អត្ថបទ

ប្រជាពលរដ្ឋ កម្ពុជា កោតសរសើរ ដល់ពលរដ្ឋគំរូ

ភ្នំពេញ៖ ការចំណាយ ពេលវេលាផ្ទាល់ខ្លួន លើការសម្រួលចរាចរណ៍ ដើម្បីកាត់បន្ថយការកកស្ទះ ការប្រើថវិកាផ្ទាល់ខ្លួន ដើម្បីទិញសៀវភៅ សម្រាប់សិស្ស និងការគាំទ្រកុមារកំព្រា និងមនុស្សចាស់ គឺគ្រាន់តែជាអំពើល្អមួយចំនួន ដែលប្រជាពលរដ្ឋកម្ពុជា ជាច្រើនធ្វើសម្រាប់មិត្តភក្តិ និងអ្នកជិតខាងរបស់ពួកគេ និងសម្រាប់ប្រជាពលរដ្ឋ ផ្សេងទៀតក្នុងប្រទេស ។

នៅក្នុង ការស្ទង់មតិ ក្រៅផ្លូវការមួយ ដែលធ្វើឡើងនៅតាមដងផ្លូវ ក្នុងរាជធានីភ្នំពេញ ដោយអ្នករៀបចំកម្មវិធី ពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០ ប្រជាពលរដ្ឋកម្ពុជា បានកោតសរសើរ ដល់អ្នកដែលពួកគេបានស្គាល់ ដែលបានធ្វើអំពើល្អជាប្រចាំ។

លោក ទឹម ម៉ន អាយុ ៤៨ឆ្នាំ ដែលជាប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ បានថ្លែងថា៖ “ខ្ញុំចង់ឱ្យលោក សួស សារិន ចៅសង្កាត់បឹងទំពន់ទី១ ប្រកួតប្រជែង នៅកម្មវិធី ពានរង្វាន់ពលរដ្ឋគំរូ Smart”។

លោកបានបន្ថែមថា៖ “ម៉ោង ៥ យើងចប់ម៉ោងរដ្ឋបាល គាត់អត់ទៅផ្ទះទេ គាត់នៅចាំនៅសង្កាត់។ គាត់ឱ្យកម្លាំងប្រជាការពារ មកកែងវត្ត មកលើថ្នល់។ កាលណាដឹងថា ផ្លូវស្ទះហើយ គាត់បញ្ជាកម្លាំង ចេញពីសង្កាត់មកជួយ ហើយគាត់អត់ទៅផ្ទះទេ គាត់ធ្វើតាំងពីម៉ោង ៥ ចប់ហើយតសកម្មភាព និងធ្វើជុំវិញវត្ត លើថ្នល់ ២៧១ មុខពេទ្យរុស្ស៊ី ហើយគ្មានកម្រៃ គ្មានអ្នកណាជូនស្អីមកពីណាទេ គឺគាត់មានទឹកចិត្ត ជួយប្រជាពលរដ្ឋគាត់”។

ប្រជាពលរដ្ឋម្នាក់ទៀត គឺលោក លឹម សុខផេង អាយុ ៣៣ ឆ្នាំ មកពីខេត្តកណ្តាល បានកោតសរសើរ ដល់នាយកសាលាម្នាក់ នៅខេត្តកណ្តាល។

លោក លឹម សុខផេង៖ “ខ្ញុំធ្លាប់ស្គាល់ម្នាក់។ គាត់ជានាយកសាលា នៅភូមិក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ ការជួយរបស់គាត់ នៅសាលាហ្នឹងដូចជាពាក់ព័ន្ធ ជាមួយសិស្សក្រីក្រ ដែលអត់មានសម្ភារៈសិក្សា គ្រប់គ្រាន់ គាត់ជួយជាថវិកា ឬគាត់ទិញជាសម្ភារៈ សិក្សាឱ្យសិស្ស”។

លោកបន្តថា៖ “សម្រាប់មាតាបិតាសិស្ស ដែលខ្វះខាត ឧទាហរណ៍ថាគាត់ស្លាប់។ អញ្ចឹង គាត់មានថវិកា ឬរៃអង្គាសនៅក្នុងសាលា ដើម្បីជួយដល់សិស្សហ្នឹង។ គាត់ជួយជាកម្លាំងចិត្ត ដល់សិស្សកុំឱ្យ ដូចថា ឪពុកម្តាយគ្នាស្លាប់ចឹងទៅ វាអាចនឹងចង់ បោះបង់ការសិក្សា។ គាត់ជួយពន្យល់សិស្ស ហើយជួយជាថវិកា។ បើសិស្សអត់មាន មធ្យោបាយធ្វើដំណើរ គាត់ទិញជាកង់ឱ្យ បើទោះជាគាត់អត់មានថវិកា គ្រប់គ្រាន់ក្តី គាត់អាចរៃអង្គាស ពីក្នុងសហគមន៍ ដើម្បីជួយដល់សិស្ស”។

