អត្ថបទ

សេវាផ្ទេរប្រាក់ ឥតគិតថ្លៃ អនុញ្ញាត ឲ្យអ្នកប្រើប្រាស់ កម្មវិធី TrueMoney Wallet ផ្ញើប្រាក់គ្រប់ពេល គ្រប់ទីកន្លែង ក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ ដើម្បីជាការអបអរ ពិធីបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ ក្រុមហ៊ុនទ្រូម៉ាន់នី បានរៀបចំប្រូម៉ូសិន ពិសេសមួយ គឺ “ផ្ញើប្រាក់ឥតគិតថ្លៃ – ផ្ញើប្រាក់ឥតគិតថ្លៃ ទៅកាន់ មនុស្សគ្រប់គ្នា ក្នុងប្រទេសកម្ពុជា” ។ នៅពេលនេះ ការផ្ញើប្រាក់បានគ្រប់ពេល គ្រប់ទីកន្លែង ទៅកាន់អ្នកណាក៏បាន នៅក្នុងប្រទេសកម្ពុជា បានក្លាយជា ការពិតហើយ តាមរយៈគំនិតផ្ដួចផ្ដើមថ្មី ពីក្រុមហ៊ុនទ្រូម៉ាន់នី។

គំនិតផ្ដួចផ្ដើមថ្មីនេះ គឺខុសពីសេវាផ្ញើប្រាក់ ដោយឥតគិតថ្លៃ ផ្សេងទៀត ពោលគឺអនុញ្ញាតឲ្យអ្នក ប្រើប្រាស់កម្មវិធី ទូរស័ព្ទចល័ត TrueMoney Wallet អាចផ្ញើប្រាក់ចេញក្រៅ ពីរង្វង់បណ្ដាញទ្រូម៉ាន់នី បានហើយ កម្មវិធី ផ្ដល់ជូនពិសេសនេះ នឹងចាប់ផ្ដើមនៅថ្ងៃនេះ រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០។

សេវានេះ ងាយស្រួលប្រើ ពោលលោកអ្នកគ្រាន់តែ មានកម្មវិធី TrueMoney Wallet និងលេខទូរស័ព្ទ ហើយ អ្នកទទួលប្រាក់ ពុំចាំបាច់ មានគណនី TrueMoney Wallet នោះទេ។ នៅពេល ផ្ញើប្រាក់ អ្នកទទួលនឹង ទទួលបានលេខកូដ ៨ ខ្ទង់ ហើយបន្ទាប់មក ធ្វើការដកប្រាក់ តាមបណ្ដាញភ្នាក់ងារ របស់យើងប្រមាណ ១ ម៉ឺនភ្នាក់ងារ ទូទាំងប្រទេសកម្ពុជា។ អតិថិជនរបស់ទ្រូម៉ាន់នី ប្រើប្រាស់កម្មវិធី ទូរស័ព្ទចល័ត TrueMoney Wallet អាចផ្ញើប្រាក់មិនចាំបាច់ ធ្វើដំណើរទៅទីណាឡើយ ដោយ ពួកគាត់អាច ធ្វើប្រតិបត្តិការនេះ ពីផ្ទះ ពីការិយាល័យ ឬទីកន្លែងណាក៏បាន ដែលអាចសន្សំពេលវេលា និងប្រាក់កាសថែមទៀតផង។

ការផ្ដល់ជូនពិសេសថ្មីនេះ ត្រូវបានរំពឹងថា មានការពេញនិយម ក្នុងចំណោម អ្នកប្រើប្រាស់កម្មវិធី TrueMoney Wallet នាពេលបច្ចុប្បន្ន ក៏ដូចជា អ្នកដែលចង់ប្រើសេវា ផ្ទេរប្រាក់ដោយឥតគិតថ្លៃ។

លោកស្រី ឃួន ហ្វ្រង់ដារា ប្រធាននាយកយុទ្ធសាស្ត្រ ក្រុមហ៊ុនទ្រូម៉ាន់នី កម្ពុជា មានប្រសាសន៍ថា៖ “ទ្រូម៉ាន់នី បានដាក់ចេញសេវា ផ្ញើប្រាក់ដោយឥតគិតថ្លៃនេះ ដើម្បីជួយគាំទ្រ ដល់អតិថិជនបច្ចុប្បន្ន ក៏ដូចជាអ្នកដែលចង់បង្កើន ប្រតិបត្តិការសាច់ប្រាក់ និងការផ្ទេរប្រាក់ ហើយក្នុងនោះ យើងយល់ឃើញ ថា អំឡុងពេល ពិធីបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ អតិថិជនជាច្រើន នឹងផ្ញើប្រាក់ទៅឲ្យមិត្តភក្ដិ ក្រុម គ្រួសារ និងមនុស្សជាទីស្រលាញ់ របស់ខ្លួន ដូច្នេះ កម្មវិធីពិសេសនេះ នឹងជួយបង្កើន ភាពងាយស្រួល មួយកម្រិតទៀត សម្រាប់អតិថិជនទាំងអស់ ដែលស្មោះស្ម័គ្រជាមួយ នឹងសេវារបស់យើង។”

