ភ្នំពេញ៖ ក្រុមហ៊ុនសែលកាត ដែលជាប្រតិបត្តិករ បណ្តាញទូរស័ព្ទចល័ត ជាមោទនភាពជាតិខ្មែរ ដែលតែងតែផ្តល់ជូន នូវបទពិសោធន៍ លេងហ្គេម តាមអនឡាញល្អផ្តាច់គេនោះ បានរៀបចំព្រឹត្តិការណ៍ ប្រកួត Rules of Survival (RoS) KH Cup Season 3 វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។
ក្រុមកីឡាករ ចំនួន ១៨ក្រុម បានចូលរួមប្រកួត នាថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ដើម្បីប្រជែងយកតំណែង ជាម្ចាស់ជើងឯក RoS KH Cup នារដូវកាលទី៣ នៅផ្សារទំនើប អ៊ីអនម៉លសែនសុខ។ ជាលទ្ធផល នៅចុងបញ្ចប់ ក្រុម TeamUP (ក្រុមយូ ភី) បានទទួលជ័យជំនះ នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ពោលគឺបានក្លាយជា ម្ចាស់ជើងឯក ប្រចាំកម្មវិធីតែម្តង។
រង្វាន់ជាទឹកប្រាក់ សរុបចំនួន 50,000,000 រៀល ត្រូវបានរៀបចំឡើង ដើម្បីប្រគល់ជូនដល់ក្រុមកីឡាករ ដែលបានចូលរួម នៅក្នុងកម្មវិធីប្រកួត ដោយក្នុងនោះ ក្រុម TeamUP (ក្រុមយូ ភី) ទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន 20,000,000 រៀល សម្រាប់តំណែង ជាជើងឯកប្រចាំកម្មវិធី។ ចំណែកឯក្រុម NRXCambodia ដែលជាប់ចំណាត់ថ្នាក់លេខ 2 ទទួលបានទឹកប្រាក់ ចំនួន 8,000,000 រៀល និងក្រុម Vipers ទទួលបានទឹកប្រាក់ ចំនួន 5,000,000 រៀល សម្រាប់ចំណាត់ថ្នាក់លេខ 3 ។
ក្រុមកីឡាករទាំងអស់ បានចូលរួមប្រកួត តាមរយៈកម្មវិធី PlayGame របស់ក្រុមហ៊ុនសែលកាត ហើយទន្ទឹមនឹងនោះផងដែរ បណ្តាអ្នកគាំទ្រ ក៏បានចូលរួមតាមដានទស្សនា សកម្មភាពផ្សាយផ្ទាល់តាមរយៈ Virtual Gaming Platform ដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា (ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ ចាប់តាំងពីខែមេសា កន្លងទៅថ្មីៗនេះ) ហើយអ្នកគាំទ្រខ្លះទៀត ធ្វើការតាមដានទស្សនាផ្ទាល់ នៅលើទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុនសែលកាត។
បន្ទាប់ពីកម្មវិធីប្រកួត RoS KH Cup វគ្គផ្តាច់ព្រ័ត្រ ត្រូវបានបញ្ចប់ទៅ កម្មវិធីប្រកួត ជាលក្ខណៈ All-Star ដ៏ជក់ចិត្ត ក៏បានចូលខ្លួនមកបន្ត ដោយក្នុងនោះក្រុមចំនួន 10 ដែលមានសំឡេងគាំទ្រ តាមអនឡាញច្រើនជាងគេ ទទួលបានសិទ្ធិ ដើម្បីចូលរួមប្រកួត។
ដើម្បីញ៉ាំងឱ្យកម្មវិធី កាន់តែប្លែកអារម្មណ៍ ថែមទៀតនោះ Influencer របស់ហ្គេម RoS ល្បីៗ រួមមានលោក Bunleng, Tii Gaming និង Lee Official ក៏ត្រូវបានអញ្ជើញ ឱ្យចូលរួម នៅក្នុងការប្រកួត All-Star ដើម្បីមានឱកាសឈ្នះរង្វាន់ ជាទឹកប្រាក់ចំនួន 2 លានរៀលផងដែរ។ បន្ទាប់ពីការប្រកួត ត្រូវបានបញ្ចប់ទៅ ជ័យលាភីសម្រាប់វគ្គ All-Star គឺបានទៅលើក្រុម 4Military។
