ភ្នំពេញ៖ រ៉ូយ៉ាល់គ្រុប មានកិត្តិយសទទួលបាន ការអញ្ចើញចូលរួមពី លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក រួមដំណើរអមដោយ គណៈប្រតិភូរបស់លោក សម្រាប់ដំណើរ ទស្សនកិច្ចពិសេសមួយ ដើម្បីពិភាក្សាពីការត្រៀមខ្លួន សម្រាប់បណ្តាញ 5G ។
ដំណើរទស្សនកិច្ចនេះ រៀបចំឡើងដោយ អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អ្នកឧកញ៉ា គិត ម៉េង ដែលតែងតែគាំទ្រយ៉ាងខ្លាំង ដល់គំនិតផ្តួចផ្តើមទាំងអស់ របស់រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីការចាប់ផ្តើម បង្កើតក្រុមហ៊ុន ខេម ជី្ជ អេស អេម ឆ្នាំ ១៩៩៦មកម្ល៉េះ ។
ក្រុមហ៊ុន ខេម ជី្ជ អេស អេម ដែលមានឈ្មោះជា សែលកាត បាននឹងកំពុងបម្រើ ប្រជាជនកម្ពុជា អស់រយៈពេលជាង ២០ ឆ្នាំមកហើយ ហើយនៅតែបន្ត មានកម្មសិទ្ធិម្ចាស់ភាគហ៊ុន ជាជនជាតិខ្មែរ ១០០ ភាគរយ ហើយបានវិវត្តន៏ ពីបណ្តាញសេវា 2G 3G 4G និងឥឡូវនេះ គឺឈានដល់បណ្តាញ 5G ។
ដំណើរទស្សនកិច្ចនេះរួម មានការបង្ហាញយ៉ាងហ្មត់ចត់ អំពីការត្រៀមខ្លួន របស់សែលកាត សម្រាប់បណ្តាញ 5G រួមទាំងការបង្ហាញផ្ទាល់ នៃការធ្វើតេស្ត 5G Standalone (SA) ដែលបានបង្ហាញ តាំងពីខែតុលាឆ្នាំ ២០១៩ ហើយឥឡូវនេះ ឈានដល់ល្បឿនលឿន ជាង ១,៨ ជីហ្គាបីតក្នុងមួយវិនាទី ដែលជាល្បឿនខ្ពស់បំផុត ដែលសម្រេចបាននៅកម្ពុជា។
បទបង្ហាញពិសេសមួយទៀត ក៏ត្រូវបានធ្វើឡើង ដោយក្រុមហ៊ុនវីង ដែលបង្ហាញ ពីកិច្ចខិតខំប្រឹងប្រែង ចុងក្រោយរបស់ខ្លួន ក្នុងការធ្វើឌីជីថលនីយកម្ម និងវិវឌ្ឍកម្ម នៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech)។
អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបមានប្រសាសន៍ថា បណ្តាញ 5G នឹងក្លាយជាការឈានមុខគេមួយ ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ហើយយើងត្រូវតែ ត្រៀមខ្លួន ទទួលយកបច្ចេកវិទ្យា និងធានាថាវានឹងជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើនឧស្សាហកម្ម ក្នុងស្រុក និងការរស់នៅ របស់ប្រជាជន។
អ្នកឧកញ៉ាបានបន្តទៀតថា“ ពួកយើងចង់ឱ្យកម្ពុជា ក្លាយជាគោលដៅបច្ចេកវិទ្យា 5G ដ៏លេចធ្លោបំផុតមួយ នៅក្នុងតំបន់អាស៊ាន ក៏ដូចជាជម្រុញឱ្យក្រុមហ៊ុនខ្មែរ ទាំងតូចទាំងធំ ក្លាយជាក្រុមហ៊ុនដែលអាច ប្រើប្រាស់បច្ចេកវិទ្យា ចុងក្រោយនេះ ដំបូងគេ” ។
អ្នកឧកញ៉ាបន្ថែមទៀតថា ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប នឹងដឹកនាំឌីជីថល របស់កម្ពុជា ក្នុងការគាំទ្រ ដល់ចក្ខុវិស័យ របស់រាជរដ្ឋាភិបាល សម្រាប់ឧស្សាហកម្ម ៤.០ ។
ក្នុងនាមជាក្រុមហ៊ុនជំនាញផ្នែក ICT ដែលគ្រប់គ្រង ដោយជនជាតិខ្មែរតែមួយគត់ នៅកម្ពុជា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមជួយគាំទ្រ ដល់រាជរដ្ឋាភិបាល រួមទាំងផ្នែកសន្តិសុខ និងស្ថេរភាព សេដ្ឋកិច្ចជាតិផងដែរ៕











