អត្ថបទ

ក្រុមហ៊ុន Smart Axiata នឹងរៀបចំព្រឹត្តិការណ៍ កីឡាអេឡិចត្រូនិច ដ៏ធំបំផុត មិនធ្លាប់មាន ពីមុនមក នៅកម្ពុជា

ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០៖ ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃនេះ នូវព័ត៌មានលម្អិត ស្ដីអំពីព្រឹត្តិការណ៍ កីឡាអេឡិចត្រូនិច ដែលត្រូវបានទទួលស្គាល់ថា ជាការបក្រកួតកីឡាអេឡិចត្រូនិច ធំបំផុតនៅកម្ពុជា។  

ការប្រកួត Smart Kingdom of Legends ដំបូងនឹងរៀបចំការប្រកួត Open Tournament សម្រាប់កីឡាករអេឡិចត្រូនិចទាំងអស់ដើម្បីចុះឈ្មោះ ចូលរួមក្នុងការប្រកួតកីឡា Mobile Legends ។ ក្រុមកំពូលចំនួន ៦ ក្រុម ដែលឈ្នះក្នុងការប្រកួត Open Tournament នឹងបន្តទៅប្រកួតប្រជែង ជាមួយក្រុមឆ្នើមអាជីព ចំនួន ២ ក្រុម ឈ្មោះថា «Smart Burn Gaming» និង«SeeYouSoon» នៅកម្ពុជា ដែលជាលក្ខណៈ ប្រកួតប្រជែងអាជីព Pro Tournament សម្រាប់ពានរង្វាន់ ជើងឯក ក្នុងព្រឹតិ្តការណ៍ការប្រកួតប្រជែង Smart Kingdom of Legends។  

ក្រុមទាំងអស់ ដែលត្រូវបានតម្រូវឲ្យមាន សមាជិកចំនួន ៥ នាក់ អាចចុះឈ្មោះ សម្រាប់ការប្រកួត Open Tournament ចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដោយត្រូវបញ្ចាប់ការបំពេញទម្រង់ ចូលរូមតាមរយៈ mobilelegends.smart.com.kh។ ការចុះឈ្មោះនឹង បើករយៈពេល ៣ សប្តាហ៍ ដោយធ្វើការបិទនៅថ្ងៃទី ១៨ ខែតុលា។ អ្នកចូលរួមក៏ត្រូវចុះឈ្មោះ ជាមួយកម្មវិធី Mobile Legends ប្រចាំខែគ្នានកំណត់ ដោយចំណាយត្រឹម 70 សេនក្នុងមួយខែ ដោយចុច *៩៩៥* ២ # ឬ តាមរយៈកម្មវិធី SmartNas។ 

ក្រុមកំពូលចំនួន ៨ ក្រុមដែលឈ្នះ ក្នុងការប្រកួត Open Tournament នឹងឈ្នះរង្វាន់ សរុបចំនួន ៥.៥០០ ដុល្លារអាមេរិក ចំណែកឯក្រុមកំពូលចំនួន ៦ក្រុម នឹងបន្តចូលរួមក្នុងការប្រកួត ជាលក្ខណៈអាជីព Pro Tournament ដែលពួកគេ នឹងប្រកួតប្រជែង ជាមួយនឹងក្រុមអាជីព ដើម្បីមានឱកាសឈ្នះប្រាក់រង្វាន់ សរុបចំនួន ២៦.៥០០ ដុល្លារអាមេរិក។  

រង្វាន់ទឹកប្រាក់សរុប ក្នុងការប្រកួត Smart Kingdom of Legends មានចំនួន ៣២.០០០ ដុល្លារអាមេរិក ដែលនេះជាព្រឹតិ្តការណ៍ប្រកួតកីឡាអេឡិចត្រូនិច ដ៏ធំបំផុតមួយ ដែលមិនធ្លាប់មាន នៅក្នុងប្រទេសកម្ពុជា ដែលនេះបញ្ជាក់ពីការប្តេជ្ញា របស់ក្រុមហ៊ុន Smart Axiata ក្នុងការអភិវឌ្ឍ វិស័យកីឡាអេឡិចត្រូនិច នៅកម្ពុជា។ 

លោក ថូម៉ាស ហ៊ុន (Thomas Hundt)  នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «យើងគិតថា ក្រុមកីឡាករអេឡិចត្រូនិចកម្ពុជា មានសមត្ថភាពអាចប្រកួតប្រជែង នៅលើកំពូលតារាង ក្នុងពិភពកីឡាអេឡិចត្រូនិច ដែលកំពុងទទួលបាន ការពេញនិយម ហើយយើងមានមោទនភាពណាស់ ដែលបានគាំទ្រ ដល់ការអភិវឌ្ឍ និងការរីកចម្រើន នៃវិស័យកីឡា ដ៏គួឲ្យចាប់អារម្មណ៍មួយនេះ។ ការប្រកួត Smart Kingdom of Legends នឹងទាក់ទាញចំណាប់អារម្មណ៍ កីឡាករអេឡិចត្រូនិចឆ្នើមៗ នៅកម្ពុជា ហើយយើងប្រាកដថា នឹងរកឃើញអ្នកមាន ទេពកោសល្យ ថ្មីមួយចំនួន អំឡុងការប្រកួត Open Tournament និងការប្រកួតអាជីព Pro Tournament ។»  

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗបំផុត អំពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ បណ្តាញទំនាក់ទំនងសង្គម និងគេហទំព័ររបស់ក្រុមហ៊ុន ដូចខាងក្រោម៖ 

www.facebook.com/SmartAxiata និង www.smart.com.kh 

To Top