មូលនិធិសម្រាប់អាជីវកម្ម បែបឌីជីថលរបស់ក្រុមហ៊ុន Smart Axiata (SADIF) បានប្រកាសនៅថ្ងៃនេះ អំពីវិនិយោគ ចុងក្រោយបំផុតរបស់ខ្លួន ទៅក្នុងក្រុមហ៊ុន Banhji ដែលជាកម្មវិធីហិរញ្ញវត្ថុ សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម និង ក្រុមហ៊ុន DRVR ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទិន្នន័យវិភាគ យានយន្ដដឹកជញ្ចូន និងយានយន្តដឹកអ្នកដំណើរ។
វិនិយោគិនទាំងពីរ បានធ្វើឲ្យមូលនិធិ អាជីវកម្មរបស់ SADIF ពង្រីកខ្លួនជាមួយដៃគូ អាជីវកម្មឌីជីថល ឆ្នើមៗរហូតដល់ទៅ ១០ក្រុមហ៊ុន ដោយមានក្រុមហ៊ុនដូចជា៖ Morakot Technology ក្រុមហ៊ុន Joonaak Delivery ក្រុមហ៊ុន Nham24 ក្រុមហ៊ុនGoGames ក្រុមហ៊ុន Sala Tech ក្រុមហ៊ុន Okra Solar ក្រុមហ៊ុន Sousdey និងក្រុមហ៊ុន Agribuddy។
ទាក់ទងនឹងការបញ្ជូល ក្រុមហ៊ុនទាំង២នេះ លោក គឹម បូរ៉ា ដៃគូរបស់ក្រុមហ៊ុន Mekong Strategic Partners ជាក្រុមហ៊ុនវិនិយោគ ដែលគ្រប់គ្រងមូលនិធិ SADIF បានឲ្យដឹងថា៖ «ការវិនិយោគរបស់យើង ទៅលើក្រុមហ៊ុន Banhji និង ក្រុមហ៊ុន DRVR បង្ហាញពីសារៈសំខាន់នៃបច្ចេកវិទ្យា ដែលជួយឲ្យធ្វើការសម្រេចចិត្ត ត្រឹមត្រូវទាក់ទងក្នុងការប្រើប្រាស់ទិន្នន័យ។
កម្មវិធីហិរញ្ញវត្ថុ របស់ក្រុមហ៊ុន Banhji មានគោលបំណងកាត់បន្ថយ គម្លាតហិរញ្ញវត្ថុ ដែលសហគ្រាសខ្នាតតូច និងមធ្យមបានជួបប្រទះនៅកម្ពុជា ដោយបង្កើនភាពជឿជាក់ នៃរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុន សហគ្រាសខ្នាតតូច និងមធ្យម។ កម្មវិធីInternet of Things និងកម្មវិធីវិភាគទិន្នន័យ របស់ក្រុមហ៊ុន DRVR មានគោលបំណងកាត់បន្ថយ ការចំណាយលើការគ្រប់គ្រង និងបង្ការ គ្រោះថ្នាក់លើដងផ្លូវ ចំពោះសេវាដឹកជញ្ចូនរបស់អតិថិជន។
ក្រុមហ៊ុន Banhji ៖កម្មវិធីហិរញ្ញវត្ថុ សម្រាប់ សហគ្រាសខ្នាតតូច និងមធ្យម Banhji គឺជាអាជីវកម្មបច្ចេកវិទ្យា ក្នុងហិរញ្ញវត្ថុទើបបង្កើតថ្មី ដែលទទួលបានពានរង្វាន់ ផ្នែកកម្មវិធីហិរញ្ញវត្ថុ និង ប្រតិ្តបតិ្តការដែលភ្ជាប់ ជាមួយអេកូឡូស៊ី នៃប្រព័ន្ធទូទាត់ នឹងហិរញ្ញវត្ថុ។
