ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា វិទ្យាស្ថានបើកទូលាយ និងក្រុមហ៊ុន Smart Axiata បានប្រកាស ពីការចាប់ផ្ដើមផ្សព្វផ្សាយវីដេអូ មេរៀនអនឡាញ ពីកម្មវិធី «Smart 1,000 Grade 12 Video Collection» ដោយទទួលបាន ការគាំទ្រពីមូលនិធិទឹកប្រាក់ ១ លានដុល្លារ របស់ក្រុមហ៊ុន Smart Axiata ដើម្បីប្រឆាំង ជំងឺកូវីដ១៩។
ក្រោយពីការប្រកាស របស់ក្រុមហ៊ុន Smart Axiata កាលពីចុងខែឧសភាថា ក្រុមហ៊ុននឹងគាំទ្រ ស្ថាប័នទាំងពីរនេះរួចមក ក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថាន បើកទូលាយ បានរៀបចំស្ទូឌីយោចំនួនពីរ ដែលមានបំពាក់បរិក្ខារ ពេញលេញ សម្រាប់ផលិត វីដេអូអនឡាញ សម្រាប់សិស្សថ្នាក់ទី ១២ ដើម្បីជួយឲ្យពួកគេ អាចបន្តការសិក្សា ពីចម្ងាយសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ នាឆ្នាំសិក្សានេះ ស្របពេលមានការបិទទ្វារ សាលារៀនទូទាំងប្រទេស ដោយសារតែមេរោគរាតត្បាតកូវីដ១៩។
កម្មវិធី Smart 1,000 Grade 12 Video Collection នឹងក្លាយជាធនធានដ៏សំខាន់ សម្រាប់សិស្សថ្នាក់ទី ១២ នាឆ្នាំនេះ ក៏ដូចជាពេលអនាគត ហើយបណ្ណាល័យឌីជីថល ដែលមានផ្ទុកវីដេអូអនឡាញនេះ ក៏នឹងជួយដល់ការ ត្រៀមខ្លួនជាស្រេចរបស់ក្រសួងអប់រំ សម្រាប់ពេលអនាគតផងដែរ។ មូលនិធិនេះបានជួយគុណតម្លៃ យ៉ាងច្រើនបន្ថែមទៀត ដល់កិច្ចសហការ និងភាពជាដៃគូ យូរអង្វែង រវាងក្រុមហ៊ុន Smart Axiata ក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថានបើកទូលាយ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ «ខណៈដែលក្រសួងអប់រំ យុវជន និងកីឡា កំពុងតែពង្រីកកាលានុវត្តភាព នៃការសិក្សាពីចម្ងាយ ដូច្នេះមូលនិធិ របស់ក្រុមហ៊ុន Smart Axiata គឺជាជំនួយយ៉ាងធំធេង ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ដោយបានជួយទ្រទ្រង់ ដល់ប្រព័ន្ធអប់រំរបស់កម្ពុជា តាមរយៈបច្ចេកវិទ្យាឌីជីថល។ គំនិតផ្ដួចផ្ដើមនេះ ផ្ដោតលើសិស្សថ្នាក់ទី ១២ ពីព្រោះសិស្ស ដែលកំពុងរៀនឆ្នាំចុងក្រោយ សម្រាប់មធ្យមសិក្សា ចាំបាច់ត្រូវត្រៀម លក្ខណៈសម្រាប់ការប្រឡងបញ្ចប់ ហើយបន្តចូលទៅរៀន នៅសកលវិទ្យាល័យ»។
រហូតមកទល់នឹងពេលនេះ មានវីដេអូចំនួនជាង ៤០០ ហើយ ដែលបានផលិតឡើង។ ខណៈដែលមាន វីដេអូជាច្រើនទៀតកំពុងស្ថិតក្នុង ដំណើរការផលិត ក្នុងពេលនេះដែរ ក្រសួងអប់រំ នឹងចាប់ផ្ដើមសម្ពោធ ឲ្យប្រើប្រាស់វីដេអូ ដែលបានរៀបចំយ៉ាងមានរបៀបរៀបរយ។ វីដេអូទាំងនោះ នឹងត្រូវបានចាក់ផ្សាយ នៅលើទំព័របណ្ដាញសង្គម របស់ក្រសួង រួមមាននៅលើទំព័រ Facebook និងទំព័រ YouTube របស់ក្រសួងផ្ទាល់ ក៏ដូចជានៅលើប៉ុស្តិ៍ទូរទស្សន៍កម្ពុជា ២ ( ប៉ុស្តិ៍អប់រំ TVK 2) ផងដែរ។
លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «យើងមានបំណង ចង់ធានាថា ការបិទទ្វារសាលាមិនមែន ជាឧបសគ្គឡើយ សម្រាប់ការអប់រំសិស្សនៅកម្ពុជា។ ក្រុមហ៊ុន Smart តែងមានការប្ដេជ្ញាចិត្ត ក្នុងការជួយទ្រទ្រង់ ដល់វិស័យអប់រំ នៅក្នុងប្រទេសកម្ពុជានេះ។ យើងមានជំនឿចិត្ត លើការធ្វើការជាដៃគូ និងកិច្ចសហប្រតិបត្តិការ ដូច្នេះហើយ ទើបមូលនិធិទឹកប្រាក់ ១ លានដុល្លាររបស់ ក្រុមហ៊ុន Smart Axiata ត្រូវបានបង្កើតឡើង ដើម្បីជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងជួយដល់សហគមន៍ ដែលទទួលរងផលប៉ះពាល់ ពីវិបត្តិជំងឺរាតត្បាតសកល»។
មូលនិធិនេះ ផ្ដោតលើគំនិតផ្ដួចផ្ដើមនានា ដោយផ្អែកលើគោលដៅចំនួនបួន រួមមាន៖ បច្ចេកវិទ្យាព័ត៌មានវិទ្យា សម្រាប់ការអប់រំ ការគ្រប់គ្រងវិបត្តិ គម្លាតសង្គម និងអនាម័យផ្ទាល់ខ្លួន។ កម្មវិធីកិច្ចសហការជាដៃគូ រវាងស្ថាប័នឯកជន និងរដ្ឋ ត្រូវបានជំរុញលើកទឹកចិត្ត ឲ្យដាក់សំណើមកកាន់ មូលនិធិនេះ ដើម្បីទទួលបានជំនួយមូលនិធិ រហូតដល់ទៅ ២០ ម៉ឺនដុល្លារ សហរដ្ឋអាមេរិក សម្រាប់កម្មវិធីនីមួយៗ ។
កាលពីខែមីនា គ្រប់សាលារៀនទាំងអស់ ត្រូវបានតម្រូវឲ្យបិទទ្វារ ដើម្បីរារាំងការរាតត្បាត នៃមេរោគរាកូវីដ១៩។ ដោយមើលឃើញ ពីតម្រូវការបន្ទាន់ ក្នុងការជួយគាំទ្រសម្ភារៈសិក្សា ពីចម្ងាយ សម្រាប់សិស្សថ្នាក់ទី ១២ ក្នុងការត្រៀមខ្លួន ដើម្បីការប្រលងទុតិយភូមិ វិទ្យាស្ថានបើកទូលាយ បានដាក់សំណើមកកាន់មូលនិធិ ដើម្បីអនុវត្តគម្រោងរួមគ្នា ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Smart Axiata។
ទាក់ទងនឹង អត្ថប្រយោជន៍ ពីគម្រោងនេះ លោក Javier Sola នាយកប្រតិបត្តិ វិទ្យាស្ថានបើកទូលាយ បានមានប្រសាសន៍ថា៖ «ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដែលទទួលបានពីមូលនិធិសង្គ្រោះនេះ បានផ្ដល់លទ្ធភាព ឲ្យវិទ្យាស្ថានយើងខ្ញុំ ក្នុងការកសាងស្ទូឌីយោថត ដ៏ទំនើបចំនួនពីរ យ៉ាងឆាប់រហ័ស ដែលសុទ្ធតែជាស្ទូឌីយោ ការពារសំឡេង និងបំពាក់ទៅដោយក្ដារខៀនវៃឆ្លាត ឧបករណ៍ថតសំឡេង និងម៉ាស៊ីនថតវីដេអូលំដាប់ខ្ពស់។ នៅពេលនេះ ស្ទូឌីយោទាំងពីរនេះ កំពុងដំណើរការប្រកបដោយ ភាពពេញលេញ ដូច្នេះ យើងអាចផលិតវីដេអូ បានចំនួនរហូតដល់ទៅ ៨០ វីដេអូបង្រៀន ក្នុងមួយថ្ងៃ ។
ក្រុមការងារ ត្រួតពិនិត្យគុណភាព បានធ្វើការយ៉ាងម៉ត់ចត់ ដើម្បីធានាថា រាល់វីដេអូ ដែលបានថត គោរពតាមបទដ្ឋានរបស់ក្រសួង និងមានគុណភាពខ្ពស់ សម្រាប់ការចាក់ផ្សាយ។ យើងពិតជាមាន សេចក្ដីរំភើបរីករាយ ក្នុងការធ្វើការជាមួយនឹង លោកគ្រូ អ្នកគ្រូ ដ៏ចំណាន និងក្រុមការងារដែលឧស្សាហ៍ព្យាយាម ក្នុងការផលិតវីដេអូ ទាំងអស់នេះ ដែលជាធនធានដ៏សំខាន់ សម្រាប់សិស្សានុសិស្ស ទាំងនាពេលនេះផង ក៏ដូចជាក្រោយពេល ជំងឺរាតត្បាត កន្លងផុតផងដែរ»៕