អត្ថបទ

សម្តេច ហេង សំរិន ផ្ដល់លិខិត​ថ្លែងអំណរគុណ ដល់អ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះការផ្ដល់ជាជំនួយ ដល់ប្រជាជន​រងគ្រោះ ដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្ដល់ជូនលិខិតថ្លែងអំណរគុណ ដល់អ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះការផ្ដល់ជាជំនួយ ដល់ប្រជាជនរងគ្រោះ ដោយជំនន់ទឹកភ្លៀង ជាបន្តបន្ទាប់។

ជាមួយនឹងពាក្យថា «ទឹកជំនន់គឺគ្មានមេត្តា តែមនុស្សមានក្ដីស្រលាញ់» អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប បានបំពេញ​ទំនួលខុសត្រូវសង្គម​ របស់ខ្លួនយ៉ាងសកម្ម ដោយបានផ្ដល់ជំនួយ ជាអង្ករ ចំនួន ១០០ តោន មីចំនួន ៣០០ កេសធំ និងទឹកបរិសុទ្ធ ចំនួន ១០០០ កេស គិតជាទឹកប្រាក់សរុប ៧៥០០០ ដុល្លារអាមេរិក ដល់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដើម្បីជួយដល់ប្រជាជន ដែលកំពុងរងគ្រោះ ដោយបាតុភូតធម្មជាតិទឹកជំនន់។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានចុះហត្ថលេខា លើលិខិតថ្លែងអំណរគុណដោយផ្ទាល់ ជូនមអ្នកឧកញ៉ា ចេន ហ្ស៊ី ដើម្បីថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់អ្នកឧកញ៉ា ចេន ហ្ស៊ី។

យោងតាមព័ត៌មាន ដែលចេញផ្សាយ ដោយគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា នៅថ្ងៃទី ១៥ ខែតុលានេះ ខេត្តក្រុងចំនួន ១៩ នៅទូទាំងប្រទេស ត្រូវបានរងគ្រោះ ដោយទឹកជំនន់ ដែលបណ្តាលឱ្យមាន មនុស្សស្លាប់ ១៣ នាក់ ក្នុងនោះមានកុមារ ៥ នាក់។ ប្រជាជនចំនួន ១២.៣៧៦ នាក់ ត្រូវបានជម្លៀសចេញ ហើយ ១៩៣.២៦៨ នាក់ បានរងផលប៉ះពាល់។

គួរបញ្ជាក់ថា ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប មានអាជីវកម្ម គ្របដណ្តប់លើវិស័យ អចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ឡូជីស្ទីក បច្ចេកវិទ្យា ភោជនីយដ្ឋាន ការកម្សាន្ត និងវិស័យផ្សេងៗ ជាច្រើនទៀត ព្រមទាំង ជាសហគ្រាសចម្រុះខ្នាតធំ លំដាប់កំពូល នៅកម្ពុជាផងដែរ។ បន្ថែមពីនេះ អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ដែលបង្កើតឡើង ដោយក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានរៀបចំ សកម្មភាពសប្បុរសធម៌ នៅកម្ពុជាសរុបជាង ២៤០ លើក ដែលបានបរិច្ចាគថវិកា និងសម្ភារៈជាង ៧,៧២ លានដុល្លារអាមេរិក និងផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជនជាង ៣២ ម៉ឺននាក់៕

To Top