អត្ថបទ

ជីប ម៉ុង ឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ ភេសជ្ជៈ ៤៥០០កេស និងអង្ករ សម្រាប់ជួយសង្គ្រោះ ពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ​ យ៉ាងជ្រាលជ្រៅ​ ចំពោះអ្នកឧកញ៉ា លាង ឃុន រួមទាំងថ្នាក់ដឹកនាំ ក្រុមហ៊ុន ជីប ម៉ុង ទាំងអស់ ដែលបានផ្តួចផ្តើម យុទ្ធនាការ ”ទឹកចិត្តកម្ពុជា” ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋ និងគាំពារកងកម្លាំង ប្រដាប់អាវុធ នៅក្នុងកំលុងពេលដែលកម្ពុជា កំពុងជួបគ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង។

យុទ្ធនាការ ”ទឹកចិត្តកម្ពុជា” របស់ក្រុមហ៊ុនជីប ម៉ុង ដែលបានប្រគល់ជូន លោក ហ៊ុន ម៉ាណែត នាពេលនេះរួមមាន ថវិកាចំនួន ១០ម៉ឺនដុល្លារ​សហរដ្ឋអាមេរិក អង្ករចំនួន២០០តោន ទឹកសុទ្ធ ៣០០០កេស ភេសជ្ជៈទឹកក្រូចទាំង៣ រសជាតិ(IZE Cola, IZE Fruit Punch និងIZE Lemon) ចំនួន ១០០០កេស និងភេសជ្ជៈប៉ូវកម្លាំង វើក ៥០០កេស។

លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «យុទ្ធនាការ”ទឹកចិត្តកម្ពុជានេះ” គឺការបង្ហាញនូវវប្បធម៌ ចែករំលែក និងទឹកចិត្តសាមគ្គីភាព ជួយគ្នាទៅវិញទៅមក រវាងសមរភូមិមុខ និងសមរភូមិក្រោយ គ្រប់កាលៈទេសៈ។»

លោក ហ៊ុន ម៉ាណែត​ បានថ្លែងយ៉ាងដូចនេះ កាលពីថ្ងៃទី១៩ តុលា ឆ្នាំ២០២០កន្លងទៅ នៅក្នុងជំនួបសម្តែងការគួរសម និងប្រគល់ជូនអំណោយ រវាងថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង ដែលដឹកនាំ ដោយអ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល និងអ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុម អគ្គនាយក ក្រុមហ៊ុនជីប ម៉ុង ដើម្បីយកទៅប្រើប្រាស់ សកម្មមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារ គ្រោះមហន្តរាយទឹកជំនន់។

អ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថា៖ «ការឧបត្ថម្ភជាថវិកា និងសម្ភារៈនៅពេលនេះ គឺដើម្បីចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការឆ្លើយតប នឹងបច្ចុប្បន្នភាព នៃគ្រោះទឹកជំនន់ និងឧបត្ថម្ភគាំទ្រ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ និងកងកម្លាំងប្រដាប់អាវុធ ក្នុងគ្រាមានអាសន្ននេះ»។

យុទ្ធនាការ”ទឹកចិត្តកម្ពុជា “គឺជាយុទ្ធនាការផ្ដួចផ្ដើមឡើង ដោយទឹកបរិសុទ្ធកម្ពុជា ដែលជាផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ពាណិជ្ជកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង៕

To Top