អត្ថបទ

ណាហ្គាវើលដ៍បេះដូងសប្បុរស ឧបត្ថម្ភ ២ លានដុល្លារអាមេរិក ដល់មូលនិធិអណ្តូងទឹកស្អាត

ភ្នំពេញ ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានឆ្លើយតបទៅនឹងការអំពាវនាវរបស់រាជរដ្ឋាភិបាលដោយចូលរួមក្នុងកិច្ចការអភិវឌ្ឍជនបទប្រកបដោយចីរភាពក្នុងប្រទេសកម្ពុជាដោយបានធ្វើការឧបត្ថម្ភនូវទឹកប្រាក់ ២ លានដុល្លារអាមេរិកសម្រាប់សកម្មភាពគាំទ្រសហគមន៍របស់មូលនិធិអណ្តូងទឹកស្អាត។ 

លោកជំទាវ ពេជ ចន្ទមុន្នី តំណាងមូលនិធិអណ្តូងទឹកស្អាត បានទទួលមូលប្បទានបត្រនៅក្នុងពិធីប្រគល់ និងទទួលដែលចូលរួមដោយនាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen នាយកគ្រប់គ្រងហិរញ្ញវត្ថុ និងប្រតិបត្តិការ លោក Cherchi Chen នាយកប្រតិបត្តិផ្នែកប្រតិបត្តិការ និងទីផ្សារ លោក Mike Ngai និងនាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ លោក Sean Tan ។ 

លទ្ធភាពក្នុងការទទួលបានទឹកពិសាគ្រប់គ្រាន់ មានសុវត្ថិភាព និងមានអនាម័យ គឺជាតម្រូវការមូលដ្ឋានដ៏ចាំបាច់បំផុតមួយដែលមិនអាចខ្វះបានសម្រាប់ការរស់នៅ។ ប្រជាជនកម្ពុជានៅតាមទីជនបទ និងតំបន់ដាច់ស្រយាលខ្លះ អាចប្រឈមមុខនឹងកង្វះខាតទឹកស្អាតសម្រាប់ទទួលទាន ខណៈការប្រើប្រាស់ទឹកកខ្វក់ មានផលប៉ះពាល់ដល់សុខភាពរបស់ពួកគេយ៉ាងខ្លាំងដែលធ្វើឲ្យពួកគេមិនអាចទៅធ្វើការ ឬទៅសាលារៀនបាន។ 

ដោយមើលឃើញពីផលប៉ះពាល់របស់ប្រជាជននៅតាមសហគមន៍ នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានឧបត្ថម្ភនូវទឹកប្រាក់ ២ លានដុល្លារអាមេរិកដើម្បីជួយដល់កិច្ចការផ្តល់ទឹកស្អាតរបស់មូលនិធិអណ្តូងទឹកស្អាត។ 

លោក Pern Chen បាននិយាយថា “កង្វះទឹកស្អាត នៅតែជាបញ្ហាប្រឈមរបស់ប្រជាជននៅតាមសហគមន៍ខ្លះ។ អ្នកភូមិខ្លះ យកទឹកមកពីស្ទឹង អូរ ត្រពាំង ព្រែក និងប្រឡាយសម្រាប់ផឹក ធ្វើម្ហូប ឬងូត។ ប្រភពទឹកខ្លះ មានភាពកខ្វក់ ឬមានបាក់តេរីដែលប៉ះពាល់ដល់សុខភាពអ្នកភូមិ។ សម្រាប់អ្នកភូមិដែលមានជីវភាពខ្វះខាត ហើយមានជំងឺ ពួកគេនឹងមានបញ្ហាកាន់តែធ្ងន់ធ្ងរ។

គាត់ក៏បានបន្ថែមផងដែរថា “តាមរយៈការឧបត្ថម្ភនូវទឹកប្រាក់ ២ លានដុល្លារអាមេរិកដល់មូលនិធិអណ្តូងទឹកស្អាត យើងទាំងអស់គ្នានឹងអាចបង្កើតនូវប្រភពទឹកស្អាតថ្មីៗ និងមានអនាម័យដល់សហគមន៍ជាច្រើនសម្រាប់ការរស់នៅប្រចាំថ្ងៃ និងអនាគតកាន់តែប្រសើរសម្រាប់ពួកគេ”។ 

លោកជំទាវ ពេជ ចន្ទមុន្នី បានមានប្រសាសន៍ផងដែរថា “យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការឧបត្ថម្ភដ៏មានសារសំខាន់នេះ។ ទឹកប្រាក់ ២ លានដុល្លារអាមេរិកនេះ នឹងត្រូវប្រើប្រាស់ដើម្បីកសាងអណ្តូងទឹក ១.០០០ អណ្តូងទូទាំងប្រទេសកម្ពុជាដើម្បីផ្តល់ប្រយោជន៍ដល់ប្រជាជនជាង ១០០.០០០ នាក់។ ជាមួយការគាំទ្ររបស់ណាហ្គាវើលដ៍បេះដូងសប្បុរស យើងជឿជាក់ថា គំនិតផ្តួចផ្តើមរបស់យើង នឹងជួយដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅទីជនបទឆ្ពោះទៅរកការរស់នៅកាន់តែស្អាត សុខភាពល្អ និងជីវភាពកាន់តែធូធារ ព្រមទាំងជួយដល់ការកសាងប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជាថែមទៀតផង”។ 

ចាប់តាំងពីឆ្នាំ ២០១៤ ណាហ្គាវើលដ៍បេះដូងសប្បុរស បានធ្វើសកម្មភាពសង្គមជាច្រើនដោយផ្តោតទៅលើចំណុចស្នូលសំខាន់ៗ ៤ គឺការលើកកម្ពស់ការអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ 

គួររំឭកផងដែរថា ក្នុងអំឡុងពេលវិបត្តិជំងឺរាតត្បាតសកលនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស បានធ្វើការឧបត្ថម្ភជាបន្តបន្ទាប់ដល់ក្រសួងសុខាភិបាលនូវកុំព្យូទ័រយួរដៃ ៥ គ្រឿង ជែលលាងដៃ ៥០០ ដប ម៉ាស៊ីនធ្វើតេស្តរកមេរោគ ១ គ្រឿង ឧបករណ៍ធ្វើតេស្តរកមេរោគ ៦.៤០០ ឈុត និងឧបករណ៍ប្រមូលសំណាក ៣.០០០ ឈុត។ លើសពីនេះ ម៉ាស់មុខសរុប ៤០.០០០ បន្ទះ ជែលលាងដៃ ៤.០០០ ដប និងទឹកអាល់កុល ៧២០ លីត្រ ក៏ត្រូវបានឧបត្ថម្ភក្នុងរយៈពេល ៤ ខែកន្លងទៅនេះដល់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គស្នងការដ្ឋាននគរបាលជាតិ និងសាលារាជធានីភ្នំពេញផងដែរ។ ទឹកប្រាក់សរុបដែលណាហ្គាវើលដ៍បេះដូងសប្បុរសបានឧបត្ថម្ភសម្រាប់យុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានចំនួនជាង ៦៨.០០០ ដុល្លារអាមេរិក៕

To Top