អ្នកស្រី សិទ្ធិ ស្រីទៀង ជាប្រជាពលរដ្ឋរស់នៅ ក្នុងរាជធានីភ្នំពេញ បានកោតសរសើរ ដល់ព្រះសង្ឃមួយអង្គ ដែលចំណាយពេលវេលា របស់ព្រះអង្គក្នុងការ ជួយយកអាសារ ដល់កុមារកំព្រា និងមនុស្សចាស់។

អ្នកស្រីបានថ្លែងថា៖ “ខ្ញុំស្គាល់លោកមួយអង្គ។ លោកគង់នៅវត្តភ្នំពេញថ្មី លោកព្រះនាម យី ហាក់។ លោកតែជួយចាស់ជរា ក្មេងកំព្រា ជនក្រីក្រ។ លោកមានព្រះទ័យទុកដាក់ ជាមួយអ្នកក្រ។ លោកតែងយកអាសារ ជាមួយអ្នកក្រច្រើន។ ចិត្តខ្ញុំចង់ឱ្យលោក ចូលប្រកួតដែរ តែមិនដឹងថា លោកទៅអត់”។

ក្នុងរយៈពេលបួនខែខាងមុខ ក្រុមហ៊ុន Smart Axiata មានបំណងស្វែងរក ពលរដ្ឋកម្ពុជា ដែលបានធ្វើសកម្មភាពល្អៗ ក្នុងការជួយ ប្រទេសជាតិ អ្នកជិតខាង ភូមិ ឬខេត្តរបស់ពួកគេ។ កម្មវិធីដែលមានឈ្មោះថា ពានរង្វាន់ពលរដ្ឋគំរូ Smart គឺជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលមានគោលបំណងលើកស្ទួយ សាមគ្គីភាពរវាងប្រជាពលរដ្ឋកម្ពុជា ទាំងអស់នៅទូទាំងប្រទេស។

ក្រុមហ៊ុន Smart Axiata សូមអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមជ្រើសតាំង អ្នកដែលបានធ្វើអំពើល្អៗ ជាច្រើនសម្រាប់មិត្តភក្តិ និងអ្នកជិតខាងរបស់ពួកគេ ព្រមទាំងសម្រាប់ប្រជាពលរដ្ឋ កម្ពុជាផ្សេងទៀត។

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានលើកឡើងថា៖ “យើងពិតជាសង្ឃឹមថា ពលរដ្ឋគំរូណាម្នាក់ នឹងត្រូវបានទទួលស្គាល់ សម្រាប់ទង្វើដ៏ល្អ ដែលគេបានធ្វើឡើង ក្នុងការជួយអ្នកដទៃ”។

ក្នុងនាមជាអ្នករៀបចំកម្មវិធី ពានរង្វាន់នេះ ក្រុមហ៊ុន Smart Axiata រំពឹងថា ប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់ នឹងជ្រើសតាំងអ្នកណាម្នាក់ ដែលបានធ្វើអំពើល្អ ដែលការជ្រើសតាំងនេះ អាចធ្វើឡើងតាមរយៈគេហទំព័រ https://bit.ly/3lZwpVl

អ្នករបៀបចំកម្មវិធី គ្រោងនឹងជ្រើសរើស បេក្ខជន១០នាក់ ដែលពួកគេនឹងមានវត្តមាន នៅក្នុងពិធីប្រគល់ពានរង្វាន់។ ជ័យលាភី ពលរដ្ឋល្អនឹង ត្រូវបានជ្រើសរើស ដោយគណៈកម្មការមួយ ដែលមានសមាសភាពបីរូប ដើម្បីឈ្នះទឹកប្រាក់ ១ម៉ឺនដុល្លារ។ ឈ្មោះរបស់គណៈកម្មការ នឹងត្រូវបានប្រកាស នៅដើមឆ្នាំ២០២១។
អ្នកជ្រើសតាំង មានពេលរហូតដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ដើម្បីជ្រើសតាំង អ្នកដែលពួកគេគិតថា ជាពលរដ្ឋគំរូរបស់ខ្លួន។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

To Top