ភ្នំពេញ-ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២០៖ ក្រុមហ៊ុនសែលកាត មានមោទនភាព ដោយប្រកាស នូវកិច្ចសហការ ជាដៃគូជាមួយអង្គការ Terre des HommesNetherlands (TdH-NL) ើម្បីដាក់ឱ្យដំណើរការ នូវយុទ្ធនាការថ្មី “គាំពារសុវត្ថិកុមារ ដើម្បីអនាគត” នៅក្នុងខេត្តសៀមរាប កាលពីថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះ (២៤ តុលា)។
យុទ្ធនាការនេះ ត្រូវបានបើកសម្ភោធ ដាក់ឱ្យដំណើរការ នៅក្នុងសន្និសិទសារព័ត៌មាន រួមគ្នាមួយ ដែលធ្វើឡើង នៅឯសណ្ឋាគារសៀមរាប ប៉ាស៊ីហ្វិក ស្របគ្នានឹង ព្រឹត្តិការណ៍ TdH-NL Annual Cluster Event ដែលមានការចូលរួម ពីថ្នាក់ដឹកនាំ យុវជនចំនួន៣៥រូប របស់អង្គការនេះ និងកុមារជាង ២០០នាក់ទៀត មកពីសាលារៀន និងក្លឹបនានា នៅក្នុងខេត្តសៀមរាប។
គោលបំណងសំខាន់ នៃការជួបជុំរយៈពេលពីរថ្ងៃនេះ គឺដើម្បីបង្កើនជំនាញ ឌីជីថលរបស់កុមារ ដោយក្នុងនោះ រួមមានទាំងវិធីបង្កើតមាតិកា ជុំវិញបញ្ហាដែលពួកគេ កំពុងប្រឈមមុខ និងការប្រើប្រាស់ បណ្តាញសង្គម ដើម្បីជះឥទ្ធិពល ជាវិជ្ជមានដល់អ្នកដទៃ។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា ក្រុមការងារផ្នែកទីផ្សារ របស់សែលកាត ពិតជាមានក្តីសោមនស្សបំផុត ក្នុងការចែករំលែក នូវជំនាញរបស់ពួកគេ រួមទាំងផ្តល់ការគាំទ្រ ដល់យុវជន និងថ្នាក់ដឹកនាំយុវជន លើការអភិវឌ្ឍជំនាញឌីជីថល ក៏ដូចជាលើកកម្ពស់ ការយល់ដឹងអំពី យុទ្ធនាការសុវត្ថិភាព កុមារនៅទូទាំង ប្រទេសកម្ពុជាផងដែរ។
លោក Watson បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមស្របគ្នានឹងការផ្ញើសារ កាន់តែទូលំទូលាយ របស់សែលកាត ដើម្បីជួយលើកកម្ពស់ អក្ខរកម្មឌីជីថល ដែលជាផ្នែកមួយ នៃចក្ខុវិស័យ របស់អ្នកឧកញ៉ា គិត ម៉េង សម្រាប់ប្រទេសកម្ពុជា ដែលមានលក្ខណៈឌីជីថល ពេញលេញ។
លោក វ៉ាតសុន បានថ្លែងបន្តថា យុវជនដ៏មានទេពកោសល្យ ឈានមុខទាំងពីររូប របស់សែលកាត រួមមាន កញ្ញា រ៉េត ស៊ូហ្សាណានិង ប៊ុន ឡេង បានចូលរួមគាំទ្រ គំនិតផ្តួចផ្តើមនេះ តាមរយៈការរៀបចំ នូវសិក្ខាសាលា តាមអនឡាញ ស្តីពីការបង្កើតមាតិកា និងការគ្រប់គ្រង បណ្តាញសង្គម។
លោក វ៉ាតសុន បានមានប្រសាសន៍ ឱ្យដឹងថា៖ “យុវជនដ៏មានទេពកោសល្យ ទាំងពីររូបនេះ គឺមានអ្នកគាំទ្រ តាមប្រព័ន្ធអនឡាញ ដល់ទៅជាងមួយលាននាក់ ឯណោះ ពោលគឺបង្ហាញថា ពួកគេអាចដើរតួ ជាគំរូដ៏ល្អមួយ សម្រាប់យុវសិស្សខ្មែរ”។
