អត្ថបទ

ក្រុមហ៊ុនគ្រីសអេនើជី ឈានដល់ ដំណាក់កាលសំខាន់ ក្នុងការអភិវឌ្ឍន៍ អណ្តូងប្រេងកាត អប្សរា ក្នុងប្លុក A កម្ពុជា

ក្រុមហ៊ុនគ្រីសអេនើជី អិលធីឌី (តទៅនេះហៅថា “គ្រីសអេនើជី” ឬ “ក្រុមហ៊ុន”) ដែលជាក្រុមហ៊ុនរុករកប្រេង និងឧស្ម័នឯករាជ្យមួយ មានសេចក្តីសោមនស្សរីករាយ សូមប្រកាសថា ការកសាងផ្លាតហ្វម ក្បាលអណ្ដូង ផលិតកម្ម (“Mini-Platform”) សម្រាប់ការអភិវឌ្ឍន៍អណ្តូង ប្រេងកាតអប្សរា ក្នុងប្លុក A ដែលស្ថិតក្នុង ដែនសមុទ្រកម្ពុជា បានបញ្ចប់ជាស្ថាពរ ហើយផ្នែកខាងលើ និងជើងទម្រផ្លាតហ្វម ខ្នាតតូចនេះ កំពុងត្រូវបានដឹកជញ្ជូន ទៅកាន់ដែនទឹក នៃប្រទេសកម្ពុជា ដែលស្ថិតក្នុង ឈូងសមុទ្រថៃ ដើម្បី ធ្វើការតម្លើង។

ការកសាងផ្លាតហ្វមខ្នាតតូច សម្រាប់ការអភិវឌ្ឍន៍ អណ្ដូងប្រេងកាតដំបូងគេបង្អស់ របស់ប្រទេសកម្ពុជា បានចាប់ផ្ដើម កាលពីដើមខែធ្នូ ឆ្នាំ ២០១៩ នៅឯរោងចក្ររបស់ NOV’s PT Profab ដែលស្ថិតនៅកោះបាតាម (Batam Island) ប្រទេសឥណ្ឌូនេស៊ី ។
ការលើកដាក់ និងការដឹកចេញផ្លាតហ្វម ខ្នាតតូចនេះ បានចប់សព្វគ្រប់ នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ ។

លោក Kelvin Tang នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន គ្រីសអេនើជី ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “គិតចាប់ពីការរៀបចំ កាត់ដែកដំបូង រហូតដល់ការដឹកចេញ ផ្លាតហ្វមខ្នាតតូចនេះ គឺមានរយៈពេល ៩ ខែ ហើយសមិទ្ធផលនេះ រឹតតែវិសេសវិសាល ថែមទៀត បើទោះបីជាមានការលំបាក និងបម្រាមនានា ដែលក្រុមការងាររបស់យើង និងសហការីនៅឯ NOV Profab បានប្រឈមមុខ តាំងពីដើមឆ្នាំ ២០២០ ដោយសារតែ មេរោគ រាតត្បាតកូរ៉ូណា”។

លោកបានបន្ថែមទៀតថា៖ “សូមថ្លែងអំណរគុណ ដល់កិច្ចខិតខំប្រឹងប្រែងដ៍ធំធេង ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអ្នកផ្គត់ផ្គង់ និងអ្នកម៉ៅការ ដែលបានជំនះ រាល់ឧបសគ្គ ផ្នែកភស្តុភារទាំងទ្បាយ ធ្វើយ៉ាងណាដើម្បីរក្សា ការប្រគល់នូវឧបករណ៍ និងសម្ភារនានា ពីគ្រប់ទីកន្លែង លើសកលលោក មកឲ្យរោងចក្រនៅ Batam បានទាន់ពេលវេលា តាមកាលកំណត់ ដើម្បីយើងឈានទៅរកគោលដៅ នៃការផលិតប្រេងអប្សរាដំបូង ឲ្យបានមុនដំណាច់ឆ្នាំនេះ”។