ជាមួយនឹងចក្ខុវិស័យ ដើម្បីក្លាយជាកម្មវិធីប្រតិ្តបត្តិការ ហិរញ្ញវត្ថុសម្រាប់ សហគ្រាសខ្នាតតូច និងមធ្យម ដំណោះស្រាយហិរញ្ញវត្ថុ របស់ក្រុមហ៊ុន Banhji អនុញ្ញាតដល់ក្រុមហ៊ុន សហគ្រាសខ្នាតតូច និងមធ្យម ធ្វើការសម្រេចចិត្តត្រឹមត្រូវ ក្នុងអាជីវកម្ម និងផ្តល់នូវភាពច្នៃប្រឌិតក្នុងការទទួលបាន សេវាកម្មហិរញ្ញវត្ថុ និងការផ្តល់ប្រតិ្តបតិ្តការ ហិរញ្ញប្បទានដើមទុន។
គិតត្រឹមខែធ្នូ ឆ្នាំ ២០២០ ក្រុមហ៊ុន Banhji ចុះឈ្មោះអ្នកប្រើប្រាស់ សហគ្រាសខ្នាតតូច និងមធ្យម ជាង ៤,០០០ នាក់ នៅក្នុងកម្មវិធីរបស់ខ្លួន។
ក្រុមហ៊ុន Banhji បានបង្កើតភាពជាដៃគូ យុទ្ធសាស្រ្តជាមួយស្ថាប័ន ហិរញ្ញវត្ថុក្នុងស្រុក និងក្រុមហ៊ុនផ្ដល់សេវាទូទាត់ រួមមាន ការជួយសម្រួល ដល់ប្រាក់កម្ចី មួយចំនួនដំបូង ដែលមិនចាំបាច់ មានអ្នកធានា ដោយប្រើទិន្នន័យ នៅក្នុងកម្មវិធីរបស់ខ្លួន។
លោក សឹុម ចាន់គីរីរត្ន សហស្ថាបនិក ក្រុមហ៊ុន Banhji បានឲ្យដឹងថា៖ «យើងបានបង្កើតក្រុមហ៊ុន Banhji ជាមួួយនឹងបេសកកម្មមួយ ដែលអនុញ្ញត សហគ្រាសខ្នាតតូច និងមធ្យម ចូលរួមក្នុងបរិយាបន្នហិរញ្ញវត្ថុ។
ក្នុងមូលនិធិ SADIF យើងបានស្វែងរកដៃគូ ដែលមិនត្រឹមតែចែករំលែកបេសកកម្ម និងគុណតម្លៃរបស់យើង ប៉ុណ្ណោះទេប៉ុន្តែថែមទាំង មានបទពិសោធន៍ ដើម្បីជួយពន្លឿនវឌ្ឍនភាពរបស់យើងផងដែរ ដូច្នេះយើងអាចជួយបន្ថែមទៀត ដល់អតិថិជននាពេលបច្ចុប្បន្ន និងអតិថិជនថ្មី។»
លោក ថូម៉ាស់ ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានឲ្យដឹងថា៖ «សហគ្រាសខ្នាតតូច និងមធ្យមគឺជាកត្តាជំរុញសេដ្ឋកិច្ច ដ៏ខ្លាំងមួយ និងជាកត្តាជំរុញអត្រា ការងារនៅកម្ពុជា ប៉ុន្តែពួកគេប្រឈម នឹងភាពគ្មានប្រសិទ្ធភាព ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ របស់ពួកគេ។
ក្រុមហ៊ុន Banhji បានបង្កើតដំណោះស្រាយ ក្នុងស្រុក ដើម្បីបម្រើដល់ សហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា ដើម្បីបង្កើតរបាយការណ៍ ហិរញ្ញវត្ថុច្បាស់លាស់ ដោយហេតុនេះ នឹងជួយបង្កើនឱកាស ហិរញ្ញប្បទានរបស់ពួកគេ។ យើងរីករាយក្នុង ការចូលរួមចំណែក ក្នុងការអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម តាមរយៈមូលនិធិ SADIF របស់យើង ទៅក្នុងក្រុមហ៊ុន Banhji។»
