មហាសដ្ឋភាគច្រើនរបស់ វៀតណាម បានធ្លាក់ចុះនូវតម្លៃសរុប នៃទ្រព្យសម្បត្តិរបស់ខ្លួននៅរយៈពេល១២ខែចុងក្រោយនេះ ប៉ុន្តែ លោកស្រី Nguyen Thi Phuong Thao ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន អាកាសចរណ៍ Vietjet បានស្ថិតក្នុងទីតាំងពិសេសជាងគេ។
សេដ្ឋីភាគច្រើន បានធ្លាក់ចុះ លើកលែងតែមហាសេដ្ឋីនីម្នាក់ប៉ុណ្ណោះ គិតត្រឹមថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ ទស្សនាវដ្តីដ៏ល្បី Forbes បានកត់ត្រាការប្រែប្រួលទៅលើតម្លៃទ្រព្យសម្បត្តិរបស់ មហាសេដ្ឋី៥នាក់របស់ប្រទេសវៀតណាម។ ជាមួយគ្នានេះ មានព័ត៌មានល្អតែមួយបានកើតឡើង សម្រាប់តែមហាសេដ្ឋីតែម្នាក់ប៉ុណ្ណោះ ខណៈដែលមហាសេដ្ឋីនីតែម្នាក់នៅបញ្ជីឈ្មោះនោះគឺលោកស្រី Nguyen Thi Phuong ក្រោយពីតម្លៃទ្រព្យសម្បត្តិសរុបរបស់លោកស្រី បានកើនឡើង ធៀបទៅនឹងដំណាក់កាលដូចគ្នានេះ កាលពីឆ្នាំមុន។
ប៉ុន្តែ ទោះបីជាយ៉ាងណា អ្នកផ្សេងទៀតនៅលើ តារាងបញ្ជីមហាសេដ្ឋីរបស់ Forbes បានធ្លាក់ចុះបន្តិច។ ទ្រព្យសម្បត្តិសរុបរបស់លោក Pham Nhat Vuong ប្រធានក្រុមហ៊ុន Vingroup បានស្ថិតក្នុងចំនួនជា ទឹកប្រាក់៦,៦ពាន់លានដុល្លារអាមេរិក នៅត្រឹមថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ ពោលគឺធ្លាក់ចុះចំនួន ១,២ពាន់លានដុល្លារអាមេរិក បើធៀបទៅនឹងឆ្នាំមុន។ បើទោះបីធ្លាក់ចុះទ្រព្យសម្បតិ្តច្រើនជាងគេ បំផុតក្នុងចំណោម មហាសេដ្ឋីទាំងអស់របស់វៀតណាមក៏ដោយ ប៉ុន្តែ លោក Vuong នៅតែជាមហាសេដ្ឋីមានចំណាត់ថ្នាក់ខ្ពស់ ជាងគេបំផុត ក្នុងប្រទេសវៀតណាម នៅលើតារាងថ្មីចុងក្រោយគេ ដែលចេញដោយទស្សនាវដ្តី Forbes ដដែល។
ស្របពេលជាមួយគ្នានេះ ទ្រព្យសម្បត្តិសរុប របស់លោក Tran Ba Duong ប្រធានក្រុមហ៊ុនសាជីវកម្ម Truong Hai Auto បានធ្លាក់ចុះក្នុងទឹកប្រាក់០,២ពាន់លានដុល្លារអាមេរិក មកនៅត្រឹម ១,៥ពាន់លានដុល្លារអាមេរិក។ ទ្រព្យសម្បត្តិរបស់លោក Ho Hung Anh ប្រធានក្រុមហ៊ុន Techcombank ក៏បានធ្លាក់ចុះចំនួន ០,៦ពានលានដុល្លារអាមេរិក មកនៅត្រឹម ១,១ពាន់លានដុល្លារអាមេរិក ផងដែរ។ ទ្រព្យសម្បត្តិសរុបរបស់លោក Nguyen Dang Quang និងក្រុមគ្រួសាររបស់លោក ដែលជាស្ថាបនិកក្រុមហ៊ុន Masan Group បានធ្លាក់ចុះមកនៅត្រឹម១ពាន់លានដុល្លារអាមេរិក។
ប៉ុន្តែ បើទោះបីមានការធ្លាក់ចុះបែបនេះក៏ដោយ ប៉ុន្តែ ទ្រព្យសម្បត្តិសរុបរបស់លោកស្រី Nguyen Thi Phuong Thao បានកើនក្នុងទឹកប្រាក់ ០,២ពាន់លានដុល្លារអាមេរិក បើធៀបទៅនឹងខែមីនា ឆ្នាំ២០១៩ ដើម្បីកើនដល់ចំនួន ២,៥ពាន់លានដុល្លារអាមេរិក។ ទ្រព្យសម្បត្តិរបស់លោកស្រី Thao បានកើនឡើង បើទោះបីរងនូវផលប៉ះពាល់ ដ៏ចម្បងដោយសារតែការរាតត្បាតរបស់ជំងឺវីដ-១៩ ដែលកើតមាននៅទីផ្សារភាគហ៊ុន ពិភពលោកក៏ដោយ។