លោក Kim Lamb នាយកគ្រប់គ្រងក្រុមហ៊ុន NOV Profab បានមានប្រសាសន៍ថា៖ “យើងខ្ញុំមានសេចក្ដីរីករាយ ក្នុងការរួមចំណែកដ៏សំខាន់ នៅក្នុងគម្រោងដំបូងមួយនេះ សម្រាប់ប្រទេសកម្ពុជា។ ទាំងក្រុមការងាររបស់ក្រុមហ៊ុន NOV និង ក្រុមហ៊ុនគ្រីសអេនើជី សុទ្ធតែបានធ្វើការ ជាមួយគ្នាយ៉ាងជិតស្និទ្ធ ដោយប្រើប្រាស់ វិធីសាស្ត្រ ធ្វើការរួមគ្នា ជាក្រុមដ៍ពេញលេញ ដើម្បីផលិតផ្លាតហ្វម ដែលមានគុណភាពមួយ ហើយនេះ ជាសក្ខីភាពពិត នៃការប្តេជ្ញាចិត្ត របស់អ្នកពាក់ព័ន្ធទាំងអស់ ។ យើងទន្ទឹងរង់ចាំ ធ្វើការជាមួយ ក្រុមហ៊ុនគ្រីសអេនើជី សាជាថ្មីម្តងទៀត នាពេលអនាគត”។

តំបន់ប្រេងអប្សរា នៅក្នុងប្លុក A កម្ពុជា លាតសន្ធឹងនៅលើបាសាំងខ្មែរ ដែលជាបាសាំងភូគព្ភសាស្ត្រ មិនទាន់ត្រូវបានផលិត ស្ថិតក្នុងដែនសមុទ្រកម្ពុជា ឈូងសមុទ្រថៃ។ ដោយសារភាព មិនទាន់ច្បាស់លាស់ នៃសមត្ថភាពផលិតកម្ម របស់បាសាំងនេះ ការអភិវឌ្ឍន៍ តំបន់ប្រេងអប្សរា នឹងត្រូវធ្វើទ្បើងជា ដំណាក់កាលជាច្រើន ដើម្បីកាត់បន្ថយហានិភ័យ និងផ្តល់ពេលវេលា សម្រាប់ការប្រមូល និងវិភាគលើទិន្នន័យសំខាន់ៗ ដើម្បីអនុវត្ត ក្នុងដំណាក់កាលនានា ពេលអនាគត។

ដំណាក់កាលអភិវឌ្ឍ Mini Phase 1A នេះ រួមមាន ផ្លាតហ្វមខ្នាតតូច និងអណ្តូងប្រេង អភិវឌ្ឍដំបូង ចំនួន៥ ដែលនឹងត្រូវបានភ្ជាប់ ទៅកាន់នាវាផលិតកម្ម Ingenium II សម្រាប់ដំណើរការ ប្រព្រឹត្តិកម្មប្រេង ឧស្ម័ន និងទឹក។ ដំណាក់កាលអភិវឌ្ឍ Mini Phase 1A ត្រូវបានរំពឹងទុកថា នឹងឈានដល់អត្រា ផលិតកម្មខ្ពស់បំផុត ៧.៥០០ បារ៉ែលក្នុង១ថ្ងៃ ។

ក្រុមហ៊ុន គ្រីសអេនើជី អិលធីឌី គឺជាក្រុមហ៊ុន​ រុករកប្រេងកាត និងឧស្ម័នឯករាជ្យមួយ ដែលផ្តោតសំខាន់ លើការរុករក អភិវឌ្ឍ និងផលិតប្រេងកាត និងឧស្ម័ន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ក្រុមហ៊ុនមានភាគហ៊ុន ក្នុងតំបន់ផលិតកម្ម ប្រេងកាត និង/ឬ ឧស្ម័នចំនួនពីរ ដោយក្នុងនោះមួយតំបន់ មានទីតាំងនៅក្នុង ឈូងសមុទ្រថៃ និងមួយទៀត ស្ថិតនៅក្នុង ដែនគោក នៃប្រទេសបង់ក្លាដេស។

ក្រុមហ៊ុនក៏មានភាគហ៊ុន នៅក្នុងប្លុកចំនួន ៩ ផ្សេងទៀត ដែលកំពុងស្ថិតក្នុង ដំណាក់កាលអភិវឌ្ឍ វាយតម្លៃ និងរុករកផ្សេងៗគ្នា នៅក្នុងប្រទេសបង់ក្លាដេស កម្ពុជា ឥណ្ឌូនេស៊ី ថៃ និងវៀតណាមផងដែរ។ ក្រុមហ៊ុនគ្រីសអេនើជី ជាប្រតិបត្តិករ ក្នុងតំបន់កិច្ចសន្យាចំនួន៨។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.krisenergy.com

To Top