អត្ថបទ

ក្រុមហ៊ុន ស្មាត អាស្យាតា បញ្ជាក់ថានៅមានទឹកប្រាក់ឧបត្តម្ភ មួយចំនួនក្នុងមូលនិធិ ១លានដុល្លារ ដើម្បីប្រឆាំងវីរុសកូវីដ-១៩

ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃនេះថា មូលនិធិទឹកប្រាក់១លានដុល្លារដើម្បីប្រឆាំងវីរុសកូវីដ១៩ នៅមានទឹកប្រាក់ដែលមិនទាន់ប្រើប្រាស់ ប្រហែល ៣៥ម៉ឺនដុល្លារ ដើម្បីគាំទ្រគំនិតផ្តូចផ្តើមនានា ដែលនឹងជួយផ្ដល់ដំណោះស្រាយបញ្ហា ដែលប្រជាពលរដ្ឋកម្ពុជាបានកំពុងរងផលប៉ះពាល់ទាំងផ្នែកសុខភាព សង្គម និងសេដ្ឋកិច្ចពីការរាតត្បាតជំងឺកូវីដ១៩។

មកដល់បច្ចុប្បន្ន មានគម្រោងចំនួន ១២ ដែលបានទទួលជំនួយហិរញ្ញវត្ងុ ពីមូលនិធិទឹកប្រាក់ចំនួន ១លានដុល្លារដើម្បីប្រឆាំងវីរុសកូវីដ១៩របស់ខ្លួននេះ រួមទាំងគម្រោងថ្មីមួយ របស់មន្ទីរពេទ្យកុមារអង្គរ ដែលគម្រោងនេះមានបំណងប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃវិបត្តិកង្វះអាហាររូបត្ថម្ភរបស់កុមារក្នុងខេត្តសៀមរាប និងនៅទូទាំងប្រទេសកម្ពុជា។

