អត្ថបទ

ស្ថាប័ន ៥បន្ថែមទៀត ទទួលជំនួយ ពីមូលនិធិទឹកប្រាក់ ១លានដុល្លារ​ របស់ក្រុមហ៊ុន Smart Axiata ដើម្បីប្រឆាំង វីរុសកូវីដ១៩

ភ្នំពេញ៖ នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២០នេះ មានស្ថាប័នមួយចំនួនបន្ថែមទៀត ត្រូវបានប្រកាសជាផ្លូវការថា នឹងទទួលបានជំនួយ ហិរញ្ញវត្ថុពីមូលនិធិទឹកប្រាក់ចំនួន ១លានដុល្លារ ដើម្បីប្រឆាំងវីរុសកូវិដ ១៩ របស់ក្រុមហ៊ុន Smart Axiata ដែលរួមមាន អង្គការសង្រ្គោះកុមារ (Save the Children) មូលនិធិលោកខាងលិច​ជួបខាងកើត (East Meets West Foundation) អង្គការសម្រាប់ការអប់រំ និងការអភិវឌ្ឍន៍បាយ័ន (Bayon Education and Development) សមាគមសហគ្រិនវ័យក្មេងកម្ពុជា (Young Entrepreneurs Association of Cambodia) និង Impact Hub ភ្នំពេញ។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា «ស្របពេលដែលយើងភ្ជាប់ទំនាក់ទំនង​ របស់ប្រជាពលរដ្ឋ រាប់លាននាក់ ជាមួយអ៊ីនធឺណិតរៀងរាល់ថ្ងៃ យើងមានទំនួលខុសត្រូវដ៏ធំធេង ក្នុងការដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយដល់ ព្រះរាជាណាចក្រកម្ពុជា និងជួយដល់សហគមន៍ និងវិស័យនានា ឱ្យងើបឡើងវិញ ពីផលប៉ះពាល់យ៉ាងខ្លាំង ពីវីរុសកូវីដ១៩។»

លោក ថូម៉ាស បានបន្ថែមទៀតថា «ស្ថាប័នមួយក្រុមនេះ ត្រូវបានជ្រើសរើស បន្ទាប់ពីការអំពាវនាវ ស្វែងរកជំនួយសម្រាប់ជួយ ដល់សហគមន៍តាមជនបទ ដែលខ្វះសមត្ថភាពពេញលេញ ក្នុងការប្រើប្រាស់កម្មវិធី អប់រំតាមអ៊ីនធឺណិត ដែលផ្ដួចផ្ដើមឡើង ដោយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងជំនួយគាំទ្រ សម្រាប់សហគមន៍អាជីវកម្ម ទើបបង្កើតថ្មី សហគ្រាសធុនតូច និងមធ្យម (MSMEs) ដែលទទួលរងផលប៉ះពាល់ ពីវិបត្តិនេះផងដែរ។»

ស្របតាមរចនាសម្ព័ន្ធ នៃអភិបាលកិច្ចដ៏រឹងមាំ នៃមូលនិធិនេះ ការស្នើសុំពីក្រុមបន្ទាប់ទាំងអស់នេះ ត្រូវបានពិនិត្យយ៉ាងហ្មត់ចត់ ដោយគណៈកម្មាការផ្ទៃក្នុង មុនពេលបញ្ជូនទៅគណៈកម្មាការ វាយតម្លៃរួម ដែលមាន ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Axiata Group និងអ្នកតំណាងឯករាជ្យកម្ពុជា ចំនួន ២ រូប។ គម្រោងទាំងអស់ ដែលត្រូវបានអនុម័ត ដោយគណៈកម្មាការ និងដៃគូវាយតម្លៃ ផ្ដោតលើសកម្មភាពរួមមាន៖

