អត្ថបទ

កសិដ្ឋានចិញ្ចឹមគោ យកទឹកដោះ ទំនើបបំផុត នៅកម្ពុជា ចាប់ផ្ដើមផលិតកម្មរបស់ខ្លួន ទោះបីជាប្រឈម បញ្ហាកូវីដ-១៩ ក៏ដោយ

ភ្នំពេញ៖ ទោះបីជាអាជីវកម្ម និងវិនិយោគ​ នៅកម្ពុជាខ្លះ ប្រឈមនឹងបញ្ហាវីរុស កូវីដ-១៩ក៏ដោយ ក៏ក្រុមហ៊ុនក្នុងស្រុកមួយចំនួន នៅតែបន្តចំណាយពេលវេលា និងធនធានរបស់ខ្លួន ទៅលើគម្រោងអាជីវកម្ម ដែលខ្លួនបានគ្រោងទុក មុនពេលមាន ការផ្ទុះឡើង នៃវីរុសនេះ។

ដូចជា គម្រោងអាជីវកម្ម របស់កសិដ្ឋានគិរីសួគ៌ (Kirisu Farm) ដែលជាកសិដ្ឋាន ចិញ្ចឹមគោ យកទឹកដោះ និងជារោងចក្រកែច្នៃទឹកដោះគោ ដែលប្រើបច្ចេកវិទ្យាទំនើបថ្មី ចុងក្រោយគេបង្អស់ ក្នុងខេត្តតាកែវ ដែលបានឆ្លងកាត់ ការអភិវឌ្ឍន៍ អស់រយៈពេល ជាច្រើនឆ្នាំមកហើយ។ កសិដ្ឋានមានផែនការពន្លឿន សកម្មភាពផលិតនាដើមឆ្នាំ ២០២០ ក្នុងគោលដៅផ្គត់ផ្គង់ទឹកដោះគោ សុទ្ធបំផុតពីធម្មជាតិ សម្រាប់ពលរដ្ឋកម្ពុជា ឲ្យបាននៅចុងឆ្នាំនេះ។

ឈរនៅក្បែរ សត្វគោញីផើម ប្រភេទ Holstein heifers ចំនួន ៥៥០ ក្បាល ដែលបាននាំចូល ពីប្រទេសអូស្រ្តាលី កាលពីខែ កុម្ភៈ មិនា និង មេសាកន្លងមក លោក ឈរ រិទ្ធី នាយកប្រតិបត្តិ ក្រុមហ៊ុន Khmer Fresh Milk Co., Ltd. និង ជាប្រតិបត្តិករ កសិដ្ឋាននេះ បានពន្យល់ថា «យើងពិតជាសប្បាយចិត្តណាស់ ដែលបាននាំចូល សត្វគោ លំដាប់ពិភពលោក ប្រភេទ Holstein heifers ចំនួន ៥៥០ក្បាល មកកម្ពុជាពីអូស្រ្តាលី។ បើគិតមកដល់ពេលនេះ គោដែលយើងបាននាំចូល បានបន្សុំាខ្លួន បានយ៉ាងល្អទៅ នឹងបរិយាកាសថ្មី ហើយមានសុខភាពល្អ នៅក្នុងកសិដ្ឋានរបស់យើង ដែលបានសាងសង់ តាមបច្ចេកវិទ្យាទំនើប»

លោក រិទ្ធី បានបន្ថែមទៀតថា “យើងសូមថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈងាយស្រួល សម្រាប់យើងក្នុងការ នាំចូលសត្វគោទាំងអស់ ចូលមកកម្ពុជា។ ដោយសារបញ្ហាកូវីដ-១៩ យើងបានជួបប្រទះ ភាពស្មុគស្មាញមួយចំនួន នៅពេលដែលក្រុមអ្នកជំនាញ ផ្នែកដំាដុះ និងអ្នកជំនាញ ផ្នែកបច្ចេកវិទ្យា អន្តរជាតិកំពូលៗ ចូលមកប្រទេសកម្ពុជា។ យើងក៏សូមអរគុណដល់ រាជរដ្ឋាភិបាល ដែលបានសម្រួល ការផ្ដល់ទិដ្ឋាការ ដល់ក្រុមការងារ អន្តរជាតិរបស់យើង។ យើងសប្បាយចិត្តណាស់ ដែលការងាររបស់យើង នៅតែសម្រេចបានតាមផែនការ ហើយពិតជាមានមោទនភាព ដែលយើងអាចសម្រេចការងារ ស្ទើរតែទាំងស្រុង ទៅតាមផែនការ ដែលយើងបានគ្រោងទុក មុនពេលមានកូវីដ-១៩។”