លោកស្រី បានបន្ថែមទៀតថា៖ “យើងសង្ឃឹមថា ការអនុញ្ញាត ឲ្យមនុស្សគ្រប់គ្នា ដែលប្រើកម្មវិធី TrueMoney Wallet នៅលើទូរស័ព្ទដៃ អាចផ្ញើប្រាក់ដោយឥតគិតថ្លៃ ទៅកាន់អ្នកណាក៏បាននៅក្នុង ប្រទេសកម្ពុជា បែបនេះ គឺជាការជួយឲ្យពួកគាត់ បានបង្ហាញពីការ យកចិត្តទុកដាក់ គាំទ្រចំពោះ មនុស្សជាទីស្រលាញ់ របស់ខ្លួន។”

កម្មវិធីផ្ដល់ជូនពិសេសថ្មី របស់ទ្រូម៉ាន់នីនេះ គឺជាសេវាមួយក្នុងចំណោម សេវាថ្មីៗមួយចំនួនទៀត ដែល ទ្រូម៉ាន់នីកំពុងដាក់ ឲ្យដំណើរការក្នុងត្រីមាសនេះ។ កាលពីថ្មីកន្លងមកនេះ ទ្រូម៉ាន់នី ដែលស្ថិតក្រោម សាជីវកម្មធំជាងគេបំផុត របស់ថៃ គឺក្រុមហ៊ុន Charoeun Pokphand Group (CP) បានដាក់ឲ្យដំណើរការ សេវាបង់ថ្លៃអគ្គិសនី របស់ EDC និងសេវាប្រមូលសំរាម តាមភ្នាក់ងាររបស់ទ្រូម៉ានី ក៏ដូចជាតាមរយៈ កម្មវិធីទូរស័ព្ទដៃ TrueMoney Wallet ដែលផ្ដល់ភាព ងាយស្រួល និងសន្សំពេលវេលាជាងមុន។

ដើម្បីជាការអបអរសាទរ ដល់ការបើកដំណើរការ សេវាទូទាត់វិក្កយបត្រ អគ្គិសនី និងសំរាម ថ្មីជាមួយអគ្គិសនីកម្ពុជា (EDC) នេះ ក្រុមហ៊ុន ទ្រូម៉ាន់នី នឹងផ្តល់ជូនប្រូម៉ូសិនពិសេស គឺការបង់ វិក្កយបត្រភ្លើង និងសំរាមនេះ ដោយឥតគិតថ្លៃសេវា រយៈពេល ៣ ខែ សម្រាប់អតិថិជនទាំងអស់ ចាប់ពីថ្ងៃទី២០ កក្កដា រហូតដល់ ថ្ងៃទី៣១ តុលា ឆ្នាំ២០២០ ។

បើគិតចាប់ពីឆ្នាំ២០១៦មក ពោលគឺនៅពេលដែល ក្រុមហ៊ុន ទ្រូម៉ាន់នី ចាប់បើកដំណើរការដំបូង ក្នុងប្រទេសកម្ពុជា ទ្រូម៉ាន់នី បានបង្កើតបណ្ដាញភ្នាក់ងារ ផ្ដល់សេវាបច្ចេកវិទ្យា ហិរញ្ញវត្ថុច្រើនជាងគេបង្អស់ នៅកម្ពុជា។ ក្រុមហ៊ុន ទ្រូម៉ាន់នី បានឲ្យដឹងថា ក្រុមហ៊ុនមានភ្នាក់ងារ រហូតដល់ទៅជាង ១ម៉ឺនទីតាំង សម្រាប់ផ្ដល់សេវាកម្ម ទាក់ទងនឹង ហិរញ្ញវត្ថុ នៅគ្រប់ទីកន្លែងទាំងអស់ នៅកម្ពុជា ដែលមិនទាន់មាន សេវាធនាគារនៅឡើយ។

ក្នុងនាមជាក្រុមហ៊ុន បច្ចេកវិទ្យាហិរញ្ញវត្ថុ ដ៏ល្បីឈ្មោះបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារ សរុបចំនួនជាង ៦ម៉ឺន ៥ពាន់ ភ្នាក់ងារ ដែលកំពុងបម្រើសេវាកម្ម ជូនដល់អតិថិជនចំនួន ៤០ លាន នាក់ នៅក្នុង ប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុន ក៏មានការគាំទ្រ ផ្នែកបច្ចេកទេស ពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន អាលីបាបា ផងដែរ សម្រាប់ជួយ ផ្គត់ផ្គង់នូវសេវាកម្ម និង បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ ដ៏មានសុវត្ថិភាព ខ្ពស់។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និង បើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ៊្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រង របស់ ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការ របស់ក្រុមហ៊ុន បច្ចេកវិទ្យា ហិរញ្ញវត្ថុ Ant Financial របស់ អាលីបាបា៕

To Top