អត្ថបទ

ក្រុមហ៊ុន ទ្រូម៉ាន់នី ចង់បង្កើន ចំនួនស្ត្រី បម្រើការងារ ក្នុងវិស័យបច្ចេកវិទ្យា ហិរញ្ញវត្ថុ

ប្រធាននាយកយុទ្ធសាស្រ្ត ក្រុមហ៊ុន ទ្រូម៉ាន់នី លោកស្រី ឃួន ហ្រ្វង់ដារា ប្តេជ្ញាចង់បង្កើនចំនួនស្ត្រី ដើម្បីបម្រើការក្នុងវិស័យ បច្ចេកវិទ្យាហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា បន្ថែមទៀត ដែលជាប្រយោជន៍ សម្រាប់ក្រុមហ៊ុនផង និងសម្រាប់ប្រទេសជាតិ ផងដែរ។

ក្នុងនាមជាពលរដ្ឋ ខ្មែរ-បារាំង ដែលមានបទពិសោធន៍ ជ្រៅជ្រះច្រើនជាង ១៥ ឆ្នាំ ក្នុងវិស័យ ពាណិជ្ជកម្ម និង ហិរញ្ញវត្ថុ ដារា គឺជាឈ្មោះ ដែលមិត្តភ័ក្តិរបស់គាត់ហៅ ហើយលោកស្រី បានឲ្យដឹងថាភាគច្រើន នៃប្រធានតំណាង ប្រទេសនិមួយៗរបស់ ទ្រូម៉ាន់នី គឺជាស្រ្តី។

ថែមពីលើនោះ លោកស្រី ហ្រ្វង់ដារា ក៏បានឲ្យដឹងទៀតថា ក្នុងចំណោម ភ្នាក់ងារឆ្នើមជាង ១ម៉ឺន នាក់ ក្នុងនោះភាគច្រើនគឺជាស្ត្រី។ ទោះជាយ៉ាងណា លោកស្រីមានបំណង បង្កើនចំនួនកម្លាំង ពលកម្មជាស្ត្រីបន្ថែម ទៀតនាពេលខាងមុខ។

លោកស្រី ហ្រ្វង់ដារា បានមានប្រសាសន៍ថា៖ «តាមពិតទៅ កត្ដានេះបានកើតឡើង ដោយឯកឯង។ នៅពេល យើងប្រកាសជ្រើសរើស ភ្នាក់ងារទូទាំងប្រទេស យើងឃើញថាបេក្ខជន ដាក់ពាក្យភាគច្រើនជាស្រ្តី។ យើងក៏បានពិនិត្យឃើញដែរថា ស្រ្តីដែលបានក្លាយជា ភ្នាក់ងាររបស់យើង មានសមត្ថភាពពីយូរមកហើយ ក្នុងការធ្វើកិច្ចការងារទាំងនេះ។»

លោកស្រី ហ្រ្វង់ដារា បានបន្ថែមទៀតថា៖ «ការជឿទុកចិត្ត ការយកចិត្តទុកដាក់ និងសេចក្ដីមេត្តា កត្តាទំាងអស់នោះហើយបាន នាំមកនូវភាពជោគជ័យ ក្នុងកម្លាំងពលកម្ម ស្រ្តី របស់យើង។»

លោកស្រី ហ្រ្វង់ដារា ខ្លួនឯងផ្ទាល់ ទទួលបានជោគជ័យ ក្នុងវិស័យហិរញ្ញវត្ថុ។ លោកស្រី បានកាន់តួនាទីជា អគ្គនាយកក្រុមហ៊ុន Novus Technologies កម្ពុជា មុនពេលលោកស្រី ក្លាយជា ប្រធានផ្នែកប្រតិបតិ្ត របស់ធនាគារឯកទេសវីង បន្ទាប់មក លោកស្រី ក្លាយជា ប្រធានផ្នែកប្រតិបតិ្ត និងនាយកគ្រប់គ្រង ផ្នែកលក់ និងទីផ្សារ ក្រុមហ៊ុន Royal Railways។ លោកស្រីក៏បានគ្រប់គ្រង សាខាធនាគារ ANZ Royal ដែលឥឡូវនេះ បានផ្ដូរឈ្មោះទៅជា ធនាគារ J Trust។

ឥឡូវនេះ ក្នុងនាមជាប្រធាននាយក យុទ្ធសាស្រ្ត ទ្រូម៉ាន់នី (កម្ពុជា) លោកស្រី ហ្រ្វង់ដារា ដឹកនាំក្រុមកាងារជាង ៣០០នាក់ ដោយមានស្រ្តីចំនួន ជាង ៤០ភាគរយ កាន់តួនាទីផ្នែកគ្រប់គ្រង។ ហើយក៏មានចំនួនស្រ្តីជាង ៤០ភាគរយផងដែរ បានចូលរួមក្នុង កម្លាំងពលកម្ម ផ្នែករដ្ឋបាល និងតួនាទីមិនមែនផ្នែកលក់។

