អត្ថបទ

អង្គរហ្គ្រីន ជួយបរិច្ចាគសម្ភារៈ និងគ្រឿងឧបភោគ បរិភោគ ដល់ប្រជាពលរដ្ឋ រងគ្រោះ ដោយសារ​ ជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ

ក្រុមហ៊ុនអង្គរហ្គ្រីន (Angkor Green) ដែលជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងវិស័យកសិកម្មនៅកម្ពុជា បានចែកសម្ភារៈ និងគ្រឿងឧបភោគ បរិភោគផ្សេងៗ ដល់ប្រជាពលរដ្ឋចំនួន ៥០០ គ្រួសារ ដែលបានរងផលប៉ះពាល់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ នៅភាគពាយ័ព្យ នៃប្រទេសកម្ពុជា។

ពិធីចែកអំណោយបានធ្វើឡើង នៅក្នុងបណ្ដាខេត្ត ដែលរងទទួលផលប៉ះពាល់ ធ្ងន់ធ្ងរជាងគេ រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ។

អាជ្ញាធរនៃខេត្តនីមួយៗ បានចូលរួមជាមួយនឹងបុគ្គលិក របស់ក្រុមហ៊ុនអង្គរហ្គ្រីន ក្នុងការចែកសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋរងគ្រោះ ដែលក្នុងនោះមានដូចជាអង្ករ មី សាច់ក្រក ផ្អកសាច់ជ្រូក ភួយ ថ្នាំសង្កូវ ក៏ដូចជាកញ្ចប់ថ្នាំកសិកម្ម ដែលអាចឲ្យប្រជាពលរដ្ឋ ប្រើប្រាស់សម្រាប់ដំណាំរបស់ខ្លួន ក្រោយពេលទឹកស្រកទៅវិញ ។

សម្ភារៈ និងគ្រឿងឧបភោគបរិភោគទាំងនោះ គឺជាការបរិច្ចាគដែលបានមកពី ក្រុមហ៊ុនអង្គរហ្គ្រីនផ្ទាល់ បុគ្គលិក សាច់ញាតិ និងមិត្តភក្ដិ របស់បុគ្គលិកក្រុមហ៊ុន ដៃគូអាជីវកម្ម និងសប្បុរសជននានា ទាំងក្នុងនិងក្រៅប្រទេស ដូចជាក្រុមហ៊ុនឱសថ ប៉េប៉េអឹម (PPM) និងអង្គការ អេត អេ អាក់ស្យុង ជាដើម។

លោក ហួ ធីនាង នាយកប្រតិបត្តិ ទទួលបន្ទុកជីថ្នាំកសិកម្ម នៃក្រុមហ៊ុនអង្គរហ្គ្រីន មានប្រសាសន៍ថា ទោះបីជាការបរិច្ចាគនេះ មានកម្រិតតិចតួចក្ដី ក្រុមហ៊ុនសង្ឃឹមថា នេះជាការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ហើយនឹងអាចជួយសម្រាល បានខ្លះដល់ផលប៉ះពាល់ ដែលកំពុងកើតមាន ចំពោះប្រជាពលរដ្ឋរងគ្រោះ។

លោក ធី នាង មានប្រសាសន៍ថា៖ “ក្នុងនាមជាក្រុមហ៊ុនកសិកម្ម យើងបានរៀបចំ នូវកញ្ចប់សប្បុរសធម៌ ដើម្បីចូលរួមជួយ ដល់ជនរងគ្រោះ ជាពិសេសកសិករ ដែលមានការប៉ះពាល់ លើដំណាំរបស់គាត់ ។ ពួកគាត់រងគ្រោះពីរដង ហើយក្នុងឆ្នាំ ២០២០ នេះ គឺទីមួយគ្រោះរាំងស្ងួត ហើយឥឡូវនេះ កាន់តែធ្ងន់ធ្ងរថែមទៀត គឺទឹកជំនន់វិញ”។

ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារទឹកជំនន់ បានបង្ហាញពីអារម្មណ៍សោកស្ដាយ របស់ពួកគាត់ដោយសារតែ ការខូចខាតផលដំណាំ ប៉ុន្តែ ក៏បានថ្លែងអំណរគុណ ចំពោះជំនួយមនុស្សធម៌ របស់រដ្ឋាភិបាល ក៏ដូចជាវិស័យឯកជន ដូចជាក្រុមហ៊ុនអង្គរហ្គ្រីនជាដើម ។

កសិករ សាង សាន នៅខេត្តបាត់ដំបង មានប្រសាសន៍ថា៖ “និយាយពីរឿងអារម្មណ៍ ចំពោះការខូចខាត ដោយសារទឹកជំនន់នេះ គឺនិយាយលែងចេញហើយ ព្រោះអស់រលីងហើយ ជាពិសេសខ្លួនខ្ញុំផ្ទាល់ ដំណាំស្រូវ ១០ ហិចតា ខូច អស់រលីង។… ខ្ញុំត្រេកអរចំពោះ ក្រុមហ៊ុនអង្គរហ្គ្រីន ដែលបានជួយរំលែកទុក្ខ ជាអំណោយបន្តិចបន្តួច សម្រាប់ដោះទ័ល”។

អង្គរហ្គ្រីន ជាក្រុមហ៊ុនដែលត្រូវបាន បង្កើតឡើង កាលពីឆ្នាំ ២០១១ ដោយមានចក្ខុវិស័យ ជួយអភិវឌ្ឍសន្តិសុខស្បៀង និងចំណីអាហារ ឲ្យមានគ្រប់គ្រាន់ សម្រាប់មនុស្សទាំងអស់ នៅក្នុងពិភពលោក ធ្វើទំនើបកម្ម ផលិតកម្មកសិកម្ម នៅកម្ពុជា ដើម្បីបង្កើន ផលិតភាពកសិកម្ម សម្របសម្រួលទីផ្សារកសិផល និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាកសិករ។

បច្ចុប្បន្នក្រុមហ៊ុន មានផ្គត់ផ្គង់ជីរថ្នាំកសិកម្ម គ្រឿងយន្តកសិកម្ម ឧបករណ៍ប្រព័ន្ធស្រោចស្រព ថ្នាំ និងចំណីសត្វ ការកែច្នៃកសិផល និងប្រមូលទិញកសិផល ពីកសិករសម្រាប់នាំចេញ ហើយកំពុងមានប្រតិបត្តិការ នៅក្នុងបណ្ដាខេត្តក្រុងចំនួន ២៥ ក្នុងប្រទេសកម្ពុជា ៕

To Top