ភ្នំពេញ៖ អ្នកបើកបររឺម៉ក ឬកង់បី ចំនួន៥ពាន់នាក់ ដែលបានភ្ជាប់ជាមួយ នឹងកម្មវិធីហៅយានជំនិះផ្សេងៗ កាលពីពេលថ្មីៗនេះ បានទទួលកញ្ចប់អំណោយ ជាសម្ភារៈថែរក្សាអនាម័យ ក្នុងរាជធានីភ្នំពេញ ដើម្បីជួយឲ្យពួកគាត់ អាចចូលរួមបានកាន់តែប្រសើរ ក្នុងតួនាទីដ៏សំខាន់ របស់ពួកគាត់ ក្នុងការប្រយុទ្ធប្រឆាំង នឹងវីរុសកូរ៉ូណា ឬកូវីដ-១៩។
ព្រឹត្តិការណ៍ផ្តល់អំណោយ ក្រោមទស្សនទាន «ប្រទេសតែ១ សហគមន៍តែ១» មួយនេះ ត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន Grab និងក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយនឹងសាលា រាជធានីភ្នំពេញ ដែលតំណាងដោយ លោកអភិបាលរង រាជធានីភ្នំពេញ និងក្រុមអ្នកអភិរក្សព្រៃឈើ បៃតង វ៉ររៀរស៍ (Baitong Warriors)។
នៅមជ្ឈមណ្ឌលកោះពេជ្រ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងអ្នកតំណាងមក ពីក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានចែកជូន អ្នកបើកបរកង់បី នូវកញ្ចប់អំណោយ ជាសម្ភារៈថែរក្សាអនាម័យ ក្នុងម្នាក់មួយកញ្ចប់ ដែលក្នុងនោះ មានសម្ភារៈដូចជាម៉ាសការពារ ទឹកអនាម័យលាងដៃ ភេសជ្ជៈ Coca-Cola Energy ខិតបណ្ណអប់រំស្តីពីកូវីដ-១៩ និងស្ទីកឃឺរជាច្រើន សម្រាប់បិទលើកង់បី របស់ពួកគាត់។
ស្របពេលជាមួយគ្នានេះ ក្រុមការងាររបស់ក្រុមហ៊ុន Grab បានរៀបចំកន្លែងមួយ ដើម្បីផ្តល់អំណោយ នៅខាងមុខ ការិយាល័យរបស់ខ្លួន ស្ថិតលើផ្លូវព្រះមុនីវង្ស រាជធានីភ្នំពេញ ដើម្បីប្រគល់កញ្ចប់ អំណោយថែទាំសុខភាព ទាំងអស់នោះ។
លោក Hashim Alkaff នាយកក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ «អំណោយទាំងនេះ គឺការបង្ហាញពីការ ទទួលស្គាល់របស់យើង ចំពោះតួនាទីដ៏សំខាន់របស់អ្នកបើកបរ ដែលភ្ជាប់កម្មវិធី ហៅយាន្តជំនិះ ផ្សេងៗគ្នា ជាច្រើន ក្នុងការប្រយុទ្ធប្រឆាំង នឹងវីរុសកូវីដ-១៩។ ដើម្បីថែរក្សាសុខភាព របស់ពួកគាត់ផ្ទាល់ និងសុខភាពអ្នកដំណើរ របស់ពួកគាត់ វាពិតជាសំខាន់ណាស់ ដែលអ្នកបើកបរ ត្រូវធ្វើតាមសេចក្តីណែនាំចុង ក្រោយបង្អស់ស្ដីអំពី ការការពារសុខភាព និងសុវត្ថិភាព តាមរយៈការប្រើប្រាស់ម៉ាសការពារ និងទឹកអនាម័យលាងដៃ ដើម្បីជួយឲ្យពួកគាត់ រក្សាបាននូវអនាម័យជានិច្ច ដែលពិតជាសំខាន់ណាស់ ក្នុងការកាត់បន្ថយ ការឆ្លងរបស់ជំងឺនេះ»។
ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានប្រកាស កាលពីសប្តាហ៍មុនថា ក្រុមហ៊ុនបានបង្វែរ ថវិកាចំនួន ២០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ពីកញ្ចប់ថវិកា ផ្សាយពាណិជ្ជកម្មរបស់ខ្លួន សម្រាប់យកមកចូលរួមជួយ ដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹង វិបត្តិជំងឺកូរ៉ូណា នាពេលបច្ចុប្បន្ន។
