អត្ថបទ

កម្មវិធីប្រឡង ស្នាដៃសិល្បៈ ​ថ្នាក់ជាតិប្រចាំឆ្នាំ ២០២០ បានបន្តផ្តល់ ពេលវេលាបន្ថែម​ សម្រាប់ការចុះឈ្មោះ​ ចូលរួមប្រកួត

ភ្នំពេញ-២៧ វិច្ឆិកា ២០២០៖ នៅថ្ងៃនេះ កម្មវិធីប្រឡង ស្នាដៃសិល្បៈថ្នាក់ជាតិ​ ប្រចាំឆ្នាំ ២០២០ ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុនសែលកាត បានបើកដំណើរការ កន្លែងចុះឈ្មោះថ្មីមួយទៀត នៅឯការិយាល័យកណ្តាល សែលកាត ក្នុងរាជធានីភ្នំពេញ ដើម្បីលើកទឹកចិត្ត ដល់សិល្បករគំនូរថ្មីៗ ឱ្យមកចូលរួមប្រកួតកម្មវិធី ប្រឡងប្រចាំឆ្នាំលើកទី ៣នេះ។

ការបើកដំណើរការកន្លែងចុះឈ្មោះថ្មីនេះ ត្រូវបានបើកសម្ពោធរួមជាមួយ នឹងការសម្តែង គូសគំនូរឌីជីថលផ្ទាល់ នៅឯការិយាល័យកណ្តាលសែលកាត។ ការសម្តែងនេះ មានវត្តមានចូលរួម ដោយលោក ប៊ុន ឡេង Influencer របស់ក្រុមហ៊ុនសែលកាត សិស្សនិស្សិត មកពីមូលនិធិកុមារកម្ពុជា (CCF) និងសិល្បករគំនូរខ្មែរ ដ៏ល្បីឈ្មោះលោក នូ សារី ដែលរូបគាត់បានចូលរួមស្វែងយល់ ក៏ដូចជាទទួលយកនូវបទពិសោធន៍ នៃការគូសគំនូរឌីជីថលផ្ទាល់ ជាលើកដំបូងផងដែរ។

ការប្រកាសនូវ ការបើកដំណើរការ កន្លែងចុះឈ្មោះថ្មីនេះ គឺត្រូវបានធ្វើឡើងស្របគ្នា នឹងការពន្យារកាលបរិច្ឆេទ ឈប់ទទួលពាក្យចូលរួមប្រឡង ពោលគឺនឹងបន្តទទួលពាក្យ ចាប់ពីថ្ងៃនេះរហូតដល់ ខែកុម្ភៈ ឆ្នាំ ២០២១។

កម្មវិធីប្រឡងនេះ ត្រូវបានគេរំពឹងទុកថា នឹងមានការចុះឈ្មោះចូលរួម ប្រកួតច្រើនជាងកម្មវិធីប្រឡងកន្លងទៅ ហើយទន្ទឹមនឹងនោះ ពេលវេលា ផ្តល់ជូនបន្ថែមនេះ នឹងញុំាងឱ្យមានការរៀបចំ សកម្មភាព និងកម្មវិធីធ្វើដំណើរ ទៅតាមខេត្ត បានកាន់តែផុសផុលផងដែរ ។ សិល្បករដែលជាប់ជ័យលាភី នឹងទទួលបាន នូវរង្វាន់ដ៏អស្ចារ្យជាច្រើន ដោយក្នុងនោះមានដូចជា កិច្ចសន្យាការងារ និងឱកាសនៃការចូលរួម ជាមួយគម្រោងអន្តរជាតិជាដើម។

កម្មវិធីប្រឡងស្នាដៃ សិល្បៈថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២០ ត្រូវបានចែកចេញជា ៣ ប្រភេទ សម្រាប់សិល្បករ ចូលរួមប្រកួត ដោយក្នុងនោះមានដូចជា គំនូរលើផ្ទាំងក្រណាត់ គំនូរឌីជីថល និងគំនូរតាមដងផ្លូវ។ លោក ថូនី ហ្វ្រង់ស៊ីស (Tony Francis) ជាម្ចាស់ក្រុមហ៊ុន និងជាស្ថាបនិក Kbach Arts បានមានប្រសាសន៍ថា ការផ្តល់ពេលវេលាបន្ថែមនេះ គឺដើម្បីផ្តល់ឱកាសដល់សិល្បករ ឱ្យបានកាន់តែច្រើន មកចូលរួម ក៏ដូចជាផ្តល់ពេលវេលាគ្រប់គ្រាន់ ដល់ពួកគាត់ ដើម្បីដាក់ពាក្យប្រកួត។

គួររំលឹកផងដែរ កម្មវិធីប្រកួតប្រចាំឆ្នាំលើកទី ៣ ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុនសែលកាតនេះ ត្រូវបានចាប់ផ្តើមប្រកាសឡើង កាលពីខែកញ្ញា ឆ្នាំ ២០២០កន្លងទៅ ដោយក្នុងនោះ កម្មវិធីក៏បាននាំយកនូវ គំនូរប្រភេទឌីជីថលថ្មី ដើម្បីអនុញ្ញាតឱ្យសិល្បករយើង នៅទូទាំងប្រទេស បានចូលរួមដើម្បីបញ្ចេញ ស្នាដៃផងដែរ។

ក្រុមហ៊ុនសែលកាត សង្ឃឹមថាគំនូរប្រភេទ ឌីជីថលថ្មីនេះ នឹងអាចជួយជម្រុញយុវវ័យ សម័យបច្ចេកវិទ្យាឌីជីថល ស្វែងរកឃើញនូវមធ្យោបាយថ្មីៗ ដើម្បីពង្រឹងនូវ ទេពកោសល្យច្នៃប្រឌិត និងចាប់យកអាជីព ដ៏ប្រសើរមួយ សម្រាប់ថ្ងៃអនាគតរបស់ពួកគេ៕

To Top