នៅក្នុងដំណាក់កាល នៃការបញ្ចូលប្រាក់ មូលធននេះ មូលនិធិ SADIF កំពុងធ្វើសហវិនិយោគ រួមគ្នាជាមួយ ដៃគូវិនិយោគិនយុទ្ធសាស្រ្ត ក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ។
ក្រុមហ៊ុន Banhji ត្រូវបានទទួលស្គាល់ ជាក្រុមហ៊ុនបច្ចេកវិទ្យា ក្នុងហិរញ្ញវត្ថុ ឈានមុខគេក្នុងតំបន់ ពីពានរង្វាន់ អាជីវកម្ម ទើបបង្កើតថ្មី ICT ល្អបំផុត នៅកម្ពុជា ឆ្នាំ២០១៨ និងត្រូវបានទទួលស្គាល់ជា អន្តរជាតិពី ពានរង្វាន់បច្ចេកវិទ្យាក្នុងហិរញ្ញវត្ថុឆ្នើមទាំង ១០ឆ្នាំ២០១៦ ដោយ កម្មវិធី Startup BootCamp & A Leading Startup in ASEAN របស់កម្មវិធី វេទិកាសេដ្ឋកិច្ច ពិភពលោក។
ក្រុមហ៊ុន DRVR៖ ផ្គត់ផ្គង់ទិន្នន័យ វិភាគយានយន្ត ប្រចាំតំបន់អាស៊ី ក្រុមហ៊ុន DRVR គឺជាក្រុមហ៊ុនវិភាគប្រើប្រាស់ទិន្នន័យ និងកម្មវិធី IoT សម្រាប់វិស័យឧស្សាហកម្ម ធានារ៉ាប់រងនិងយានយន្ត ហើយសម្រាប់ក្រុមហ៊ុន ដែលប្រើប្រាស់កងនាវា រួមទាំងនាវាធំៗ។
ក្រុមហ៊ុន មាននៅប្រទេសអូស្រ្តាលី និងមានប្រតិ្តបត្តិការ ក្នុងប្រទេសចំនួន ៥ រួមមាន ប្រទេសថៃ មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី។បច្ចុប្បន្ន ក្រុមហ៊ុន DRVR មាន យានយន្តរាប់ពាន់គ្រឿង ដែលកំពុងប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យារបស់ខ្លួន។
អតិថិជនសាជីវកម្ម របស់ក្រុមហ៊ុន DRVR មួយចំនួន រួមមាន ក្រុមហ៊ុន National Car Rental ក្រុមហ៊ុន Tokio Marine និងក្រុមហ៊ុន NinjaVan។ ប្រតិបត្តិការរបស់ ក្រុមហ៊ុន DRVR បច្ចុប្បន្នតំណាងអោយ យានយន្តច្រើនជាង៤ ម៉ឺនគ្រឿង ដែលមានសេវា ទិន្នន័យវិភាគ ។
ក្រុមហ៊ុន DRVR បានបង្កើតកម្មវិធី ដំណោះស្រាយ ដែលភ្ជាប់យានយន្តជាមួយ ប្រព័ន្ធអីុនធឺណិត ដោយប្រើប្រាស់កម្មវិធី IoT និងទិន្នន័យយានយន្តរ បស់អ្នកបើកបរ។ ទិន្នន័យទាំងនេះនឹងត្រូវបាន ប្រព័ន្ធកុំព្យូទ័រយកមកវិភាគ និងប្រែក្លាយទៅជាចំណេះដឹង ដែលអាចប្រើប្រាស់បាន។ លើសពីនេះទៀត ក្រុមហ៊ុន DRVR បានបង្កើតដំណោះស្រាយ ដ៏ពិសេសមួយ ដែលផ្តោតលើការសើុបរកគ្រោះថ្នាក់ និងត្រួតពិនិត្យអាកប្បកិរិយា បើកបររបស់អ្នកជិះម៉ូតូ។
