ភ្នំពេញ៖ លោក ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការ តំណាង លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីនិងស្តាប់ការធ្វើបទបង្ហាញ អំពីបច្ចេកវិទ្យាថ្មីៗរបស់តំណាងក្រុមហ៊ុន Huawei ដោយមានការចូលរួមស្តាប់ពីមន្ត្រីជំនាញ អគ្គនាយកដ្ឋានទាំង៥ នៃក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។
ក្រុមហ៊ុន Huawei បានធ្វើបទបង្ហាញជូនក្រសួងព័ត៌មានអំពីបច្ចេកវិទ្យាថ្មីៗរបស់ខ្លួន និង ធ្វើការសម្រេចបាននូវសមិទ្ធិផលជាផ្លែផ្កាជាច្រើនក្នុងប្រទេសកម្ពុជានិងជាសកល ហើយក្នុងនោះដែរបច្ចេកវិទ្យានៃមជ្ឈមណ្ឌលទិន្នន័យនិងមូលដ្ឋានដំណោះស្រាយ(MAM) ស្តីពីការគ្រប់គ្រងទិន្នន័យនិងការរក្សាទុកនូវឯកសារជាតិជាសម្លេង, ទិន្នន័យ ឯកសារសំណៅដើម, អត្ថបទផ្សេងៗ និងព័ត៌មានដែលមានលក្ខណៈជាសន្តិសុខថ្នាក់ជាតិ និងការគ្រប់គ្រងការបែងចែកនូវព័ត៌មានទាំងអស់ឱ្យបានត្រឹមត្រូវដល់សាធារណជន ក៏បានត្រូវលើកយកមកពិភាក្សាក្នុងបទបង្ហាញនេះផងដែរ។
ក្រុមហ៊ុនHuaweiនិងភាគីខាងក្រសួងព័ត៌មានក៏បានសំណេះសំណាលជាមួយគ្នាយ៉ាងសកម្មតាមរយៈការលើកឡើងនូវសំណួរនិងចម្លើយទាក់ទងនឹងបច្ចេកវិទ្យាថ្មីៗ ដែលជាកង្វល់មួយចំនួនរបស់ភាគីក្រសួងពត៌មានក្នុងការគ្រប់គ្រងនូវទិន្នន័យធំ(Big Data)និងការចាក់ផ្សាយ(Broadcasting)នាពេលអនាគតដើម្បីសមស្របនឹងយុគសម័យថ្មីនៃបច្ចេកវិទ្យា៤.០ និង ស្របតាមគោលនយោបាយកម្មវិធីថ្នាលទូរទស្សន៍ឌីជីថលរបស់រាជរដ្ឋាភិបាល។
គួររំលឹកផងដែរថា ជំនួបលើកទីមួយបានប្រព្រឹត្តទៅយ៉ាងរលូនកាលពីប៉ុន្មានខែកន្លងមកនេះ ក្រោមអធិបតីភាពរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុនHuawei ប្រចាំប្រទេសកម្ពុជា ដោយផ្អែកលើកិច្ចសហប្រតិបត្តិការនាពេលអនាគត។ កិច្ចប្រជុំលើកនេះគឺជាជំនួបលើកទី២ហើយ ដែលក្រុមហ៊ុន Huawei បានធ្វើបទបង្ហាញជូនក្រសួងព័ត៌មានអំពីបច្ចេកវិទ្យាថ្មីៗរបស់ខ្លួន ដើម្បីជាធាតុចូលនិងកិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅប្រទេសកម្ពុជា ដែលផ្អែកទៅលើចក្ខុវិស័យរបស់ខ្លួនដោយប្តេជ្ញាចិត្តក្នុងការនាំយកនូវបច្ចេកវិទ្យាទៅដល់ប្រជាជនគ្រប់រូប គ្រប់គេហដ្ឋាននិងស្ថាប័ននានា ដើម្បីភ្ជាប់ទំនាក់ទំនងដ៏ឆ្លាតវៃនៅទូទាំងប្រទេសកម្ពុជា។
អំពីក្រុមហ៊ុនHuawei
បង្កើតឡើងនៅឆ្នាំ១៩៨៧, ក្រុមហ៊ុនHuaweiជាក្រុមហ៊ុននាំមុខគេមួយនៅក្នុងការផ្តល់បច្ចេកវិទ្យាព័ត៌មាន និង ការទំនាក់ទំនងហេដ្ឋារចនាសម្ព័ន្ធ(ICT) និងឧបករណ៏ឆ្លាតវៃជាច្រើន។ យើងមានបុគ្គលិកច្រើនជាង១៩៤,០០០នាក់ ហើយយើងមានប្រតិបត្តិការច្រើនជាង១៧០ប្រទេសនិងនៅក្នុងតំបន់ បានបម្រើអតិថិជនច្រើនជាងបីពាន់លាននាក់នៅជុំវិញពិភពលោក។ យើងប្តេជ្ញាចិត្តក្នុងការនាំយកនូវបច្ចេកវិទ្យាទៅដល់គ្រប់បុគ្គល គ្រប់គេហដ្ឋាន និង ក្រុមហ៊ុន ដើម្បីបង្កើតទំនាក់ទំនងដ៏ឆ្លាតវៃនៅទូទាំងពិភពលោក។ ជាចុងបញ្ចប់នេះ យើងនឹងនាំមកនូវបណ្តាញទំនាក់ទំនងទៅកាន់គ្រប់ទីកន្លែង និង ផ្សព្វផ្សាយសមភាពនៃការប្រើប្រាស់បណ្តាញកុំព្យូទ័រ, ផ្តល់លទ្ធភាពប្រើប្រាស់ខ្ពស់បំផុតដើម្បីចែកចាយទៅគ្រប់ទីកន្លែងផ្ទុកទិន្នន័យ និងការរីកដុះដាលនៃភាពឆ្លាតវៃ, បង្កើតកម្មវិធីឌីជីថលដើម្បីជួយដល់គ្រប់ឧស្សាហកម្ម និងក្រុមហ៊ុនអោយកាន់តែមានភាពរហ័សរហួន មានប្រសិទ្ធភាពនិងមានថាមពល, បង្កើតនិយមន័យថ្មីលើបទពិសោធន៍របស់អ្នកប្រើប្រាស់ជាមួយកម្មវិធីAI ដែលធ្វើអោយកាន់តែមានឯកជនភាពសំរាប់មនុស្សនៅគ្រប់បរិបទទាំងអស់ មិនថាពួកគេកំពុងនៅគេហដ្ឋាន នៅការិយាល័យ ឫក៏កំពុងតែធ្វើដំណើរក៏ដោយ។
សំរាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់Huawei www.huawei.com ឬតាមដានព័ត៌មានរបស់យើងនៅលើគេហទំព័រ Facebook របស់ក្រុមហ៊ុន Huawei ថេកណឡជី (ខេមបូឌា)៖ https://www.facebook.com/HuaweiTechKH។