អត្ថបទ

តំណាងភេសជ្ជៈ WURKZ រំពឹងថា ៥០ម៉ឺនដុល្លារ ពីក្រុមហ៊ុន ជីប ម៉ុង រួមចំណែក ជាមួយរដ្ឋាភិបាល ក្នុងការទប់ស្កាត់ កូវីដ ១៩ ដោយជោគជ័យ

តំណាងភេសជ្ជៈ ប៉ូវកម្លាំងវើក WURKZ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រំពឹងថា ថវិកាឧបត្ថម្ភ៥០ម៉ឺនដុល្លារ របស់ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនបង្កើត ខ្មែរ ប៊ែវើរីជីស នឹងរួមចំណែក ជួយឲ្យរដ្ឋាភិបាល ធ្វើយុទ្ធនាការទប់ស្កាត់ ការរីករាលដាលវីរុសកូវីដ ១៩ បានដោយជោគជ័យ ។

លោកស្រី គង់ កុសល តំណាងភេសជ្ជៈ WURKZ និងជានាយិការទីផ្សារ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឱ្យដឹងថា៖ «យើងពិតជាសប្បាយរីករាយ ដែលបានចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់វីរុសកូវីដ ១៩។ យើងជឿជាក់លើរាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាលថា នឹងអាចទប់ស្កាត់ការចម្លងថ្មី ហើយអ្នកផ្ទុកវីរុសនេះ នឹងអាចព្យាបាលជាសះស្បើយ ក្នុងពេលឆាប់ៗនេះ»។

លោកស្រីបន្តថា «យើងសូមលើកទឹកចិត្ត ប្រជាពលរដ្ឋកម្ពុជា ឱ្យតស៊ូឆ្លងកាត់វិបត្តិសាកលលើកនេះ តាមរយៈការការពារខ្លួន រក្សាអនាម័យ និងមានសុទិដ្ឋិនិយម ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ពីព្រោះយើងមើលឃើញ នឹងភ្នែករួច ហើយនូវវិធានការ ដ៏សកម្មរបស់រដ្ឋាភិបាល ដោយយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាជាតិកម្ពុជា» ។

ជាចុងបញ្ចប់ លោកស្រីក៏បានជូនពរ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ សូមមានសុខភាពល្អ ស្មារតីរឹងមាំ និងធ្វើការងារប្រកបដោយថាមពល មិនថាក្នុងកាលៈទេសៈ បែបណានោះទេ៕

To Top