គំនិតផ្តួចផ្តើមផ្សេងៗដែលបានទទួលមូលនិធិនេះ រួមមាន៖ ១. ក្រុមហ៊ុន Southeastern Globe Communications ៖ ដើម្បីគាំទ្រដល់វេទិកាព័ត៌មានអំពីវីរុសកូវីដ១៩។ ២. អង្គការ Friends International ៖ ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលបុគ្គលដែលបាត់បង់ឱកាសនៅទូទាំងខេត្តចំនួន ៧ អំពីការរក្សាអនាម័យផ្ទាល់ខ្លួន។ ៣. វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ៖ ដើម្បីផ្គត់ផ្គង់ឧបករណ៍ធ្វើតេស្ត និងឧបករណ៍ការពារផ្ទាល់ខ្លួនប្រឆាំងវីរុសកូវីដ១៩ រហូតដល់ រយៈពេល ២ខែសម្រាប់ពិនិត្យ និងធ្វើរោគវិនិច្ឆ័យអ្នកជំងឺរាប់ពាន់នាក់។ ៤. វិទ្យាស្ថានបើកទូលាយ ៖ ដើម្បីគាំទ្រដល់ឌីជីថលនីយកម្មមេរៀន និងសម្ភារអប់រំសម្រាប់សិស្សថ្នាក់ទី១២។
៥. សមាគមសហគ្រិនវ័យក្មេងកម្ពុជា ៖ ដើម្បីគាំទ្រដល់ការឆ្លើយតបទៅនឹងវិបត្តិធុរកិច្ចរបស់សហគ្រាស ធុនតូច និងធុនមធ្យម (MSMEs)។
៦. សាលា Bayon Education and Development៖ ដើម្បីគាំទ្រការបណ្តុះបណ្តាលវិជ្ជាជីវៈរបស់សិស្សក្នុងខេត្តសៀមរាប តាមរយៈការរៀនសូត្រពីចម្ងាយ។
៧. Impact Hub Phnom Penh៖ ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលអំពីការស្ទុះងើបឡើងវិញនៃធុរកិច្ចរបស់ក្រុមហ៊ុនបង្កើតថ្មី និងសហគ្រាធុនតូច និងមធ្យម (SMEs)។
៨. មូលនិធិ East Meets West Foundation៖ ដើម្បីបណ្តុះបណ្តាលអ្នកភូមិដែលមានការសិក្សាតិចតួចអំពីអនាម័យផ្ទាល់ខ្លួន និងសម្ភារៈរូបវ័ន្តលាងសម្អាតដៃក្នុងខេត្តចំនួន ៥។
៩. អង្គការចិត្តសង្គមអន្តរវប្បធម៌៖ ដើម្បីគាំទ្រដល់សុខភាពផ្លូវចិត្ត និងសុខមាលភាពរបស់កម្មករអន្តោប្រវេសន៍ក្នុងខេត្តបន្ទាយមានជ័យ។
១០. អង្គការ Save the Children ៖ ដើម្បីជួយកុមារ និងសហគមន៍ឱ្យសម្របខ្លួនទៅនឹងការរៀនសូត្រពីចម្ងាយក្នុងខេត្តកំពង់ចាម។
១១. អង្គការវឌ្ឍនភាពសហគមន៍ ៖ ដើម្បីបង្កើនការស្ទុះងើបជីវភាពឡើងវិញរបស់កសិករក្នុងខេត្ត ស្វាយរៀង។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន បានលើកឡើងថា៖ «ដូចដែលយើងអាចមើលឃើញពីព័ត៌មានថ្មីៗនេះថា ភាពជោគជ័យបច្ចុប្បន្នរបស់កម្ពុជាក្នុងការដោះស្រាយជាមួយនឹងវិបត្តិសុខភាពសាធារណៈពិភពលោក នៅមិនទាន់ច្បាស់លាស់នៅឡើយទេ ហើយយើងទាំងអស់គ្នាចាំបាច់ត្រូវប្រឹងប្រែងទ្វេដង ដើម្បីបង្ការការឆ្លងក្នុងសហគមន៍បន្ថែមទៀត។ យើងមានមោទនភាពដែលបានគាំទ្រ ដល់គំនិតផ្តួចផ្តើមសំខាន់ៗជាច្រើន ដែលកំពុងធ្វើឱ្យសហគមន៍ស្ទុះងើបឡើងវិញកាន់តែខ្លាំងពី ឥទ្ធិពលអវិជ្ជមាននៃការរាតត្បាតវីរុសកូវីដ១៩ ហើយយើងចង់ឆ្លៀតឱកាសនេះរំឭកគ្រប់គ្នាថា មូលនិធិនៅមាននៅឡើយ។ យើងចង់ឮពីស្ថាប័នណាមួយដែលកំពុងធ្វើការងារដើម្បីគាំទ្រ ដល់ប្រទេសជាតិ និងសហគមន៍របស់យើងក្នុងអំឡុងពេលវេលាដ៏លំបាកទាំងនេះ»។

មូលនិធិ ១លានដុល្លារដើម្បីប្រឆាំងវីរុសកូវីដ១៩ ត្រូវបានបង្កើតឡើងដើម្បីគាំទ្រគំនិតផ្តួចផ្តើមនានាក្នុងវិស័យចំនួន ៤៖ បច្ចេកវិទ្យាទូរគមនាគមន៍សម្រាប់វិស័យអប់រំ ការគ្រប់គ្រងវិបត្តិ ការក្សាគម្លាតសង្គម និងការរក្សា អនាម័យផ្ទាល់ខ្លួន។ ការស្នើសុំមូលនិធិត្រូវបានអនុម័តដោយគណៈកម្មការវាយតម្លៃរួម ដែលរួមមានក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Axiata Group និងអ្នកតំណាងឯករាជ្យកម្ពុជាចំនួន ២ រូប បន្ទាប់ពីត្រូវបានពិនិត្យមើលយ៉ាងម៉ត់ចត់ដោយគណៈកម្មការផ្ទៃក្នុង។

ពាក្យស្នើសុំអាចដាក់តាមអនឡាញតាមរយៈ https://bit.ly/3aQsrJV។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង sustainability@smart.com.kh និងតាមដាន ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

To Top