លោក រស់ សោភា នាយក ផ្នែកច្បាប់ និងកិច្ចការសាធារណៈប្រចាំប្រទេស នៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) មានប្រសាសន៍ថា៖ «ក្រុមហ៊ុនរបស់យើង បានក្លាយជា ផ្នែកមួយនៃសង្គមកម្ពុជា អស់រយៈពេលជិត ៣០ឆ្នាំមកហើយ ហើយឥរិយាបថ មូលដ្ឋានរបស់យើង គឺយើងជួយឧបត្ថម្ភគាំទ្រ ដល់សហគមន៍ទូទៅ ក្នុងដំណាក់ កាលដ៏ចាំបាច់ តាមរយៈការផ្តល់ អំណោយបែបនេះ។ ការផ្ដល់លទ្ធភាព ឲ្យអ្នកបើកបរទាំងអស់ អាចបន្ដប្រកប អាជីវកម្មបានប្រកប ដោយសុវត្ថិភាព តាមរយៈការប្រើប្រាស់ម៉ាសការពារ និងទឹកអនាម័យលាងដៃ មានន័យថា ពួកគាត់អាចបន្តការរកប្រាក់ ដើម្បីផ្គត់ផ្គង់ដល់ក្រុមគ្រួសារ និងសហគមន៍របស់ពួកគាត់»។
លោកបានបន្ថែមទៀតថា៖ «យើងក៏ចូលរួមប្តេជ្ញា អនុវត្តតាមយុទ្ធនាការ «ពិភពលោកមួយដែលគ្មានសំរាម» តាមរយៈការលើកទឹកចិត្ត អ្នកបើកបរទាំងនោះឲ្យយកដប ដែលអាចប្រើប្រាស់វិញបាន ដើម្បីច្រកទឹកអនាម័យ លាងដៃ»។
ក្រុមអ្នកអភិរក្សព្រៃឈើ បៃតងវ៉ររៀរស៍ ដែលបាននិងកំពុងតែចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់ការឆ្លងរបស់វីរុស កូរ៉ូណា ទូទាំងប្រទេសនោះ បានចូលរួមក្នុងការផ្តល់ទឹកអនាម័យ ដៃចំនួន៤២០លីត្រ ក្នុងកម្មវិធីអំណោយនេះផងដែរ។
លោកតាន់ គឹមសួគ៌ អ្នកតំណាងឲ្យ ក្រុមអ្នកអភិរក្សព្រៃឈើ បៃតងវ៉ររៀរស៍ បានឲ្យដឹងថា៖ «ក្នុងនាមជាក្រុមមួយ បៃតងវ៉ររៀរស៍កំពុងតែ យកចិត្តទុកដាក់ រៀបចំទឹកអនាម័យលាងដៃ បែបសាមញ្ញ ប៉ុន្តែ មានប្រសិទ្ធិភាពនេះ សម្រាប់ចែកជូន ប្រជាពលរដ្ឋរបស់យើង នៅទូទាំងប្រទេស ដើម្បីជួយឲ្យពួកគាត់ មានលទ្ធភាព រក្សាបាននូវសុវត្ថិភាព និងសុខភាពល្អ តាមរយៈការរក្សា ដៃរបស់ពួកគាត់ ឲ្យមានអនាម័យជានិច្ច»។
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា៖ «យើងខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ ក្រុមហ៊ុន Grab ក្រុមហ៊ុនកូកា-កូឡា និងបៃតងវ៉ររៀរស៍ ចំពោះការចូលរួមចំណែកទាំងនេះ ក្នុងន័យផ្តល់សុវត្ថិភាព និងសុខុមាលភាព របស់អ្នកបើករឺម៉កកង់បី ដែលកំពុងតែស្ថិតក្នុងទីតាំង ជួរមុខគេក្នុងការប្រយុទ្ធប្រឆាំង នឹងវីរុសកូរ៉ូណានេះ»។
លោកមានប្រសាសន៍បន្ថែមថា៖ «ការលើកទឹកចិត្តឲ្យអ្នកបើកបរទាំងអស់ អនុវត្តន៍វិធីថែរក្សាអនាម័យល្អ នឹងផ្តល់ឲ្យ អ្នកដំណើរ និងក្រុមគ្រួសាររបស់ពួកគាត់ ដែលនៅឯផ្ទះ មានអារម្មណ៍ស្ងប់ចិត្ត ដោយសារតែអ្នក បើកបរទាំងអស់ កំពុងតែការពារ សមាជិកក្រុមគ្រួសារ និងសហគមន៍របស់ពួកគាត់»។
ទាំងក្រុមហ៊ុន Grab និងកូកា-កូឡា សុទ្ធសឹងតែបានបញ្ជាក់ថា ពួកគេនឹងរៀបចំព្រឹត្តិការណ៍ ផ្តល់អំណោយបន្ថែមទៀត ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈដែលក្រុមហ៊ុនទាំង២ ចូលរួមជាកម្លាំង ជាមួយនឹងដៃគូផ្សេងៗ ដើម្បីទប់ស្កាត់ការឆ្លង វីរុសកូរ៉ូណា៕