អត្ថបទ

ក្រុមហ៊ុន Smart Axiata ប្រកាសជ័យលាភី ដំបូងគេបង្អស់ ក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡា អេឡិចត្រូនិច Smart PUBG Mobile Tournament នៅកម្ពុជា

ភ្នំពេញ៖ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២០- ក្រោយពីការប្រកួតប្រជែង យ៉ាងសកម្មអស់ រយៈពេលមួយខែ Angkor PUBG បានទទួលជោគជ័យ ក្នុងព្រឹត្តិការណ៍ការប្រកួត កីឡាអេឡិចត្រូនិចធំបំផុត នៅកម្ពុជា ដែលមានឈ្មោះថា Smart PUBG Mobile Tournament ដែលរៀបចំឡើង ដោយប្រតិបត្តិករទូរស័ព្ទចល័ត ឈានមុខគេ នៅកម្ពុជា Smart Axiata ដោយទទួលបានការគាំទ្រ ពីសហព័ន្ធកីឡា អេឡិចត្រូនិចកម្ពុជា។

ក្រុមជ័យលាភី ដែលមានសមាជិកចំនួន ៥នាក់ បានទទួលរង្វាន់ ជាសាច់ប្រាក់ចំនួន ៦០,០០០,០០០ រៀល និងទូរស័ព្ទស្មាតហ្វូន Realme 6 ផងដែរ។

ការប្រកួតនេះបានចាប់ផ្ដើមឡើង ដោយមានក្រុមចំនួនជាង ៣០០ ក្រុមបានចុះឈ្មោះ ហើយមានក្រុមចំនួន ៤០ ក្រុមត្រូវបានជ្រើសរើស ដើម្បីឲ្យចូលរួមប្រកួតប្រជែង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពី ថ្ងៃទី ២៧ ខែមិថុនា ។ បន្ទាប់មកមានក្រុមចំនួន ២០ ក្រុមតែប៉ុណ្ណោះ ត្រូវបានជ្រើសរើស ឲ្យចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ្ត កាលពី ថ្ងៃទី២៨ ខែមិថុនា ដែលក្នុងនោះមាន ក្រុមកំពូលចំនួន ១០ក្រុម ដែលទទួលបានរង្វាន់ ជាសាច់ប្រាក់ចំនួន ១២០,០០០,០០០ រៀល និងទូរស័ព្ទស្មាតហ្វូន Realme 6 ។

ស៊ីម ឡៃស្រ៊ុន សមាជិកក្រុមជ័យលាភី Angkor PUBG បានឲ្យដឹងថា លោកសូមថ្លែងអំណរគុណ​ យ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន Smart Axiata ដែលបានបង្កើតកម្មវិធីកំសាន្ត ប្រកបដោយភាពច្នៃប្រឌិត សម្រាប់អ្នកលេងកីឡា អេឡិចត្រូនិចនៅ កម្ពុជា។

«ការប្រកួតប្រជែងនេះ បានផ្ដល់បទពិសោធន៍ ដ៏រំភើបមួយសម្រាប់ខ្ញុំ និងក្រុមរបស់ខ្ញុំ។ ជាធម្មតា យើងលេងជាការកំសាន្ត ប៉ុន្ដែ ក្នុងនាមជាតំណាងឲ្យក្រុមមួយ ដើម្បីចូលរួមប្រកួត ប្រជែងជាមួយក្រុមដ៏ទៃ ដោយផ្សាយផ្ទាល់លើ Facebook គឺមានការរំភើបខ្លាំង។ ក្រុមរបស់ខ្ញុំ បានបង្ហាញពីកិច្ចសហការ និងស្មារតីក្រុម ក្នុងយុទ្ធសាស្ត្រ នៃការប្រយុទ្ធ និងការការពារ ដែលនាំឱ្យយើងក្លាយជាជើងឯក ហើយយើងក៏រីករាយ ដែលបានចូលរួម ក្នុងការប្រកួតនេះផងដែរ»។

ដោយមានការគាំទ្រ ពីក្រុមហ៊ុន Tencent Games ដែលជាក្រុមហ៊ុនអ៊ិនធឺណិត និងបច្ចេកវិទ្យាធំ ជាងគេបង្អស់មួយ ក្នុងលោក និងក្រុមហ៊ុន Realme ដែលជាក្រុមហ៊ុនផលិត ទូរស័ព្ទស្មាតហ្វូន ឈានមុខគេបង្អស់ មួយក្នុងលោក ព្រឹត្តិការណ៍ការ ប្រកួតកីឡាអេឡិចត្រូនិច Smart PUBG Mobile Tournament នេះ បង្កើតឡើងក្នុងគោលបំណង ផ្តល់ឱកាសសម្រាប់អ្នកលេង កីឡាអេឡិចត្រូនិច នៅកម្ពុជា ដើម្បីឈ្នះរង្វាន់ដ៏អស្ចារ្យ និងផ្តល់ឱកាស ឲ្យពួកគេលេងកីឡាអេឡិចត្រូនិច ជាសហគមន៍រួមគ្នា។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata បានថ្លែងថា «ខ្ញុំសូមអបអរសាទរដល់ ក្រុម Angkor PUBG ដែលបានឈ្នះការប្រកួត កីឡាអេឡិចត្រូនិច Smart PUBG Mobile Tournament ដំបូងគេបង្អស់។ ក្រុមការងារនៅក្រុមហ៊ុន Smart ទាំងអស់នឹងបន្ត នាំយករបៀបរស់នៅចំរុះ បែបឌីជីថលបន្ថែមទៀត សម្រាប់អតិថិជន របស់យើង រួមមាន ការនាំយកគំ និងផ្ដួចផ្ដើមថ្មីៗផ្សេងទៀត ក្នុងវិស័យកីឡាអេឡិចត្រូនិច។ យើងពិតជារំភើបដែល យុវជនកម្ពុជា ជាច្រើនបានបង្កើតជាក្រុម ហើយបានចូលរួម ក្នុងព្រឹត្តិការណ៍ការប្រកួតនេះ ហើយយើងក៏សង្ឃឹមថា នឹងមានការចូលរួមកាន់តែច្រើន នៅក្នុងព្រឹត្តិការណ៍របស់យើង នាពេលអនាគតផងដែរ។»

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពី ក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ទំព័រហ្វេសប៊ុក​ របស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/SmartAxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh.៕

To Top