កសិដ្ឋានទំហំ ៣០០ ហិចតានេះ មានទីតាំងស្ថិតនៅ ជ្រលងភ្នំតាម៉ៅ នៅខេត្តតាកែវ ចម្ងាយជាង ៣០ គីឡូម៉ែត្រ ពីភាគខាងត្បូង រាជធានីភ្នំពេញ។

កសិដ្ឋាននេះ មានខ្យល់អាកាស បរិសុទ្ធ ដីសំបូរជីវជាតិ និងភាពស្ងប់ស្ងាត់ល្អ ដែលអំណោយផល ដល់ការចិញ្ចឹមគោ ដែលបាននាំចូលថ្មី ទាំងអស់នោះ។ គោទាំងនេះស៊ី ពោត សណ្ដែក និងស្មៅប្រភេទផ្សេងៗ ដូចជាស្តៃឡូ (Stylo) មូមបាសា (Mombasa) ដែលដំា និងកែច្នៃ ដោយកសិដ្ឋាន ផ្ទាល់តែម្តង។

ក្រុមហ៊ុន Khmer Fresh Milk បានកកើតចេញ ពីការចាប់ដៃគូរវាង Cambodia-Laos-Myanmar Development Fund II ដែលមានមូលដ្ឋាន នៅប្រទេសសិង្ហបុរី តំណាងដោយក្រុមហ៊ុន Emerging Markets Investment Advisers (EMIA), មូលនិធិ Nexasia របស់ជប៉ុន ដែលមានមូលដ្ឋាន នៅប្រទេសសិង្ហបុរី និង ក្រុមស្ថាបនិក ដែលទទួលបាន ជោគជ័យខ្ពស់ រួមមាន សហគ្រិនកម្ពុជា និងសហគ្រិន មកពីប្រទេស អ៊ីស្រាអែល។

ដៃគូផ្នែកបច្ចេកវិទ្យា គឺក្រុមហ៊ុន Afimilk របស់ប្រទេសអ៊ីស្រាអែល។ Afimilk ជាក្រុមហ៊ុន មួយក្នុងចំណោម ក្រុមហ៊ុនផ្គត់ផ្គង់ធំបំផុត ខាងបច្ចេកវិទ្យា និងគ្រប់គ្រង​ កសិដ្ឋានគោទឹកដោះ នៅលើពិភពលោក។

ក្រុមហ៊ុន Afimilk បានទទួលជោគជ័យ ជាច្រើនមកហើយ ក្នុងការបង្កើត និងគ្រប់គ្រងគម្រោង អាជីវកម្មស្រដៀង គ្នានេះនៅទូទាំងពិភពលោក ក៏ដូចជាគម្រោងនៅប្រទេស វៀតណាម បង់ក្លាដែស និង ចិន។

ក្រុមហ៊ុននេះ ប្រើប្រាស់បច្ចេកវិទ្យាទំនើប ចុងក្រោយបំផុត និងគោលការណ៍ ការពារបរិស្ថាន ដើម្បីធានាថា កសិដ្ឋានរបស់ខ្លួន ដំណើរការប្រកបដោយចីរភាព និងផលិតផល ទឹកដោះគោរបស់ខ្លួន ត្រូវបានផលិតឡើង ស្របទៅតាមស្តង់ដារ អន្តរជាតិខ្ពស់បំផុត ដើម្បីធានាទំាងអនាម័យ និងគុណភាពផលិតផល។

លោក ជី សិលា ដៃគូសហស្ថាបនិក ក្រុមហ៊ុន Khmer Fresh Milk បានឲ្យដឹងថា ទោះបីមានការព្រួយបារម្ភ អំពីផលប៉ះពាល់ នៃវីរសុកូវីដ-១៩ ទៅលើសុខភាព និងវិបុលភាព នៅប្រទេសកម្ពុជាក៏ដោយ ក៏ក្រុមការងារកសិដ្ឋាននេះ មិនដែលគិតចង់ពន្យារពេល បើកដំណើរគម្រោង អាជីវកម្មនេះឡើយ សូម្បីតែម្ដង ហើយការបង្កើតស្តង់ដារថ្មី សម្រាប់កសិកម្ម និងផ្ដល់អាហារូបត្ថម្ភ កាន់តែល្អ នៅកម្ពុជា។