“ក្នុងនាមជាប្រតិបត្តិករ ជាទីមោទនរបស់ខ្មែរ យើងនឹងចូលរួមតស៊ូមតិ ដើម្បីសុវត្ថិភាពកុមារ ដែលជាផ្នែកមួយនៃតួនាទី របស់យើងក្នុងការគាំទ្រ ដល់សហគមន៍ នៅទូទាំងប្រទេសកម្ពុជា”។
“ការផ្តល់ជូន ដល់សិស្សានុសិស្ស នូវជំនាញឌីជីថល ដែលចំាបាច់សម្រាប់សុវត្ថិភាព តាមប្រព័ន្ធអនឡាញនេះ គឺជាមធ្យោបាយមួយ ដែលយើងអាចចូលរួម ជួយបាន ហើយយើងក៏សូមលើកទឹកចិត្ត ដល់លោកគ្រូអ្នកគ្រូ មាតាបិតា និងថ្នាក់ដឹកនាំ នៅតាមសហគមន៍ទាំងអស់ ឱ្យចូលរួមគាំទ្រ ក៏ដូចជាតាមដាន យុទ្ធនាការនេះទាំងអស់គ្នា”។
លោក ហេង ពុទ្ធិកា អ្នកជំនាញ ខាងផ្នែកលើកកម្ពស់ ការយល់ដឹង របស់អង្គការ TdH-NL បានថ្លែងឱ្យដឹងថា៖ “យើងសូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុនសែលកាត ចំពោះការចូលរួម នៅក្នុងយុទ្ធនាការនេះ។ ការចូលរួម ជាមួយវិស័យឯកជន គឺជាជំហាន ដ៏សំខាន់បំផុតមួយ ក្នុងការទទួលជ័យជម្នះ លើការតស៊ូ របស់យើង ដើម្បីសិទ្ធិកុមារ”។
ក្រុមហ៊ុនសែលកាត ក៏នឹងផ្តល់ស៊ីមកាត ដោយឥតគិតថ្លៃ និងគម្រោង Cellcard 4U ជូនដល់ថ្នាក់ដឹកនាំ ក្រុមទាំង ៣៥រូប ដែលជួយសម្របសម្រួល ដល់កិច្ចខិតខំប្រឹងប្រែង របស់អង្គការ TdH-NL នៅទីតាំងទាំង ១០។
ដើម្បីអបអរសាទរ ដល់ការដាក់ឱ្យដំណើរការ យុទ្ធនាការ “គាំពារសុវត្ថិកុមារ ដើម្បីអនាគត” អង្គការ TdH បានបើកដំណើរទំព័រ ហ្វេសប៊ុកថ្មីមួយ ដែលអ្នកអាចស្វែងរក បានតាមរយៈតំណភ្ជាប់នេះ៖ https://bit.ly/2IEZhUS
ទំព័រហេ្វសប៊ុកនេះ មានបង្ហាញជូន នូវរូបស្លាកសញ្ញាយុទ្ធនាការ ដែលត្រូវបានបង្កើតឡើង ដើម្បីជានិមិត្តរូប នៃបណ្តាសហគមន៍ ដែលបានចូលរួម ក្នុងការផ្តល់ខែលការពារ ដល់កុមារខ្មែរ ក៏ដូចជាជួយជម្រុញ ឱ្យពួកគេមានអនាគតភ្លឺស្វាង និងជោគជ័យ ដែលពួកគេសក្តិសម នឹងទទួលបានផងដែរ។
Terre des Hommes Netherlands គឺជាអង្គការក្រៅរដ្ឋាភិបាល ជួយការពារកុមារ ឈានមុខគេមួយ ដែលបានបំពេញប្រតិបត្ដិការ នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០០៧ មកម្ល៉េះ។ គម្រោងរបស់អង្គការនេះ គឺផ្តោតទៅលើការការពារ និងការឆ្លើយតប ចំពោះការកេងប្រវ័ញ្ច ផ្លូវភេទលើកុមារ និងអាពាហ៍ពិពាហ៍កុមារ នៅតាមបណ្តាញ អនឡាញ និងអហ្វឡាញ។ អង្គការមិនមែន រដ្ឋាភិបាលមួយនេះ តែងចូលរួមសហការ ជាមួយរដ្ឋាភិបាល អង្គការក្នុងស្រុក សាលារៀន និងបណ្តាសហគមន៍ ជាច្រើនទៀត ដើម្បីលើកកម្ពស់ការយល់ដឹង អំពីសិទ្ធិរបស់កុមារ និងហានិភ័យ នៃការកេងប្រវ័ញ្ចន លើកុមារ៕