ដោយមានការទទួលស្គាល់ថា ទ្រូម៉ាន់នី ជានិយោជិក ដែលផ្ដល់ឱកាសស្មើភាពគ្នា លោកស្រី ហ្រ្វង់ដារា ក៏មានប្រសាសន៍ដែរ ថាស្ត្រីខ្មែរ មានសម្ថភាពពីធម្មជាតិ សម្រាប់ការងារ ក្នុងវិស័យហិរញ្ញវត្ថុ ។

លោកស្រីបានពន្យល់៖ «យើងបានកត់សម្គាល់ឃើញថា ស្រ្តីបានកំពុងដើរតួនាទី យ៉ាងសំខាន់ក្នុងការគ្រប់គ្រង​ ហិរញ្ញវត្ថុគ្រួសារ ហើយយើងរំពឹងថា​ ទំនោរនេះនឹងបន្តទៅមុខ។»

ចាប់តាំងពី ក្រុមហ៊ុន បានផ្ដើមប្រតិបត្តិការរបស់ខ្លួន នៅកម្ពុជា ក្នុងឆ្នាំ ២០១៦ មក ទ្រូម៉ាន់នី បានបង្កើតបណ្ដាញភ្នាក់ងារ ធំជាងគេបង្អស់ ក្នុងវិស័យបច្ចេកវិទ្យា ហិរញ្ញវត្ថុនៅកម្ពុជា។ ទ្រូម៉ាន់នី បានឲ្យដឹងថា ក្រុមហ៊ុនមានបណ្ដាញ ភ្នាក់ងារជាង ១ម៉ឺន នាក់ រង់ចាំផ្ដល់សេវាកម្ម​ ទាក់ទងនឹងហិរញ្ញវត្ថុ នៅគ្រប់ទីកន្លែងទាំងអស់ នៅកម្ពុជា ដែលមិនទាន់មាន សេវាធនាគារនៅឡើយ។

ក្នុងនាម ជាក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារសរុបចំនួនជាង ៦ម៉ឺន ៥ពាន់ ភ្នាក់ងារ ដែលកំពុងបម្រើសេវាកម្ម ជូនដល់អតិថិជនចំនួន ៤០ លាននាក់ នៅក្នុង ប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏មានការគាំទ្រ ផ្នែកបច្ចេកទេស ពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន អាលីបាបា ផងដែរ សម្រាប់ជួយផ្គត់ផ្គង់ នូវសេវាកម្ម និង បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ ដ៏មានសុវត្ថិភាពខ្ពស់។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវា ទូទាត់ប្រាក់ជាច្រើន ប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និង បើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ៊្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការ គ្រប់គ្រងរបស់ ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការ របស់ក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុ Ant Financial របស់ អាលីបាបា។

នៅដើមខែនេះ ទ្រូម៉ាន់នី ក៏ដាក់ឲ្យដំណើរ ការសេវាទូទាត់វិក្កយបត្រភ្លើង និងសំរាម ជូនប្រជាពលរដ្ឋប្រើប្រាស់ ។ ពីថ្ងៃទី២០ ខែកក្កដា អតិថិជន ទ្រូម៉ាន់នី ទាំងអស់ អាចធ្វើការទូទាត់ វិក្កយបត្រភ្លើង និងសំរាម ជាមួយភ្នាក់ងារ តាមសាខា ទ្រូម៉ាន់នី ឫ តាមរយៈកម្មវិធីទូទាត់ប្រាក់ តាមទូរស័ព្ទចល័ត TrueMoney Wallet ដែលមានភាពងាយស្រួល និងសន្សំសំចៃពេលវេលា ។

ដើម្បីជាការអបអរសាទរ ដល់ការបើកដំណើរការ សេវាទូទាត់វិក្កយបត្រភ្លើង និងសំរាម ថ្មីនេះ ក្រុមហ៊ុន ទ្រូម៉ាន់នី នឹងផ្តល់ជូន ប្រូម៉ូសិនពិសេស គឺការបង់ វិក្កយបត្រភ្លើង និងសំរាមនេះ ដោយឥតគិតថ្លៃសេវា រយៈពេល ៣ខែ សម្រាប់អតិថិជនទាំងអស់ ចាប់ពីថ្ងៃទី២០ កក្កដា រហូតដល់ ថ្ងៃទី៣១ តុលា ឆ្នាំ២០២០៕

To Top