លោក សិលា បានមានប្រសាសន៍ថា «កសិដ្ឋានគិរីសួគ៌ (Kirisu Farm) មានចក្ខុវិស័យយូរអង្វែង ក្នុងការនាំយកទឹកដោះគោ សុទ្ធពីធម្មជាតិ បច្ចេកទេសកសិកម្ម និងការកែច្នៃចំណីអាហារ លំដាប់ពិភពលោក មកកាន់កម្ពុជា ហើយយើងមិនគិត អំពីផលចំណេញមួយភ្លែតៗ នោះទេ។ យើងបាននាំយក បច្ចេកវិទ្យាទំនើបៗ ហើយយើងកំពុងធ្វើការជាមួយ អ្នកជំនាញកសិកម្ម ជនជាតិអ៊ីស្រាអែល លើផ្នែកចិញ្ចឹមគោយកទឹកដោះ និងផ្នែកដំាដុះល្បីៗ នៅលើពិភពលោក ដើម្បីជួយពួកយើង លើការដាំដុះ របៀបមើលថែរក្សា សុខភាពគោ និងកែច្នៃទឹកដោះគោ សុទ្ធពីធម្មជាតិ ១០០ ភាគរយ ពីកសិដ្ឋានគិរីសួគ៌ (Kirisu Farm) ឲ្យមានគុណភាព ខ្ពស់តាមស្ដង់ដារ អន្តរជាតិនេះ។»

បុគ្គលិកភាគច្រើន របស់កសិដ្ឋាននេះ គឺជាប្រជាពលរដ្ឋ ក្នុងមូលដ្ឋានផ្ទាល់តែម្ដង ហើយក្រុមហ៊ុនបានឲ្យដឹងថា ខ្លួននឹងចែកចាយទឹកដោះគោ សុទ្ធដោយឥតគិតថ្លៃ ពីកសិដ្ឋាននេះ ជូនដល់ក្រុមគ្រួសារ និងមន្ត្រីរាជការ ក្នុងមូលដ្ឋាន ដើម្បីចូលរួមជាជំនួយ ពីផលប៉ះពាល់នៃវិបត្តិ កូវីដ-១៩ និងដើម្បីជាការតបស្នង សងគុណចំពោះ ប្រជាពលរដ្ឋមូលដ្ឋាន ដែលបានគាំទ្រ ដល់កសិដ្ឋាននេះ។

លោក ជី សិលា បាននិយាយថា “សម្រាប់ខ្ញុំនេះ គឺជាសុភមង្គល និងជាក្ដីសង្ឈឹមមួយ ហើយខ្ញុំពិតជាចង់ឃើញ ស្នាមញញឹមរបស់ក្មេងៗ នៅពេលដែល ពួកគេ ភ្លក្សរសជាតិទឹកដោះគោ សុទ្ធជាលើកដំបូង។ ទឹកដោះគោនេះមានរសជាតិ ខុសពីទឹកដោះគោ ដែលមានលក់ នៅស្រុកខ្មែរយើងកន្លងមក។”

លោក សិលា បាននិយាយថា “យើងអោយគោទាំងនេះ ស៊ីចំណីអាហារ ដែលជាគ្រាប់ធញ្ញជាតិ ដែលដាំក្នុងស្រុក ដើម្បីបំប៉នបន្ថែម ទៅលើចំណី ដែលដាំនៅក្នុងកសិដ្ឋានផ្ទាល់ ហើយទឹកដោះគោនៅទីនេះ ត្រូវបានកែច្នៃ នៅឯរោងចក្រដ៏ទំនើប របស់យើង។ ដូច្នេះយើងអាចផលិតបាន នូវទឹកដោះគោសុទ្ធបំផុត ដែលប្រជាជនកម្ពុជា មិនធ្លាប់ បានភ្លក្សពីមុនមក ហើយយកវាទៅលក់ នៅភ្នំពេញ និងនៅទូទាំងប្រទេសតែម្ដង ដោយចំណាយពេល ត្រឹមតែ ប៉ុន្មានម៉ោងប៉ុណ្ណោះ។”

ផលិតផល ពីកសិដ្ឋានគិរីសួគ៌ (Kirisu) នឹងគ្រោងដាក់លក់ទឹកដោះសុទ្ធ ធម្មជាតិ និងយ៉ាអួរស្រស់របស់ខ្លួន នៅតាមផ្សារទំនើប មីនីម៉ាត ភោជនីយដ្ឋាន និងហាងកាហ្វេនានា នាពេលខ្លីខាងមុខនេះ៕

To Top