អត្ថបទ

តំណាងស្រាបៀរ កម្ពុជា ផ្ញើសារជូនពរ ប្រជាពលរដ្ឋខ្មែរ ថ្ងៃបុណ្យចូលឆ្នាំ និង លើកទឹកចិត្ត ឱ្យរក្សារគម្លាត ក្នុងគ្រាដ៏លំបាក នៃវិបត្តិកូវីដ ១៩

បើទោះបីជាពិធីបុណ្យ ចូលឆ្នាំខ្មែរនៅឆ្នាំនេះ ប្រជាពលរដ្ឋខ្មែរ ត្រូវបានហាមឃាត់ មិនឱ្យមានការប្រមូលផ្តុំ ចៀសវាងការឆ្លងវីរុស កូវីដ១៩ក៏ដោយ ក៏នៅតាមផ្ទះនានា អាចរៀបចំទទួលទេវតាឆ្នាំថ្មី បានដដែល។ ឆ្លៀតក្នុងឱកាសនេះ តំណាងស្រាបៀរ កម្ពុជា បានផ្ញើសារជូនពរពលរដ្ឋខ្មែរ សម្រាប់បុណ្យចូលឆ្នាំថ្មី ដែលនឹងប្រារព្ធធ្វើពីថ្ងៃទី១៣ដល់១៦ ខែមេសានេះ។

លោកលាង ពៅ ( ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ «ការរក្សាសុវត្ថិភាព និងសុខភាពជាកត្តាចម្បងសម្រាប់ពេលនេះ។ ដូច្នេះសម្រាប់ឆ្នាំថ្មី ឆ្នាំជូត ខ្ញុំសូមបួងសួងទេវតាឆ្នាំថ្មី ជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ ជូនដល់ពលរដ្ឋខ្មែរ យើងទាំងអស់ ឱ្យរកទទួលទានមានបាន ឆ្លងផុតពេលវេលាដ៏លំបាកនានា ជាពិសេសពេលនេះ ដែលទូទាំងពិភពលោក ត្រូវបានយាយីពីវីរុសកូវីដ១៩។ សូមប្រជាពលរដ្ឋខ្មែរចៀសផុត ពីរឿងអកុសលទាំងឡាយ ចាប់ពីឆ្នាំថ្មីនេះតទៅ»។

លោកបន្តថា៖ «ដើម្បីគេចផុតពីហានិភ័យ នៃការឆ្លងជំងឺកូវីដ១៩ តោងប្រជាជនខ្មែរយើង ធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាល ដោយចៀសវាងការជួបជុំ មិនត្រូវចេញក្រៅបើមិនចាំបាច់ លាងសម្អាតដៃឱ្យបានញឹកញាប់ និងសូមតាមដានការវិវឌ្ឍថ្មីៗ ពីរដ្ឋាភិបាលយើងទាំងអស់គ្នា។ នៅផ្ទះទាំងអស់គ្នាដើម្បីខ្លួនឯង និងមនុស្សជាទីស្រលាញ់»៕

To Top