អត្ថបទ

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ឧបត្ថម្ភអង្ករ ១០០តោន ដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយជនរងគ្រោះ ដោយសារទឹកជំនន់

ភ្នំពេញ៖ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានឧបត្ថម្ភ អង្ករចំនួន ១០០ តោន ដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលរងគ្រោះដោយសារ ទឹកជំនន់ធ្ងន់ធ្ងរ កាលពីពេលថ្មីៗ។ ពិធីប្រគល់បានធ្វើឡើង នៅឯកាកបាទ ក្រហមកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតអង់គ្លេស ប្រចាំកម្ពុជា និងលោក Sanjay Chakrabarty អគ្គនាយកចាត់តាំង របស់ក្រុមហ៊ុន ព្រូដិនសល កម្ពុជា។

លោកស្រី ពុំ ចន្ទីនី បាននាំយកសារ ថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលបានជួយឧបត្ថម្ភ អង្ករចំនួន ១០០តោន ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការ ជួយដល់ប្រជាពលរដ្ឋ រងគ្រោះ បង្កដោយទឹកជំនន់ រហ័ស ឆ្នាំ២០២០នេះ និងរងគ្រោះ ដោយមហន្តរាយផ្សេងៗ។ កាកបាទក្រមកម្ពុជា នឹងចាត់ចែងនាំយកអំណោយ ទាំងអស់នេះ ទៅចែកជូនដល់ប្រជាពលរដ្ឋ ងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះ ដោយទឹកជំនន់ និងគ្រោះមហន្តរាយ ផ្សេងៗដោយផ្ទាល់ដៃ។

លោកស្រី ពុំ ចន្ទីនី ផ្ទាល់ក៏បានមានប្រសាសន៍ ក្នុងឱកាសនោះថា “ខ្ញុំសូមអរគុណ ព្រូដិនសលណាស់ ដែលបានឃើញ កាកបាទក្រហមកម្ពុជា តាមមើលកាកបាទ ក្រហមកម្ពុជា ហើយមកតាមជួយ ។ ការជួយតាមរយៈ កាកបាទក្រហមកម្ពុជានេះ គឺជាការតាមជួយមួយ ដ៏ល្អបំផុតហើយ ព្រោះកាកបាទក្រហម កម្ពុជាបានអំណោយមក គឺយកទៅធ្វើភ្លាម ហើយដល់ដៃប្រជាពលរដ្ឋភ្លាម មិនទុកយូរទេ។ នេះជាគំរូមួយដ៏ប្រពៃណាស់ សម្រាប់ក្រុមហ៊ុន ដទៃៗទៀតមើលឃើញ” ។

លោកស្រី Tina Redshaw បានលើកឡើងថា “ស្ថានទូតចក្រភព អង់គ្លេសប្រចាំកម្ពុជា ធ្វើការសហការយ៉ាងជិតស្និទ្ធ ជាមួយនឹងក្រុមហ៊ុនអង់គ្លេស ហើយនេះជាការងាររបស់ខ្ញុំ ក្នុងការជួយគាំទ្រលើកទឹកចិត្ត ដល់ក្រុមហ៊ុនអង់គ្លេស នៅទីនេះ ក៏ដូចជាក្រុមហ៊ុនថ្មីៗ ដែលចង់ចូលមកធ្វើប្រតិបត្តិការ ក្នុងទីផ្សារកម្ពុជា។ ក្រុមហ៊ុនព្រូដិនសល មានវត្តមានយូរដែរ មកហើយ ហើយខ្ញុំមាន សេចក្ដីរីករាយ ដែលក្រុមហ៊ុន ទទួលបានជោគជ័យ ជាបន្តបន្ទាប់នៅកម្ពុជា ដោយបានពង្រីកវិសាលភាព ក្រុមហ៊ុនកាន់តែច្រើន នៅក្នុងប្រទេស។ ខ្ញុំក៏មានសេចក្ដីរីករាយ ក្រៃលែងដែល ថ្ងៃនេះក្រុមហ៊ុន ព្រូដិនសលកម្ពុជា ធ្វើការអនុវត្ត កម្មវិធីសង្គមរបស់ខ្លួន ដោយចូលរួមចំណែក ជួយដល់កិច្ចខិតខំប្រឹងប្រែង របស់ កាកបាទក្រហមកម្ពុជា ក្នុងការសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារ គ្រោះមហន្តរាយ ទឹកជំនន់នេះ” ។

នៅក្នុងពិធីប្រគល់ អំណោយនោះដែរ អគ្គនាយកចាត់តាំង ក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក Sanjay Chakrabarty បានសម្ដែងការរំលែកទុក្ខ ចំពោះអ្នកដែលបាត់បង់ មនុស្សជាទីស្រលាញ់ និងទ្រព្យសម្បត្តិ ដោយសារតែគ្រោះមហន្តរាយ ទឹកជំនន់នេះ។ លោកក៏បានកោតសរសើរ ចំពោះភាពរឹងមាំ របស់ប្រជាពលរដ្ឋកម្ពុជា និងកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល ស្ថាប័នក្រៅរដ្ឋាភិបាល និង វិស័យឯកជន ក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលកំពុងស្ថិតក្នុងភាពលំបាក។

លោកបានបន្តទៀតថា “នេះជាកិត្តិយសណាស់ ដែលយើងខ្ញុំបានចូលរួម ជាមួយនឹងកាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋ រងគ្រោះក្នុងការកាត់បន្ថយ ការឈឺចាប់ និងការលំបាក ដែលពួកគាត់កំពុង ជួបប្រទះពេលនេះ ដោយសារតែគ្រោះមហន្តរាយ ទឹកជំនន់នេះ។ យើងមានបុគ្គលិក ភ្នាក់ងារ និងអតិថិជន នៅក្នុងតំបន់ដែលរង គ្រោះដោយសារទឺកជំនន់នេះដែរ ដូច្នេះនេះជាកាយវិការ ដ៏ស្មោះចេញពីដួងចិត្ត របស់ពួកយើង ដើម្បីជួយដល់ប្រជាពលរដ្ឋ ទាំងអស់នោះ។ ក្នុងរយៈពេល ខ្លីខាងមុខនេះ យើងនឹងមានអ្នកស្ម័គ្រចិត្ត មកជួយសកម្មភាព មនុស្សធម៌នេះផងដែរ។ សម្រាប់យើងខ្ញុំ យើងនឹងប្រឹងឲ្យអស់ពីលទ្ធភាព ដើម្បីជួយទ្រទ្រង់ ដល់កម្មវិធីនានា របស់កាកបាទក្រហមកម្ពុជា មិនថា ក្នុងកំរិតណានោះទេ”។

គួរបញ្ជាក់ផងដែរថា កាកបាទក្រហមកម្ពុជា កំពុងបន្តធ្វើការជា មួយទីភ្នាក់ងារ អាជ្ញាធរមូលដ្ឋាន និងសហគមន៍ជាតិ អន្តរជាតិ ដើម្បីកំណត់ពីតម្រូវការ រយៈពេលវែងនានា សម្រាប់ជួយឲ្យសហគមន៍ រងផលប៉ះពាល់ អោយមានភាព ប្រសើរឡើងវិញ៕

To Top