នៅពាក់កណ្តាលខែតុលានេះ កម្ពុជា មានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយតំបន់ភាគច្រើន ទទួលរងគ្រោះ ដោយជំនន់ទឹកភ្លៀង និងធ្វើឲ្យប៉ះពាល់ ដល់ប្រជាជនរាប់សែននាក់។
អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប បានចូលរួមយ៉ាងសកម្ម លើទំនួលខុសត្រូវសង្គម ដោយបរិច្ចាគថវិកា ចំនួន ៥០ ម៉ឺនដុល្លារ អាមេរិក ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយដល់ជនរងគ្រោះ ដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះការបរិច្ចាគ ថវិការបស់អ្នកឧកញ៉ា ចេន ហ្ស៊ី។ ទន្ទឹមនឹងនេះ សម្តេចក៏បានអំពាវនាវ ដល់សប្បុរសជននានា ឲ្យចូលរួមធ្វើការឧបត្ថម្ភ ដល់ជនរងគ្រោះ ឲ្យបានកាន់តែច្រើនឡើង បន្ថែមទៀត។
ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប មានអាជីវកម្មគ្របដណ្តប់លើវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ឡូជីស្ទីក បច្ចេកវិទ្យា ភោជនីយដ្ឋាន ការកម្សាន្ត និងវិស័យផ្សេងៗ ជាច្រើនទៀត ព្រមទាំងជាសហគ្រាសចម្រុះខ្នាតធំ លំដាប់កំពូល នៅកម្ពុជាផងដែរ។ បន្ថែមពីនេះ អង្គការមូលនិធិ សប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ដែលបង្កើតឡើង ដោយក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានរៀបចំសកម្មភាព សប្បុរសធម៌ នៅកម្ពុជា សរុបជាង ២៤០ លើក ដែលបានបរិច្ចាគ ថវិកានិងសម្ភារៈ ជាង ៧,៦៥ លានដុល្លារអាមេរិក និងផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជនជាង ៣០ ម៉ឺននាក់៕