បើទោះបីលោកស្រី Thao ជាម្ចាស់កម្មសិទ្ធិទ្រព្យសម្បត្តិ នៅលើទីផ្សារភាគហ៊ុនក៏ដោយ ប៉ុន្តែ ប្រភពទ្រព្យសម្បត្តិរបស់សេដ្ឋីនីដំបូងគេ ប្រចាំតំបន់ អាស៊ីអាគ្នេយ៍រូបនេះ បានបង្ហាញឲ្យឃើញពីភាពរឹងមាំ។ ការដាក់ចំណាត់ថ្នាក់ មហាសេដ្ឋីរបស់ទស្សនាវដ្តី Forbes ក៏ផ្អែកទៅលើទ្រព្យសម្បត្តិផ្សេងទៀតផងដែរ នៅពេលដែលធ្វើការ វិភាគទៅលើ ទ្រព្យសម្បត្តិសរុបរបស់បុគ្គលនីមួយៗ។
រឿងរ៉ាវទាក់ទងមហាសេដ្ឋី និងទស្សនវិស័យសេដ្ឋកិច្ច បើយោងទៅតាមទស្សនាវដ្តី Forbes វៀតណាម គឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៦នៅតំបន់អាស៊ាន ដែលមានឈ្មោះ មហាសេដ្ឋីច្រើនជាងគេនៅ លើតារាងបញ្ជីទូទាំងពិភពលោក។ ប៉ុន្តែ ទោះបីជាយ៉ាងណា មហាសេដ្ឋីមានប្រាក់រាប់លានដុល្លារ របស់វៀតណាម ស្ថិតក្នុងចំណាត់ថ្នាក់ទាបជាងគេបំផុត ក្នុងចំណោម ប្រទេសទាំង៦ ក្នុងតំបន់អាស៊ាន បើផ្អែកទៅលើទាំងបរិមាណ និងតម្លៃនៃទ្រព្យសម្បត្តិរបស់ពួកគេ។ ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីទាំង៥នាក់របស់វៀតណាម ក្នុងឆ្នាំ២០១៩ មានចំនួន១៣,៦ពាន់លានដុល្លារអាមេរិក។
បើក្រឡេកមើលប្រទេសជិតខាងវិញ ថៃ មានមហាសេដ្ឋីចំនួន៣១នាក់ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន៩៤,៨ពាន់លានដុល្លារអាមេរិក (ច្រើនជាងវៀតណាមជិត៧ដង)។ ម៉ាឡេស៊ី មានមហាសេដ្ឋីចំនួន១៣នាក់ ដែលមានទ្រព្យសម្បត្តិសរុប៦១,៦ពាន់លានដុល្លារអាមេរិក ស្របពេលដែលហ្វីលីពីន មានមហាសេដ្ឋី១៧នាក់ ជាមួយនឹងទ្រព្យសម្បត្តិសរុប ៤៧,៧ពាន់លានដុល្លារអាមេរិក។
ក្នុងនាមជាប្រទេសមួយក្នុងចំណោម ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន បំផុតក្នុងពិភពលោក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកអង្កេតជាច្រើនជឿជាក់ថា វៀតណាម នឹងមានមហាសេដ្ឋីកាន់តែច្រើនក្នុងពេលឆាប់ៗ។ ការកើនឡើងមហាសេដ្ឋី និងអាជីវកម្មរបស់ពួកគេ បានចូលរួមចំណែកជួយដល់ការអភិវឌ្ឍ និងការរីកចម្រើននៃសេដ្ឋកិច្ចក្នុងស្រុក របស់វៀតណាម៕
ទំនាក់ទំនងព័ត៌មាន៖
ក្រុមហ៊ុន QED
កម្ពុជា (ភាសាខ្មែរ)
លោកអ៊ិន សុផេង
អ៊ីម៉ែល៖ sopheng@qed.agency
លេខទូរស័ព្ទ៖ +855 87 222 817
កម្ពុជា (ភាសាអង់គ្លេស)
លោក Julian Rake
អ៊ីម៉ែល៖ julian@qed.agency
លេខទូរស័ព្ទ៖ +855 93 324 283
ក្រុមហ៊ុន Vietjet
កញ្ញា Kieu Duong (ហៅ Amy)
អ៊ីម៉ែល៖ kieuduong@vietjetair.com
លេខទូរស័ព្ទ៖ +84 932 775 066