កម្មវិធីប្រកួតនេះ អាចប្រព្រឹត្តទៅបាន គឺអាស្រ័យដោយមានកិច្ចសហការ យ៉ាងស្អិតល្មួត រវាងក្រុមហ៊ុនសែលកាត ជាមួយនឹងសហព័ន្ធកីឡា អេឡិចត្រូនិចកម្ពុជា និង Netease ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ ហ្គេមខ្នាតយក្ស របស់ប្រទេសចិន។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា៖ “យើងពិតជាមានមោទនភាព យ៉ាងក្រៃលែង ដែលបានក្លាយជា ក្រុមហ៊ុនឈានមុខគេ នៅក្នុងវិស័យកីឡា អេឡិចត្រូនិកម្ពុជា។ ការទទួលស្គាល់ នាពេលថ្មីៗនេះ ដោយស្ថាប័ន Opensignal និងយុទ្ធសាស្រ្តរបស់យើង ក្នុងការផ្តល់ជូន នូវបណ្តាញទូរស័ព្ទ ប្រកបដោយទំនុកចិត្តខ្ពស់ និងផ្តល់បទពិសោធន៍ លេងហ្គេមល្អបំផុត គឺពិតជាមានសារៈសំខាន់ ខ្លាំងណាស់ ព្រោះថាកីឡាអេឡិចត្រូនិច គឺជាប្រភេទកីឡា ដែលកំពុងទទួលបាន ការគាំទ្រយ៉ាងផុសផុលបំផុត នាពេលបច្ចុប្បន្ននេះ។ ខ្ញុំក៏សូមយក ឱកាសនេះផងដែរ ដើម្បីចូលរួមអបអរសាទរ ដល់ក្រុម TeamUP ដែលបានក្លាយជា ម្ចាស់ជើងឯកនារដូវកាលនេះ”។
នាពេលថ្មីៗនេះ Opensignal ដែលជាស្ថាប័នមានការទទួលស្គាល់ ជាអន្តរជាតិ បានប្រកាសឱ្យដឹងថា បណ្តាញ 4G LTE របស់ក្រុមហ៊ុនសែលកាត បានជាប់ជាជ័យលាភី ពានរង្វាន់ បទពិសោធន៍នៃការលេងហ្គេម (Games Experience) ដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា។
ដោយយោងតាម លទ្ធផលជាក់ស្តែង ក្រុមហ៊ុនសែលកាត គឺជាប្រតិបត្តិករ ថ្នាក់ជាតិតែមួយគត់ ដែលអ្នកប្រើប្រាស់ (ស្ថាប័ន Opensignal ផ្ទាល់) បានសង្កេតឃើញ នូវការផ្តល់ជូន បទពិសោធន៍ នៃការលេងហ្គេម នៅលើបណ្តាញ 4G នៅក្នុងប្រទេសកម្ពុជា ក្នុងកម្រិតខ្ពស់ ជាងគេបំផុត។
លោក វ៉ាតសុន ក៏បានបន្ថែមឱ្យដឹងផងដែរថា៖ “ក្រុមហ៊ុនសែលកាត ពិតជាមានកិត្តិយសបំផុត ដែលមានឱកាស ក្នុងការចូលរួមគាំទ្រ និងជួយស្វែងរក កីឡាករស្រុក ដែលមានសមត្ថភាពឆ្នើមៗ។ ហើយទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏មានក្តីសោមនស្ស ក្នុងការរៀបចំកម្មវិធី ប្រកួតប្រជែងនៅក្នុងស្រុក ក៏ដូចជាផ្តល់ជូននូវឱកាស ដល់កីឡាករអេឡិចត្រូនិចកម្ពុជា ឱ្យអាចចូលរួមប្រកួត នៅក្នុងព្រឹត្តិការណ៍ លំដាប់ថ្នាក់អន្តរជាតិផងដែរ” ។
ក្រុមហ៊ុនសែលកាត នឹងរៀបចំកម្មវិធីផ្សាយផ្ទាល់ រយៈពេលពេញមួយថ្ងៃ នៅថ្ងៃទី 14 ខែសីហាខាងមុខនេះ ដើម្បីឱ្យកីឡាករហ្គេមខ្មែរយើង អាចស្វែងយល់បន្ថែម អំពីកីឡាអេឡិចត្រូនិច ក៏ដូចជាផ្តល់ឱកាស ដើម្បីទស្សនាកីឡាករអាជីពយើង ប្រកួតផ្ទាល់នៅលើ PlayGame។ កម្មវិធីប្រកួតនេះ នឹងមានវត្តមានចូលរួម ដោយក្រុមកីឡាករល្បីៗ ដែលក្នុងនោះ មានដូចជា ក្រុម Orange Esports, Henaa, Ice Frogz, Ream Angkor, Private Plork និងក្រុមជាច្រើន ផ្សេងទៀតផងដែរ។
គួររំលឹកផងដែរ ក្រុមហ៊ុនសែលកាត បានចូលរួមជួយជ្រោមជ្រែង ដល់វិស័យកីឡាអេឡិចត្រូនិច នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ 2018 មកម្ល៉េះ ហើយមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនថែមទាំងបានបម្រើជូន ដល់សហគមន៍អ្នកគាំទ្រ វិស័យហ្គេម ប្រមាណជាង 2 លាននាក់ទៀតផង៕