អត្ថបទ

ពលរដ្ឋ អាចមកចុះបញ្ចីរថយន្ត ផ្ទេរកម្មសិទ្ ធិរថយន្ត និងប្តូរបណ្ណ បើកបរ នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ក៏បាន!

មណ្ឌលផ្តល់សេវាកម្ម សាធារណៈថ្មី របស់ក្រសួងសាធារណការ និងដឹងជញ្ជូន ដែលមានវត្តមាន ក្នុងផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ត្រូវបានបើកសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង​សាធារណការ និងដឹកជញ្ជូន និងលោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ។

មណ្ឌលផ្តល់ សេវាកម្មសាធារណៈ របស់ក្រសួងសាធារណការ និងដឹងជញ្ជូន សាខា ណូរ៉ូ ម៉ល មានផ្តល់សេវាកម្មដូចជា ចុះបញ្ចីរថយន្ត ផ្ទេរកម្មសិទ្ធិរថយន្ត និងប្តូរបណ្ណបើកបរ ។

អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធាន ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានឲ្យដឹងថា៖ «ការផ្តល់ជូនទីតាំង ដោយមិនគិតកំរៃ សម្រាប់រៀបចំ​មណ្ឌលផ្តល់សេវាកម្ម សាធារណៈនេះ ឆ្លុះបង្ហាញពីគោលជំហរ របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលជាក្រុមហ៊ុនក្នុងស្រុក ក្នុងការចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការធ្វើឲ្យការផ្តល់សេវាកម្ម សាធារណៈ​ កាន់តែ​ប្រសើរឡើង និងផ្តល់ភាព ងាយស្រួល ដល់ប្រជាពលរដ្ឋកម្ពុជា គ្រប់ទិសទីផងដែរ។»

ទន្ទឹមនឹងនេះ ដើម្បីកាន់តែផ្តល់ ភាពងាយស្រួល ក្នុងការបង់កម្រៃ សេវាសាធារណៈ និងកាត់បន្ថយពេលវេលា ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ដែលជាពាណិជ្ជកម្ម មួយទៀត របស់ក្រុមហ៊ុន ជីប ម៉ុង ក៏បានចាប់ដៃគូសហការ ជាមួយក្រសួង សាធារណការ និង ដឹកជញ្ជូន ក្នុងការផ្តល់ជូន នូវមធ្យោបាយថ្មី ក្នុងការទូទាត់ តាមប្រព័ន្ធឌីជីថល តាមកម្មវិធីទូរសព្ទដៃ Chip Mong Bank App បានផងដែរ។

មណ្ឌលផ្តល់សេវាកម្មសាធារណៈ របស់ក្រសួងសាធារណការ និង ដឹកជញ្ជូន ខាសា ណូរ៉ូ ម៉ល ស្ថិតនៅជាន់ទី៣ និងបើកដំណើរការចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចន្លោះពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៩យប់ ៕

To Top