បុគ្គលិក និងអ្នកស្ម័គ្រចិត្ត របស់កសិដ្ឋាន គិរីសួគ៌ បានបរិច្ចាគ ដោយឥតគិតថ្លៃ នូវទឹកដោះគោសុទ្ធ ពី ធម្មជាតិ 100% ពីកសិដ្ឋានគិរីសួគ៌ ចំនួន 100 លីត្រ ដល់សហគមន៍ជុំវិញកសិដ្ឋាន ស្ថិតនៅ ចម្ងាយ 30 គីឡូម៉ែត្រ ខាងត្បូង រាជធានីភ្នំពេញ។
បុគ្គលិកជាច្រើន របស់កសិដ្ឋាននេះ ត្រូវបានជ្រើសរើសចេញពី សហគមន៍ នៅជិតកសិដ្ឋាន ហើយការបរិច្ចាគ ទឹកដោះគោសុទ្ធ ដោយឥតគិតថ្លៃនេះ គឺដើម្បីថ្លែង អំណរគុណ ដល់ពួកគាត់ សម្រាប់ការគាំទ្រ គម្រោងអាជីវកម្មថ្មី ដែលនឹងចាប់ផ្ដើម លក់ផលិតផល ទឹកដោះគោសុទ្ធ ពីធម្មជាតិ 100% ពីកសិដ្ឋានគិរីសួគ៌ ទៅឲ្យទីផ្សារ ក្នុងស្រុកនាពេលឆាប់ៗនេះ ។
ទឹកដោះគោសុទ្ធ 100% ពីកសិដ្ឋានគិរីសួគ៌ ត្រូវបានផលិតឡើង ស្របតាម បទដ្ឋានអន្តរជាតិ ខ្ពស់បំផុត នៅក្នុងរោងចក្រដ៏ទំនើប ដោយទឹកដោះគោនោះ ត្រូវបានប្រមូលពីសត្វគោ ប្រភេទ Holstein Heifers មានចំនួនជាង 550 ក្បាល ដែលទើបនាំចូល ពីប្រទេសអូស្ត្រាលី កាលពីពេលថ្មីៗ។ ទន្ទឹមនឹងនេះ កសិដ្ឋានគិរីសួគ៌ នឹងផលិត និងចែកចាយយ៉ៅអួរ និងប៊័រ ស្រស់ៗ នៅប៉ុន្មានសប្ដាហ៍ ខាងមុខនេះផងដែរ៕










