគត់ដែលមានម្ចាស់ជាខ្មែរ និងជាបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប យើងគ្រោងនឹងគាំទ្រ យ៉ាងពេញទំហឹងចំពោះការរីកចម្រើននៃបណ្តាខ្លឹមសាររឿងដែលបង្កើតក្នុងស្រុកនៅពេលអនាគត ហើយ យើងទន្ទឹងរង់ចាំការមកដល់នៃមហោស្រពនេះ និងឃើញអនាគតផលិតករខ្សែភាពយន្តក្នុងស្រុកទាំងអស់ បានរះចែងចាំងផង។”
ពិធីបើកមហោស្រពភាពយន្តនេះ នៅឆ្នាំ ២០២០ បានប្រព្រឹត្តឡើងនៅ ថ្ងៃទី១៣ ខែមីនានេះ នៅសាលសន្និសីទ ចតុមុខ។
នៅក្នុងមហោស្រពនេះ ទូតតំណាងរបស់សែលកាត អ្នកមានឰឥទ្ធិពលក្នុងបណ្តាញសង្គម និងសិល្បករជាច្រើនរូប នឹងទៅ ទស្សនា“ The Village by Cellcard” ផងដែរ។ សូមរង់ចាំតាមដានតារាងកម្មវិធីនៃការបញ្ចាំងខ្សែភាពយន្ត និងសកម្មភាពនានានៅលើទំព័រហ្វេសប៊ុករបស់សែលកាត៕