លោក Charles Cheo អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន Forte Insurance ដែលបានចូលរួម ជាមួយមូលនិធិ SADIF បានបន្ថែមថា៖«ការវិភាគទិន្នន័យ គឺជាកត្តាដ៏សំខាន់មួយសម្រាប់ ផលិតផល ដែលប្រើប្រាស់នឹងពឹងពាក់លើទិន្នន័យ និងនិតិវិធីទាមទារ សំណងធានារ៉ាប់រង ប្រកបដោយប្រសិទ្ធភាព នៅក្នុងវិស័យធានារ៉ាប់រង។
ដោយបូកបញ្ចូល បច្ចេកវិទ្យាឌីជីថលទៅក្នុង របៀបយើងធ្វើការ យើងផ្តល់សិទ្ធិអំណាច ដល់អតិថិជនរបស់យើង តាមរយៈបច្ចេកវិទ្យា និងអនុញ្ញាតឱ្យផ្លាស់ប្ដូរ ឆាប់រហ័សដោយប្រើប្រាស់ទិន្នន័យ។ ដូចនោះ ក្រុមហ៊ុន Forte ទន្ទឹងរងចាំធ្វើការជាមួយក្រុមហ៊ុន DRVR ដើម្បីអនុវត្តដំណោះស្រាយ សម្រាប់អតិថិជន និងទីផ្សាររបស់យើង។»
នៅក្នុងដំណាក់កាល នៃការបញ្ចូលប្រាក់មូលធននេះ មូលនិធិ SADIF កំពុងធ្វើសហវិនិយោគ រួមគ្នាជាមួយ ក្រុមហ៊ុន វិនិយោគនៅអាស៊ី ដ៏ល្បីឈ្មោះមួយ និងក្រុមហ៊ុន Australian Angel Investment Group ដែលមាន បទពិសោធន៍។
ស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន DRVR លោក David Henderson បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន DRVR មានសេចក្តីសោមនស្សរីករាយ ដែលបានទទួលវិនិយោគនេះ និងបង្កើតភាពជាដៃគូ យុទ្ធសាស្រ្តជាមួយមូលនិធិ SADIF។ យើងទន្ទឹងរង់ចាំ ផ្តល់ដំណោះស្រាយរួមគ្នានូវ ប្រព័ន្ធដំណោះស្រាយ តេឡេមាទិច (Telematics) ចល័តដំបូងបង្អស់ ជាមួយក្រុមហ៊ុនForte និងក្រុមហ៊ុន Smart Axiata។ ការវិនិយោគ និងភាពជាដៃគូ យុទ្ធសាស្រ្តរបស់យើង ជាមួយក្រុមហ៊ុន Forte នឹងអនុញ្ញាតឱ្យយើងពង្រីកសេវាកម្ម និងប្រតិបត្តិការ របស់យើងចូលទៅក្នុងប្រទេសកម្ពុជា ស្របតាមផែនការ ពង្រីកក្នុងតំបន់របស់យើង។ យើងមើលឃើញ សក្តានុពលដ៏ធំធេង សម្រាប់ការរីកចម្រើន មិនត្រឹមតែនៅក្នុង ប្រទេសកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅទូទាំង តំបន់អាស៊ានផងដែរ។»
ក្រុមហ៊ុន DRVR ក៏ទទួលបានពានរង្វាន់ ជាក្រុមហ៊ុនល្អបំផុត ផ្នែក Best IoT Startup ក្នុងពិធី Rice Bowl អាស៊ាន (ASEAN Rice Bowl) ប្រទេសថៃ ឆ្នាំ ២០១៨ និងពានរង្វាន់ ក្រុមហ៊ុនទើបបង្កើតថ្មីល្អបំផុង នៅប្រទេសថៃ (Best New Company at King Power Thailand) នៅឆ្នាំ ២០១៩៕