  1. កម្មវិធីសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត ដែលផ្ដល់ជំនួយណែនាំ សម្រាប់សិស្សសាលា នៅតាមសហគមន៍ដាច់ស្រយាល ចំនួន ១៥ សហគមន៍ ក្នុងខេត្តកំពង់ចាម ដោយអង្គការសង្គ្រោះកុមារ (Save the Children)
  2. កម្មវិធីយល់ដឹង អំពីអនាម័យផ្ទាល់ខ្លួន ដែលផ្ដល់ធុងទឹកលាងដៃចល័ត នៅតាមខេត្ត ចំនួន ៥ ដោយ មូលនិធិលោកខាងលិច ជួបខាងកើត (East Meets West Foundation)
  3. វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ តាមប្រព័ន្ធអ៊ីនធឺណិត សម្រាប់សិស្សដែលងាយរងគ្រោះ ហើយបោះបង់ការសិក្សា ក្នុងខេត្តសៀមរាប ដោយអង្គការ សម្រាប់ការអប់រំ និងការអភិវឌ្ឍន៍បាយ័ន (Bayon Education and Development)
  4. កម្មវិធីបណ្ដុះបណ្ដាល ផ្នែកហិរញ្ញវត្ថុសម្រាប់ សហគ្រាសខ្នាតតូច និងមធ្យម ដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (Young Entrepreneurs Association of Cambodia)
  5. កម្មវិធីបណ្ដុះបណ្ដាលអាជីវកម្ម ទើបបង្កើតថ្មីតាមអនឡាញ ដោយ Impact Hub ភ្នំពេញ។

មូលនិធិរបស់ក្រុមហ៊ុន Smart ដែលបើកទទួលពាក្យ សុំពីស្ថាប័ននានាកាលពីខែមេសា គឺជាទឹកប្រាក់លើសពីការប្តេជ្ញា ក្នុងការបរិច្ចាគប្រាក់ចំណូល ប្រចាំឆ្នាំទៅក្នុងកម្មវិធី ទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុន ដែលមានច្រើនជាង ១ ភាគរយ នៃប្រាក់ចំណូលដុល្លាររបស់ខ្លួន។ មូលនិធិជំនួយ​ ដើម្បីប្រឆាំងវីរុសកូវីដ១៩ របស់ក្រុមហ៊ុន Smart នៅបន្តទទួលពាក្យស្នើសុំ ដែលស្របនឹងវិស័យអាទិភាព របស់មូលនិធិនេះ ដូចជានៅក្នុង វិស័យព័ត៍មានទំនាក់ទំនង និង បច្ចេកវិទ្យាសម្រាប់ការអប់រំ ការស្ថិតនៅឆ្ងាយពីគ្នា ការគ្រប់គ្រងវិបត្តិ និងអនាម័យផ្ទាល់ខ្លួន អាចដាក់ស្នើតាមអ៊ីនធឺណិត បានតាមរយៈ៖ https://bit.ly/3aQsrJV

លោក ថូម៉ាស (Thomas) បានបន្ថែមទៀតថា «គិតត្រឹមថ្ងៃនេះ ជំនួយមូលនិធិច្រើនជាងពាក់ កណ្តាលត្រូវបានប្តេជ្ញាចិត្ត ដល់គម្រោងចំនួន ៩ គម្រោង ដើម្បីជួយដល់ប្រទេសកម្ពុជា ទប់ទល់នឹងផលប៉ះពាល់ ពីវីរុសកូវីដ ១៩ ។ យើងសង្ឃឹមថា នឹងអាចស្វែងរក គម្រោងបន្ថែមទៀត ដែលមានឥទ្ធិពលខ្លាំង ហើយឆ្លើយតប ទៅនឹងតម្រូវការបន្ទាន់ របស់ប្រទេសកម្ពុជា ទោះបីជាយើងបានសង្កេតឃើញថា មានការថយចុះ នៃការឆ្លងវីរុសកូវីដ ១៩ នៅទីនេះក៏ដោយ។ គ្មាននរណាម្នាក់ដឹងទេ ថាពេលណា ទើបវិបត្តិនេះ នឹងបញ្ចប់នោះទេ ប៉ុន្តែយើងអាចជួយកសាងសេដ្ឋកិច្ច របស់យើងឡើងវិញ និងឆ្លងកាត់វិបត្តិនេះ ទាំងអស់គ្នា។»

សម្រាប់ព័ត៌មាន បន្ថែម អំពីមូលនិធិទឹកប្រាក់ចំនួន ១លានដុល្លា ដើម្បីប្រឆាំងវីរុសកូវិដ ១៩ របស់ក្រុមហ៊ុន Smart Axiata, សូមចូលទៅកាន់ ទំព័រហ្វេសប៊ុករបស់ «Smart for Cambodia» តាមរយៈ www.facebook.com/SmartForCambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

To Top