ភ្នំពេញ៖ ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុន បច្ចេកវិទ្យាហិរញ្ញវត្ថុ ធំបផុតមួយនៅកម្ពុជា កំពុងជួយឧបត្ថម្ភ ដល់កម្មវិធីពិភាក្សា TEDxRUPP ក្រោមប្រធានបទ “កំណប់កំបាំងភ្នែក” (Significance of the Insignificance”)។
ព្រឹត្តិការណ៍នេះ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២០ខាងមុខនេះ រៀបចំដោយមាន ការសហការពីសកល វិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។ ក្នុងនោះមានការចូលរួម ពីវារគ្មិននានា រួមមានលោក Scott Neeson ស្ថាបនិករបស់អង្គការ មូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) អ្នកស្រី យឹម សុធារី អ្នកចិត្តវិទ្យាដ៏ល្បីឈ្មោះ និងជាទីប្រឹក្សាផ្នែកជម្លោះ និងសន្តិភាព និងលោក កែវ សុធា សហមេធាវីនៃសាលាក្ដីខ្មែរក្រហម ។
ក្នុងនោះក៏មាន វារគ្មិន ចំនួន ៦ រូបផ្សេងទៀតផងដែរ។ វារគ្មិនទាំង ៩ រូប នឹងជជែកពិភាក្សា លើប្រធានបទ ដែលមានចំណងជើងថា “កំណប់កំបាំងភ្នែក” ។
លោកស្រី ឃួន ហ្វ្រង់ដារា ប្រធាននាយកយុទ្ធសាស្ត្រ របស់ក្រុមហ៊ុនទ្រូម៉ាន់នី កម្ពុជាលើកឡើងថា៖ “កម្មវិធីនេះជាកម្មវិធីមួយ ដើម្បីអបអរដល់ដំណាច់ឆ្នាំនេះ ហើយដូច្នេះ ក្រុមហ៊ុន ទ្រូម៉ាន់នី មានសេចក្ដីរីករាយ ក្នុងការជួយឧបត្ថម្ភ ដល់កម្មវិធី TEDxRUPP សម្រាប់កិច្ចពិភាក្សា លើប្រធានបទដ៏ពិសេសនេះ” ។
លោកស្រីបានបន្ថែមថា៖ “ក្រុមហ៊ុនទ្រូម៉ាន់នី តែងតែព្យាយាម ‘ដើរតួសំខាន់’ គ្រប់កិច្ចការដែលយើងធ្វើ រាប់ចាប់តាំងពីការគាំទ្រ ដល់ការងារបរិយាប័ន្នហិរញ្ញវត្ថុ រហូតដល់ការដើរតួនាទីឈានមុខគេ ក្នុងការដាក់ចេញនូវ បច្ចេកវិទ្យាហិរញ្ញវត្ថុ មុនគេផងដែរ”។
ព្រឹត្តិការណ៍ TEDxRUPP នេះត្រូវបានរំពឹងថា នឹងមានអ្នកទស្សនា តាមអនឡាញ ប្រមាណ ២០០ ទៅ ៣០០ នាក់។ ទន្ទឹមនឹងនេះដែរ ក៏មានអ្នកមកទស្សនាផ្ទាល់ ក្នុងចំនួនមានកំណត់ផងដែរ នៅអគារ The Desk Flagship ស្ថិតក្នុងខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកស្រី ឃួន ហ្វ្រង់ដារា បន្ថែមថា៖ “យើងតែងតែមានក្ដីរីករាយ ក្នុងការគាំទ្រ ដល់កម្មវិធី TEDxRUPP។ ស្រដៀងគ្នានឹងមោទនភាព របស់កម្មវិធី TEDxRUPP ដែរ ក្រុមហ៊ុនទ្រូម៉ាន់នី មានមោទនភាព ដែលតែងតែនាំមកនូវ គំនិតផ្ដួចផ្ដើមថ្មីៗ សម្រាប់ទីផ្សារដែលផ្ដោត ជាពិសេសលើយុវជនបច្ចុប្បន្ន” ។
ចាប់តាំងពីក្រុមហ៊ុន បានផ្ដើមប្រតិបត្តិការរបស់ខ្លួន នៅកម្ពុជា ក្នុងឆ្នាំ២០១៦មក ទ្រូម៉ាន់នី បានបង្កើតបណ្ដាញ ភ្នាក់ងារធំជាងគេបង្អស់ ក្នុងវិស័យបច្ចេកវិទ្យា ហិរញ្ញវត្ថុនៅកម្ពុជា។ ទ្រូម៉ាន់នី បានឲ្យដឹង ថា ក្រុមហ៊ុនមានបណ្ដាញ ភ្នាក់ងារជាង ១ ម៉ឺននាក់ រង់ចាំ ផ្ដល់សេវាកម្មទាក់ទង នឹងហិរញ្ញវត្ថុ នៅគ្រប់ ទីកន្លែងទាំងអស់ នៅកម្ពុជា ដែលមិនទាន់មាន សេវាធនាគារនៅឡើយ។
ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារសរុប ចំនួនជាង ៦ម៉ឺន ៥ពាន់ ភ្នាក់ងារ ដែលកំពុងបម្រើសេវាកម្ម ជូនដល់អតិថិជនចំនួន ៤០ លាន នាក់ នៅក្នុងប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏មានការគាំទ្រ ផ្នែកបច្ចេកទេស ពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន អាលីបាបា ផងដែរ សម្រាប់ជួយផ្គត់ផ្គង់ នូវសេវាកម្ម និងបច្ចេកវិទ្យា ហិរញ្ញវត្ថុទំនើបៗ ដ៏មាន សុវត្ថិភាពខ្ពស់។
នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រង របស់ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការ របស់ក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុ Ant Financial របស់ អាលីបាបា៕