អត្ថបទ

សែលកាត ឈ្នះពានរង្វាន់ ក្រុមហ៊ុនបណ្តាញ ទូរស័ព្ទចល័ត ល្អជាងគេបំផុត នៅកម្ពុជា ប្រចាំឆ្នាំ២០២០

ក្រុមហ៊ុនសែលកាត បានក្លាយជាជ័យលាភី ពានរង្វាន់អន្តរជាតិថ្មី មួយបន្ថែមទៀត បន្ទាប់ពីស្ថាប័ន ឈានមុខគេមួយនេះ បានទទួលពានរង្វាន់ ក្រុមហ៊ុនបណ្តាញ ទូរស័ព្ទចល័ត ល្អជាងគេបំផុត នៅកម្ពុជា ប្រចាំឆ្នាំ ២០២០ (Best Mobile Network Provider Cambodia 2020) ដែលផ្តល់ជូនដោយ ទស្សនាវដ្តីពាណិជ្ជកម្មអន្តរជាតិ (International Business Magazine) ។

គួររំលឹកផងដែរថា ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត ដែលគ្រប់គ្រងដោយ ជនជាតិខ្មែរទាំងស្រុងមួយនេះ បានឈ្នះពានរង្វាន់ដូចគ្នានេះ ម្តងរួចមកហើយ កាលពីឆ្នាំ ២០១៩។

ទស្សនាវដ្តីពាណិជ្ជកម្ម អន្តរជាតិ ដែលមានមូលដ្ឋាន នៅទីក្រុងឌូបៃ បានបើកដំណើរការ ក្នុងឆ្នាំ ២០១៨ ហើយមិនយូរប៉ុន្មាន ក៏ទទួលបានការគាំទ្រជាខ្លាំង តាមរយៈការចេញផ្សាយ សំណេរអត្ថបទប្រកបដោយ អត្ថន័យខ្លឹមសារល្អ និងទាក់ទាញ ចំណាប់អារម្មណ៍ខ្ពស់ អំពីក្រុមហ៊ុនល្បីៗ នៅលើពិភពលោក ក៏ដូចជានិន្នាការ កំពុងពេញនិយម នៅក្នុងវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។ គួរឱ្យចាប់អារម្មណ៍បំផុតផងដែរ សែលកាត គឺជាក្រុមហ៊ុនខ្មែរតែមួយគត់ ដែលទទួលបានពានរង្វាន់ នៅក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យានេះ ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា៖ “យើងពិតជាមានក្តីរំភើបឥតឧបមា និងមានមោទនភាពបំផុត ដែលត្រូវបានទទួលស្គាល់ ជាស្ថាប័នឈានមុខគេ នៅក្នុងវិស័យទូរគមនាគមន៍កម្ពុជា ជាថ្មីម្តងទៀត។ ពានរង្វាន់ទទួលបាន នាពេលថ្មីៗនេះ គឺជាការបន្ថែមទៅលើ ជ័យលាភីពានរង្វាន់អន្តរជាតិ ជាច្រើនផ្សេងទៀត ដែលផ្តល់ជូនដោយ បណ្តាស្ថាប័នជំនាញ អន្តរជាតិឯករាជ្យ នាពេលកន្លងមក។ នេះ គឺជាសក្ខីភាព ដែលបង្ហាញឱ្យឃើញច្បាស់ នូវកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការផ្តល់ជូននូវបណ្តាញ ទូរស័ព្ទល្អផ្តាច់គេ ក៏ដូចជាជួយឱ្យ ប្រទេសកម្ពុជានាំមុខគេ ទៅលើភាពច្នៃប្រឌិតថ្មីផងដែរ។

សេចក្តីប្រកាសក្នុងសប្តាហ៍នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីសែលកាត បានទទួលពានរង្វាន់ ពីរផ្សេងទៀតប្រចាំឆ្នាំ ២០២០ ពោលគឺក្រុមហ៊ុន បានឈ្នះពានរង្វាន់ បណ្តាញទូរស័ព្ទចល័ត លឿនជាងគេបំផុត នៅកម្ពុជា ប្រចាំឆ្នាំ ២០២០ និងពានរង្វាន់ ក្រុមហ៊ុនបណ្តាញ ទូរស័ព្ទចល័ត និងជីវិតទាន់សម័យឌីជីថល ល្អជាងគេបំផុត នៅកម្ពុជា នៅក្នុងព្រឹត្តិការណ៍ Finance Derivative Awards។

ជាងនេះទៅទៀត ក្រុមហ៊ុនសែលកាត ក៏បានឈ្នះពានរង្វាន់ បទពិសោធន៍លេងហ្គេម ល្អជាងគេបំផុត ពីស្ថាប័ន OpenSignal ក្នុងអំឡុងខែកក្កដា ឆ្នាំ ២០២០ និងពានរង្វាន់ Ookla Speedtest ចំនួន ៦ លើកទៀត រវាងឆ្នាំ ២០១៧ និងឆ្នាំ២០១៩។

លោក Watson បានបន្ថែមឱ្យដឹងទៀតថា៖ “ពានរង្វាន់នេះ នឹងជួយជម្រុញ កិច្ចខិតខំប្រឹងប្រែង និងដំណើរវិវត្តន៍របស់យើង ក្នុងការធានាថា យើងនឹងនៅតែបន្ត ផ្តល់បទពិសោធន៍ ប្រើប្រាស់បណ្តាញទូរស័ព្ទ ប្រកបដោយទំនុកចិត្តខ្ពស់ ជូនដល់អតិថិជនទាំងអស់ របស់យើង នៅក្នុងប្រទេសកម្ពុជា។ វានឹងបង្កើតបាន ជាគម្រូដ៏ល្អមួយ ដើម្បីអាចឱ្យយើង បន្តផ្តល់ជូនបណ្តាញ 5G ក្នុងពេលអនាគត ដ៏ខ្លីខាងមុខនេះ។“

គំនិតច្នៃប្រឌិតថ្មី និងភាពជោគជ័យ នៃបណ្តាញទូរស័ព្ទចល័ត របស់ក្រុមហ៊ុន សែលកាត ត្រូវបានលើកយកមក បរិយាយយ៉ាងក្បោះក្បាយ នៅក្នុងទស្សនាវដ្ត ីចេញផ្សាយ លេខចុងក្រោយរបស់ CIO Bulletin ហើយមិនតែប៉ុណ្ណោះផងដែរ សែលកាត ក៏ត្រូវបានចុះបញ្ជីជា ក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុន ដែលមានតម្លៃបំផុត ទាំង ៣០ ដែលត្រូវឃ្លាំមើល នៅក្នុងទស្សនាវដ្តី Business Brainiac ដែលចេញផ្សាយ នាអំឡុងដើមឆ្នាំ ២០២០ នេះ៕

To Top